អ៊ឺរ៉ូ២០១២៖ អង់ជឺឡា មែរគែល៖ «ជាការប្រកួតដ៏អស្ចារ្យមួយ»
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: June 24, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកស្រីទេសាភិបាល អាឡឺម៉ង់ បានវាយតំលៃ ការប្រកួតបាល់ទាត់ រវាងក្រុមជំរើសជាតិអាឡឺម៉ង់និងក្រិច កាលពី ថ្ងៃទី២២មិថុនា ថា «ជាការប្រកួតដ៏អស្ចារ្យមួយ» ខណៈដែលក្រុមបាល់ទាត់ របស់ប្រទេសអាឡឺម៉ង់ បានឈ្នះក្រុម បាល់ទាត់មកពីប្រទេសក្រិច ៤ទល់នឹង២នោះ។
>
លោកស្រី មែរគែល ជជែកជាមួយលោក មីស៊ែល ផ្លាទីនី នាយក UEFA។ Photo: uefa.com
មានវត្តមាន នៅលើវេទិកាភ្ញៀវកិត្តិយស ក្នុងឱកាសនៃការប្រកួតនោះ លោកស្រី អង់ជឺឡា មែរគែល (Angela Merkel) បានទទួលស្គាល់ថា «បានរន្ធត់ញាប់ញ័រ នៅពេលការប្រកួតបានចាប់ផ្ដើមដំបូង» ដោយសារ «ការរំភើបរំជួលចិត្ត» តែងតែ មានជានិច្ចជាកាល នៅពេលដែលបានមកទស្សនា ការជួបប្រកួតបែបនេះម្ដងៗ។
លោកស្រីបានបន្ដថា «តែបន្តិចក្រោយមក ខ្ញុំមានអារម្មណ៍ថា ក្រុមបាល់ទាត់របស់យើង ដូចជាកំពុងតែមានប្រៀបជាង។»
លោកស្រីបានងាកទៅនិយាយជាមួយនឹង ក្រុមកីឡាករជំរើសជាតិអាឡឺម៉ង់ថា «អបអរសារទេ! សូមបន្តរបៀបណ្នឹងតទៅ ទៀត...។» ក្រុមអាឡឺម៉ង់ ដែលនឹងត្រូវទៅជួបជាមួយនឹង អង់គ្លេសឬអ៊ីតាលី នៅវគ្គ ១ភាគ២ផ្ដាច់ព្រ័ត្រ។
សូមបញ្ជាក់ជូនថា ប្រទេសអាឡឺម៉ង់បានបង្ហាញ នូវភាពម៉ឺងម៉ាត់របស់ខ្លួន នៅក្នុងដំណោះស្រាយ វិបត្តិប្រាក់បំណុល សាធារណៈ ដ៏មហាសាល របស់ប្រទេសក្រិចនោះ ហើយបានរុញច្រាន ទំនាក់ទំនងរវាងប្រទេសទាំងពីរ អោយធ្លាក់ក្នុង ភាពតឹងតែង មួយ។ នៅក្នុងបរិបទនយោបាយបែបនេះ គេបែជាសង្កេតឃើញ ពីទស្សនិកជនអ្នកមកតាមដាន បាល់ទាត់ នៅនឹងកន្លែង មានការគោរពគ្នាទៅវិញទៅមក ទាំងខាងអាឡឺម៉ង់ ទាំងខាងក្រិច ទៅវិញ។
ក្រុមកីឡាករ នៃប្រទេសទាំងពីរបានអះអាងបញ្ជាក់ ថាតាំងពីមុនការប្រកួតមកម្លេះ ពួកគេបានផ្ចង់អារម្មណ៍ តែនៅលើ «កិច្ចការកីឡា» តែប៉ុណ្ណោះ ហើយមិនបានយកបញ្ហា សេដ្ឋកិច្ច ឬនយោបាល មកប្រឡូកប្រឡាក់ជាមួយនោះទេ៕
លោកស្រី មែរគែល លោតឡើងនៅពេលអាឡឺម៉ង់ស៊ុតចូលទីរបស់ក្រិច។ Photo: uefa.com
---------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង AFP