អ៊ីតាលី ឈ្នះអង់គ្លេស (២-១) យ៉ាងពិបាក ព្រោះសីតុណ្ហភាពក្ដៅខ្លាំង
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៥ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 15, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមជម្រើសជាតិបាល់ទាត់អ៊ីតាលី បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងស្ថានភាពយ៉ាងពិបាកមួយ ជាពិសេសជាមួយនឹងសីតុណ្ហភាពយ៉ាងក្ដៅ នៃតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ការប្រយុទ្ធយ៉ាងប្ដូរផ្ដាច់ នៅតែកើតមាន រវាងក្រុមទាំងពីរនោះដែរ រាប់ទាំងបច្ចេកទេស ល្បឿនរត់ និងការទាត់បញ្ចូលទីដ៏គួរឲ្យចាប់អារម្មណ៍។
ការប្រើក្បាលរបស់ ម៉ារីយូ បាឡូតេលី បុកបាល់បញ្ចូលទីអង់គ្លេស។ (រូបថត fifa)
បាល់ទាត់ពិភពលោក - បើទោះជាអ៊ីតាលីមានភាពប្រាកដនិយមច្រើនជាង ក្នុងការទាត់បញ្ចូលទីក៏ដោយ តែសម្រាប់អង់គ្លេសវិញ វានៅតែជាបរាជ័យ ដែលពួកគេមិនទាន់អស់ចិត្តឡើយ។ បើនិយាយពីសាច់បាល់វិញ ក្រុមអង់គ្លេសមានការគ្រប់គ្រងបាល់បានច្រើនជាង និងបានព្យាយាមឲ្យមានការផ្លាស់ប្ដូរលទ្ធផលចុងក្រោយ ដោយបានបញ្ចេញសឹងតែទាំងអស់ នូវទេពកោសល្យទាំងប៉ុន្មានរបស់កីឡាករ ទាំងល្បឿនរត់ ការបញ្ជូនបាល់ពីចំងាយ និងការចល័តចុះឡើង រវាងកីឡាករខ្សែប្រយុទ្ធរបស់ខ្លួន។
យ៉ាងណាក៏ដោយ ក៏ការព្យាយាមរបស់ក្រុមអង់គ្លេស ដែលមានរយៈពេលច្រើននាទី មិនទទួលបានលទ្ធផលជាផ្លែផ្កាអ្វីឡើយ ដោយសារការទាត់បញ្ចូលទីជាច្រើនដងរបស់ក្រុមនេះ ត្រូវទប់ដោយខ្សែត្រៀមរឹងដូចជញ្ជាំងបេតុង របស់ខ្សែការពារ និងអ្នកចាំទីដ៏ប្រពៃ ដែលទើបនឹងមកជំនួសកំពូលអ្នកចាំទីច្រើនជំនាន់ ប៊ូហ្វុង របស់អ៊ីតាលី។
ជាមួយនឹងស្ថានភាពដ៏ពិបាកនេះ មកដល់វគ្គចុងបញ្ចប់នៃការប្រកួត គ្រប់កីឡាករទាំងសងខាងបានខះអស់កម្លាំង តែរៀងខ្លួន។ ប៉ុន្តែគឺក្រុមអ៊ីតាលីឯណោះទេ ដែលជាអ្នករៀបយុទ្ធសាស្ត្រ នៅក្នុងល័ក្ខខ័ណ្ឌបែបនេះ បានប្រសើរជាងក្រុមអង់គ្លេស។ បន្ទាប់ពីរកបានមួយគ្រាប់ទៀត ដោយការប្រើក្បាលរបស់ ម៉ារីយូ បាឡូតេលី (Mario Balotelli) បុកបាល់បញ្ចូលទីអង់គ្លេសបានរួច ក្រុមអ៊ីតាលីបានធ្វើការផ្លាស់ប្ដូកីឡាកររបស់ខ្លួន ដើម្បីធ្វើយ៉ាងណា «រក្សាបាល់នៅក្នុងជើងឲ្យបានច្រើន និងបង្កឲ្យក្រុមអង់គ្លេសរត់ កាន់តែច្រើន»។
កីឡាករ ម៉ារីយូ បាឡូតេលី បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅពេលបញ្ចប់ការប្រកួតថា៖ «ខ្ញុំសប្បាយចិត្តណាស់ ព្រោះវាជាគ្រាប់ដំបូងគេ នៅក្នុងការប្រកួតពិភពលោកនេះ ខ្ញុំឧទ្ទិសវាទៅឲ្យគ្រួសារខ្ញុំទាំងអស់។ ល័ក្ខខ័ណ្ឌឧត្តុនិយមនៅទីនេះ ពិបាកខ្លាំងណាស់ ជាអាកាសធាតុត្រូពិក វាអញ្ចឹងហើយ។ យើងនឹងមើលទៅតាមការប្រកួតលើកក្រោយៗទៀត។ តែឥឡូវនេះ យើងមានលក្ខណៈប្រសើរទាំងអស់គ្នា។»
ចំណែកគ្រូបង្វឹងរបស់អ៊ីតាលីវិញ លោក សេសា ប្រេនដឺលី (Cesare Prandelli) បានទទួលស្គាល់ថា ក្រុមកីឡាករអ៊ីតាលីរបស់លោក បានដង្ហក់នៅចំពោះសីតុណ្ហភាពដ៏ក្ដៅនេះ។ ប៉ុន្តែលោកបានថ្លែងទៀតថា «ក្រុមអង់គ្លេសរងគ្រោះនឹងសីតុណ្ហភាពនេះ ខ្លាំងជាងយើងទៅទៀត ដោយសារតែយើងបានហ្វឹកហាត់ ពីការធន់ទ្រាំនេះ កាលពីប៉ុន្មានថ្ងៃមុនរួចហើយ។ អ្វីដែលយើងសប្បាយចិត្តនោះ គឺការហ្វឹកហាត់នេះ ទទួលបានលទ្ធផលរបស់វាអញ្ចឹងមែន។»៕