បាល់ទាត់ពិភពលោក៖ ស្វីស​ឈ្នះ​ស៊ែរប៊ី ដោយ​សារ​កីឡាករ​មក​ពី​កូសូវ៉ូ

បន្ទាប់ពីត្រូវបាននាំមុខ នៅពាក់កណ្ដាលម៉ោងដំបូង ក្រុមជម្រើសជាតិស្វីស បានយកឈ្នះក្រុម ស៊ែរប៊ី វិញ នៅពាក់កណ្ដាលម៉ោងទី២ ដោយសារថ្វីជើង របស់កីឡាករពីររូប ដែលមានដើមកំណើតពីរដ្ឋ កូសូវ៉ូ (ដែនដីស្ថិតនៅ ភាគខាងត្បូងប្រទេសស៊ែរប៊ី) គឺកីឡាករ «Granit Xhaka» និង «Xherdan Shaqiri»។ ក្រុម ស្វីស បានភ្ជាប់ខ្លួន ជាមួយក្រុម ប្រេស៊ីល ឈរនៅចំណាត់ថ្នាក់លើបំផុត នៃពូល E និងពោរពេញដោយក្ដីសង្ឃឹម ក្នុងការឆ្លងវគ្គ។
បាល់ទាត់ពិភពលោក៖ ស្វីស​ឈ្នះ​ស៊ែរប៊ី ដោយ​សារ​កីឡាករ​មក​ពី​កូសូវ៉ូ
កីឡាករ «Xherdan Shaqiri» បុរសខ្លាំងស្វីស ដែលបានផ្លាស់ប្ដូរលទ្ធផល នៃការប្រកួត ស៊ែរប៊ី - ស្វីស។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២២ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 23, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមជម្រើសជាតិ ស៊ែរប៊ី ដែលរកបានគ្រាប់បាល់ តាំងពីនាទីទី ៥ ដោយខ្សែប្រយុទ្ធស៊ែរប៊ីអាយុ ២៣ឆ្នាំ កីឡាករ «Mitrovic» នោះ បានគ្រប់គ្រងសាច់បាល់ នៅក្នុងពាក់កណ្ដាលម៉ោងដំបូង បើទោះជាក្រុមស្វីស បានខិតខំទប់ និងវាយបកត្រឡប់វិញម្ដងម្កាលក៏ដោយ។ ប៉ុន្តែ នៅពេលត្រឡប់ចូល មកវគ្គពាក់កណ្ដាលម៉ោងទីពីរវិញ ស្ថានភាពដាក់ក្រឡាទាត់ របស់ក្រុមស្វីស បានផ្លាស់ប្ដូរ ហើយលទ្ធផលនៃការប្រកួត ក៏បានផ្លាស់ប្ដូរដែរ។

នៅក្នុងការប្រកួត នាជុំដំបូង ក្រុមទាំងពីរ សុទ្ធតែបានបង្ហាញ ពីកម្លាំងប្រកួតបានល្អដូចគ្នា (ក្រុម ស្វីស បានប្រកួតស្មើក្រុម ប្រេស៊ីល ១-១ ខណៈក្រុម ស៊ែរប៊ី បានប្រកួតឈ្នះក្រុម កូស្ដារីកា ១-០) ដូច្នេះហើយ ការប្រកួតជុំទីពីរនេះ ក្រុមទាំងពីរនៅតែមានការការពារ និងការប្រយុទ្ធ ដែលពោរពេញដោយសក្ដានុពលដដែល និងប្រហាក់ប្រហែលគ្នា។ តែអ្វីដែលខុសគ្នា គឺក្រឡាទាត់ និងសន្ទុះ នៃការវាយលុក។ ចំណុចនេះហើយ ដែលក្រុមស៊ែរប៊ី បានឆ្លៀតឱកាស ​ដើម្បីរក​គ្រាប់បាល់​បានភ្លាម នៅពេល​ការប្រកួត បានចាប់ផ្ដើម​បាន​បន្តិច។

