បាល់ទាត់ពិភពលោក៖ អាហ្សង់ទីន រងមួយព្រនង់ពី ក្រូអាស៊ី ០-៣
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២១ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 22, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមជម្រើសជាតិ អាហ្សង់ទីន កំពុងឈរនៅមាត់ជ្រោះមរណៈ បន្ទាប់ពីបានប្រកួតចាញ់យ៉ាងធ្ងន់ធ្ងរ នៅយប់ថ្ងៃព្រហស្បត្តិនេះ ទល់នឹងក្រុម ក្រូអាស៊ី ដែលទទួលបានសំបុត្រ ឡើងទៅវគ្គបន្ត (ឈ្នះទាំងពីរប្រកួត បាន៦ពិន្ទុ) ជាស្ថាពរ។ ជិតធ្លាក់ជ្រោះ ព្រោះក្រុម អាហ្សង់ទីន រកបានតែមួយពិន្ទុ ពីក្នុងចំណោមការប្រកួតទាំងពីរប៉ុណ្ណោះ។
គ្រាប់បាល់ទាំងបី របស់ក្រុម ក្រូអាស៊ី រកបាននៅនាទីទី ៥៣ ដោយកីឡាករ «Rebic» - នៅនាទីទី ៨០ ដោយកីឡាករ «Modric» មុននឹងបំបាក់ក្រុម អាហ្សង់ទីន ងើបមុខលែងរួច ដោយគ្រាប់ទីបី នៅនាទីទី ៩០+១ ដោយកីឡាករ «Rakitic»។
ផ្ទុយពីការទន្ទឹងរង់ចាំ របស់អ្នកស្នេហាកីឡាបាល់ទាត់ នៅជុំវិញពិភពលោកនោះ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដែលជាខ្សែប្រយុទ្ធដ៏ល្បី (កំពុងទាត់ឲ្យក្រុម បាសឺឡូន) កម្រិតពិភពលោក មិនបានបញ្ចេញសកម្មភាពអ្វី ដែលគួរឲ្យកត់សម្គាល់ នៅក្នុងការប្រកួតទេ។ រូបរាងកីឡាករ នៅក្នុងការប្រកួត ប្រៀបបាននឹងស្រមោលមួយ ដែលមិនសូវទទួលបានបាល់ ពីកីឡាកររួមក្រុម ឬបើមិនដូច្នេះទេ កំពូលកីឡាករត្រូវបានខ្សែការពារ ក្រូអាស៊ី ចាប់ជាប់ជានិច្ច នៅពេលបញ្ជូនបាល់ មកដល់ជិតទីរបស់ ក្រូអាស៊ី។
រឿងដែលសំខាន់មួយទៀត ដែលធ្វើឲ្យក្រុម អាហ្សង់ទីន ចាញ់ធ្ងន់ធ្ងរនោះ គឺកំហុសដែលមិនអាចជួសជុលបាន របស់អ្នកចាំទី អាហ្សង់ទីន កីឡាករ «Caballero»។ គ្រាប់បាល់ដំបូងរបស់ ក្រូអាស៊ី បណ្ដាលមកពីការទាត់ចេញ របស់កីឡាករចាំទីរូបនេះ ទៅចំជើង របស់ខ្សែប្រយុទ្ធ ក្រូអាស៊ី កីឡាករ «Rebic» ដែលគ្រាន់តែបង្ហើយ ក្នុងការទាត់ត្រឡប់មកវិញ ដើម្បីបំប៉ោងទីក្រុម អាហ្សង់ទីន ប៉ុណ្ណោះ។ សម្រាប់គ្រាប់បាល់ទីពីរ របស់ក្រូអាស៊ី ក៏អាចចាត់ទុក ថាជាកង្វះប្រសិទ្ធភាព របស់អ្នកចាំទី អាហ្សង់ទីន ដែ។ ដោយហេតុថា គ្រាប់បាល់របស់កីឡាករ «Modric» មួយនេះ ជាគ្រាប់បាល់ ដែលទាត់ពីចំងាយ។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អាហ្សង់ទីន និងក្រុម ក្រូអាស៊ី៖
ជ័យជំនះដ៏ត្រចះត្រចង់ បានផ្ដល់៣ពិន្ទុ ឲ្យក្រុម ក្រូអាស៊ី ក្នុងការឡើងមកឈរ នៅចំណាត់ថ្នាក់កំពូល នៃពូល D និងទទួលបានសំបុត្រ ឡើងទៅវគ្គ ១ភាគ៨ ជាស្ថាពរហើយ។ ប៉ុន្តែចំណាត់ចុងក្រោយ ដែលចេញពីការប្រកួតជុំទីពីរ នឹងឲ្យដឹងជាផ្លូវការ បន្ទាប់ពីលទ្ធផល នៃការប្រកួតរវាងក្រុម នីហ្សេរីយ៉ា និងក្រុម អ៊ីស្លង់ នៅរសៀលស្អែក៕