លប់ចោលជំនួបរវាងកូរ៉េទាំងពីរ៖ ព្យុងយ៉ាងចង្អុលដាក់សេអ៊ូល
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មិថុនា ២០១២
- កែប្រែចុងក្រោយ: June 13, 2013
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកនាំពាក្យគណកម្មាធិការកូរ៉េខាងជើង ស្តីពីកិច្ចការរួមរវាងប្រទេសទាំងពីរ បានថ្លែងឲ្យដឹងថា «ប្រទេសកូរ៉េខាងត្បូង មិនមានបំណងសូម្បីបន្តិច ក្នុងការបើកទ្វាទៅរកការជជែកគ្នា តាំងពីដំបូងទីមក»។
ដកស្រង់សម្ដីដោយភា្នក់ងារសារព័ត៌មានផ្លូវការ (KCNA) របស់ប្រទេសកុម្មុយនីស អ្នកនាំពាក្យបានបន្តថា «ប្រទេសនេះ បានត្រឹមតែបង្កើតនូវឧបសគ្គ ដើម្បីពន្យាពេលការជួបជជែកគ្នា រួចសម្រេចចេញនូវភាពឃ្លីងឃ្លោងមួយមិនច្បាស់លាស់»។ អ្នកនាំពាក្យរូបនេះ បានចោទទីក្រុងសេអ៊ូល ពី«អំពើអមិត្ត» និង«ការរំខានជាចំហរ» ដែលឈានទៅដល់ការលប់ចោល នូវគម្រោងចរចារទាំងនេះ។
«ចរិកឆ្មើងឆ្មៃ អវិជ្ជមាន និងប្រកបដោយការបង្កហេតុនេះ បានជម្រុញឲ្យយើងចោទសួរជាថ្មីម្ដងទៀត ពីលទ្ធភាពដើម្បីរក្សាការចរចារយ៉ាងម៉ឺងម៉ាត់ ពន្លឿនចំណងទាក់ទងឲ្យប្រសើរឡើង» អ្នកនាំពាក្យរូបនេះ បានបន្ថែម ដែលមើលទៅមានលក្ខណៈដដែលៗ ដូចនឹងសកម្មភាពរាល់ដងរបស់កូរ៉េខាងជើង។
សេចក្ដីថ្លែងការណ៍នេះ បានកើតឡើងក្រោយពីគម្រោងនៃការជួបគ្នាមួយកាលពីថ្ងៃពុធទី១២ខែមិថុនា ហើយបើតាមគម្រោងនោះ គណប្រតិភូរបស់ប្រទេសកូរ៉េខាងជើង នឹងត្រូវធ្វើដំណើរមកកាន់សណ្ឋាគារហ៊ីលតុន (Hilton) ដ៏ទំនើបមួយក្នុងរដ្ឋធានីនៃកូរ៉េខាងត្បូង ដើម្បីការជជែកគ្នាមួយដែលមានរយៈពេលពីរថ្ងៃ។ គម្រោងជជែកគ្នានេះ ជាគម្រោងជួបគ្នាថ្នាក់រដ្ឋមន្ត្រីលើកដំបូងមួយ ចាប់តាំងពី៦ឆ្នាំកន្លងមក។
ប៉ុន្តែការណាត់ជួបនេះ ត្រូវបានលប់ចោលទៅវិញ នៅយប់ថ្ងៃអង្គារទី១១ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់។ គេគ្រាន់តែដឹងថា វាត្រូវបានលើកពេល និងលប់ចោលតែប៉ុណ្ណោះ។
បើតាមអ្នកទទួលខុសត្រូវមួយរូបនៃរដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ប្រទេសទាំងពីមិនយល់ស្របគ្នា អំពីសមាសភាពនៃគណប្រតិភូតំណាងប្រទេសរៀងៗខ្លួន។ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ប្រធានដឹកនាំប្រតិភូរបស់កូរ៉េខាងត្បូង ធ្លាប់បាន«បង្កបញ្ហាឲ្យខ្លួន»។
ប្រទេសកូរ៉េខាងជើង បានទាមទារឲ្យមានអ្នកទទួលខុសត្រូវជាន់ខ្ពស់បំផុតមួយ ជៀសជាងនឹងអ្នកទទួលខុសត្រូវដែលទីក្រុងសេអ៊ូល បានជ្រើសរើសរួច ឲ្យធ្វើជាប្រធានប្រតិភូក្នុងការទៅចរចារ។ តែទីក្រុងសេអ៊ូល បានបញ្ជាក់ទៅវិញថា អនុរដ្ឋមន្ត្រីដែលទទួលបានការចាត់តាំងទៅនោះ មានជួរបន្ទាត់ស្មើនឹងអ្នកដឹកនាំប្រតិភូរបស់ប្រទេសកូរ៉េខាងជើងដែរ ដែលតាមធម្មតា ទីក្រុងព្យុងយ៉ាងត្រូវតែទទួលយក បើគេគិតតាមមាត្រាដ្ឋាននៃកិច្ចការទូតអន្តរជាតិនោះ។
បណ្ដាអ្នកវិភាគបានគិតថា ការលប់ចោលជាបន្ទាន់នូវការជជែកគ្នានេះ ឆ្លុះបញ្ចាំងពីភាពលំបាក នៃការចាប់ផ្ដើមភាពទុកចិត្តគ្នា នៅលើឧបទ្វីបកូរ៉េ ដែលបានបានបំបែកចេញជាពីរប្រទេស តាំងពី៦ទស្សវត្តន៍មកហើយ។ អ្នកជំនាញជាច្រើន បានបកស្រាយថា របបដឹកនាំរបស់ប្រទេសកូរ៉េខាងជើង ដែលជាប្រទេសកុម្មុយនីសក្រីក្រមួយ និងនៅឯកោជាងគេនៅក្នុងពិភពលោក ភ័យខ្លាចពីភាពផុយស្រួយក្នុងការកាន់អំណាចរបស់ខ្លួន។ ហេតុដូច្នេះហើយ ទើបប្រទេសនេះ មិនសូវជាចង់ផ្ដល់នូវការសម្រុះសម្រួលប៉ុន្មានទេ។
ការទន្ទឹងរងចាំទាំងឡាយ មិនមែនមានត្រឹមតែប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះនោះទេ តែសម្ព័ន្ធមិត្តរបស់ប្រទេសនេះ និងមហាអំណាចផ្សេងទៀតក្នុងតំបន់ ដូចយ៉ាងចិន និងជប៉ុនជាដើមនោះ បានសម្ដែងនូវអំណរសាទរយ៉ាងខ្លាំង នៅពេលដែលទីក្រុងព្យុងយ៉ាង បង្ហាញនូវបំណងចង់ជជែកពិភាក្សា នៅក្រោយភាពតានតឺងប៉ុន្មានខែចុងក្រោយនេះ ដែលគ្រប់គ្នាបារម្ភនឹងការផ្ទុះសង្គ្រាមក្នុងឧបទ្វីបផងនោះ៕