ក្រុង​ព្យុងយ៉ាង នឹង​មាន​សារជាតិ​«ព្លុយតូនីញ៉ូម»​ជា​ថ្មី​ទៀត?

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ដើម្បីធ្វើការវាយតម្លៃ ទៅលើការគម្រាមនានា នៅលើពិភពលោក អ្នក​សម្រប​សម្រួល​ផ្នែក​ចារកម្ម ទាំង១៧ស្ថាប័នរបស់អាមេរិក បានអះអាងថា ប្រទេសកូរ៉េខាងជើង នឹងមានលទ្ធភាព រក្សា​ទុក​នូវ​សារជាតិ ព្លុយតូនីញ៉ូម នៅក្នុងពេលខាងមុខនេះ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១១ កុម្ភៈ ២០១៦
  • កែប្រែចុងក្រោយ: February 11, 2016
  • ប្រធានបទ: កូរ៉េខាងជើង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសកូរ៉េខាងជើង កំពុងពង្រីកលទ្ធភាពជាថ្មីរបស់ខ្លួន ដើម្បីបង្កើតសារជាតិ ព្លុយតូនីញ៉ូ នៅក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ «Yongbyon» ហើយនឹងអាចរក្សាទុកសារជាតិនេះ នៅក្នុងប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានខែដ៏ខ្លី នា​ពេល​ខាង​មុខ។ នេះបើតាមការអះអាង របស់អ្នកសម្របសម្រួល ផ្នែកចារកម្មរបស់អាមេរិក លោក ជេម ក្លាផើរ (James Clapper)។

លោក ក្លាផើរ បានថ្លែងដូច្នេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោក ដែលលើកឡើងពីការគម្រាមធំៗនានា នៅក្នុងពិភពលោក ហើយបានចេញផ្សាយ កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ។ លោកបានពន្យល់ ក្នុង​របាយការណ៍​ថា៖ «យើងបានរំពឹងថា ប្រទេសកូរ៉េខាងជើង បានដាក់ឲ្យដំណើរការ នូវម៉ាស៊ីន​ប្រតិកម្ម​ដែល​មាន​រយៈ​ពេល​វែង​មួយ ដើម្បីមានលទ្ធភាពបង្កើត នូវសារជាតិ ព្លុយតូនីញ៉ូម ពីពេលនេះទៅប៉ុន្មានសប្ដាហ៍ ឬប៉ុន្មាន​ខែ​ខាង​មុខ»។

របាយការណ៍បានសរសេរដែរថា៖ «ទីក្រុងព្យុងយ៉ាង បានសម្រេចចិត្ត ក្នុងការផលិតកាំជ្រួចនុយក្លេអ៊ែរ រយៈ​ឆ្ងាយ​មួយ ដែលមានលទ្ធភាព បាញ់ទៅដល់ទឹកដីអាមេរិក»។ លោក ក្លាផើរ បានបញ្ជាក់ទៀតថា ប្រទេស​កុម្មុយនីស បានបង្ហាញជាសាធារណៈ នូវកាំជ្រួចធុន «KN08» ប៉ុន្តែកាំជ្រួចនេះ មិនត្រូវបានបាញ់ បង្ហោះ​សាក​ល្បង​នៅ​ឡើយ។

សូមជម្រាបជូនថា លោក ជេម ក្លាផើ ជាអ្នកសម្របសម្រួល ទៅលើភ្នាក់ងារចារកម្មចំនួន១៧ស្ថាប័ន មាន​ដូច​ជា CIA,  NSA ឬ DIA (​ចារកម្មយោធាអាមេរិក) ជាដើម។ លោកក៏ជាទីប្រឹក្សាដ៏សំខាន់មួយរូប របស់​ប្រធានាធិបតី​​អាមេរិក ក្នុងវិស័យព័តមានសំងាត់នោះដែរ។

បាញ់កាំជ្រួចអាវកាស...

ប្រទេសកូរ៉េខាងជើង បានបាញ់កាំជ្រួមួយទៀត កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដែលប្រទេសហៅថា ជាកាំជ្រួច​អាវកាស ដើម្បីដាក់ពង្រាយ​ប្រព័ន្ធ​ផ្កាយ​រណប​ឃ្លាំមើលផែនដី និងមានគោលបំណង បម្រើឲ្យវិស័យ​«វិទ្យាសាស្ត្រ»​​របស់ខ្លួន តែប៉ុណ្ណោះ។ ការបាញ់កាំជ្រួចនេះ ជាសកម្មភាពថ្មីមួយទៀត ប៉ុន្ទាប់ពីរបបកុម្មុយនីស បាន​បាញ់​សាក​ល្បង​កាំជ្រួច​នុយក្លេអ៊ែ ប្រភេទ«H (អក្សរកាត់ មកពីពាក្យ Hydrogène)» កាលពីថ្ងៃទី៦ ខែមករា​កន្លង​មក។

ប៉ុន្តែសម្រាប់សហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ មិនបានគិតថា កាជ្រួច​ដែល​បាញ់​កាល​ពី​ថ្ងៃ​អាទិត្យ គឺជាកាំជ្រួចអាវកាសនោះទេ ហើយបានចោទប្រទេសកូរ៉េខាងជើង ថាបានរំលោភយ៉ាងធ្ងន់ធ្ងរ ទៅ​លើ​ដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ។ នៅក្នុងកិច្ចប្រជុំជាបន្ទាន់ កាលពីរសៀល​ថ្ងៃអាទិត្យ (ថ្ងៃ​តែ​មួយ នៃ​ការបាញ់កាំជ្រួច របស់របបកុម្មុយនីស) ក្រុមប្រឹក្សាសន្តិសុខ របស់អ.ស.ប បានអះអាងថា នឹងបន្ថែម​ទណ្ឌកម្ម​ទៅ​លើ​ប្រទេសនេះ ដែលកំពុងរងនូវទណ្ឌកម្មរួចហើយ ពីអន្តរជាតិ។

សហគមន៍អន្តរជាតិ ជាពិសេសបណ្ដាប្រទេស ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បានចាត់ទុកការបាញ់កាំជ្រួច របស់ប្រទេសកូរ៉េខាងជើងនោះ ថាជាជំហានមួយថ្មី ដើម្បីឈានទៅពង្រឹកសមត្ថភាព នៃកម្លាំង​អាវុធ​របស់​ប្រទេស​នេះ ក្នុងការវាយប្រហារ ទៅលើទឹកដីអាមេរិក។ យ៉ាងណាក៏ដោយ មន្ទីរប៉ង់តាហ្គោន (Pentagone - ក្រសួង​ការពារ​ជាតិ​អាមេរិក) បានប្រកាសឲ្យដឹងថា ខ្លួនមានបំណង ចង់ដាក់ពង្រាយ​ឲ្យបានឆាប់បំផុត នូវ​ប្រព័ន្ធ​ប្រឆាំង​ម៉ីស៊ីល «THAAD» នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់នូវការវាយប្រហារ ជាយថាហេតុ​ណា​មួយ របស់​ប្រទេសកុម្មុយនីស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...