នៅពេលចូលមកពាក់កណ្ដាលម៉ោងទីពីរ ក្រុមស្វីសបានប្ដូរក្រឡាទាត់ ដោយដាក់កីឡករ «Xherdan Shaqiri» ដែលមានដើមកំណើត ពីរដ្ឋកូសូវ៉ូ ឲ្យនៅឈរជើងនៅខ្សែប្រយុទ្ធខាងមុខ និងអាចឈរជើង បានទាំងនៅស្លាបខាងស្ដាំ និងទាំងនៅចំកណ្ដាល។ ក្រឡាឈរជើងថ្មីនេះ បានជួយឲ្យក្រុម ស្វីស មានកម្លាំងខ្លាំង ក្នុងការវាយសន្ធាប់ ទៅលើក្រុម ស៊ែរប៊ី និងរកគ្រាប់បាល់បានស្មើមកវិញ នៅនាទីទី ៥២ ដោយគ្រាប់បាល់ ទាត់ពី២០ម៉ែត្រ ដែលមានល្បឿនដូចកាំជ្រួច របស់កីឡាករ «Granit Xhaka» ដែលមានដើមដំណើត ពីរដ្ឋកូសូវ៉ូ ដូចគ្នា។

ការប្រយុទ្ធ នៅបន្តទៅមុខទៀត ដោយក្រុម ស្វីស បានបង្កើតឱកាសជាច្រើន ដើម្បីរកគ្រាប់បាល់បន្ថែម។ តែក្រុម ស៊ែរប៊ី ក៏ខិតខំបង្កើនការវាយលុកតបវិញដែរ។ ប៉ុន្តែការវាយលុកខ្លាំង របស់ក្រុម ស៊ែរប៊ី បានបង្កចន្លោះដ៏ធំមួយ សម្រាប់ខ្សែការពារខ្លួន ហើយដែលបើកឱកាស ឲ្យកីឡាករស្វីស «Xherdan Shaqiri» - ដែលបានប្ដូរការឈរជើង មកនៅចំកណ្ដាលនោះ - ដណ្ដើមបាល់បាន និងបណ្ដើរទៅពញ៉ាក់អ្នកចាំទីស៊ែរប៊ី មុននឹងឆ្កឹះមួយជើង តាមចន្លោះជើង បញ្ជូនបាល់ចូលទៅក្នុងសំណាញ់ទី ស៊ែរប៊ី រកបានគ្រាប់បាល់មួយទៀត នៅនាទីទី៩០ ជិតចុងបញ្ចប់ នៃការប្រកួត។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ស៊ែរប៊ី និងក្រុម ស្វីស៖

ជ័យជំនះរបស់ក្រុម ស្វីស បានផ្ដល់បីពិន្ទុ (៤ពិន្ទុសរុប) ឲ្យក្រុមនេះ ទៅឈរក្នុងពូល E មួយលេខក្រោមក្រុម ប្រេស៊ីល ដែលបានប្រកួតឈ្នះ ក្រុម កូស្ដារីការ (២-០) កាលពីប៉ុន្មានម៉ោងមុន។ ទោះជាក្រុម កូស្ដារីកា ត្រូវបានផាត់ចេញ ពីព្រឹត្តិការណ៍ពិភពលោក ដោយសាររកមិនបាន មួយពិន្ទុនោះក៏ដោយ តែសម្រាប់ក្រុម​បីទៀត នៅក្នុងពូល E នៅមិនទាន់មានសំបុត្រពិតប្រាកដ ក្នុងការឆ្លង់វគ្គនៅឡើយ។

ការប្រកួតជុំចុងក្រោយ នឹងប្រព្រឹត្តិទៅ នៅថ្ងៃពុធសប្ដាហ៍ខាងមុខ នៅវេលាម៉ោងដូចគ្នា៖ ក្រុម ស៊ែរប៊ី ទល់នឹងក្រុម ប្រេស៊ីល ខណៈក្រុម ស្វីស ទល់នឹងក្រុម កូស្ដារីកា។ ហើយក្រុម ស៊ែរប៊ី ចាំបាត់ត្រូវយកឈ្នះក្រុម ប្រេស៊ីល ខណៈក្រុម ប្រេស៊ីល យកត្រឹមតែស្មើ ក៏បានឡើងវគ្គដែរ។ ចំពោះក្រុម ស្វីស វិញ នឹងបានឡើងវគ្គ បើខ្លួនបានប្រកួតឈ្នះ ក្រុម កូស្ដារីកា។ ផ្ទុយទៅវិញ បើបានទទួលលទ្ធផលស្មើនោះ ក្រុម ស្វីស ចាំបាច់ត្រូវឲ្យក្រុម ប្រេស៊ីល ប្រកួតឈ្នះក្រុម ស៊ែរប៊ី ដើម្បីខ្លួនបានឡើង ទៅវគ្គ១ភាគ៨៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...