កូវែត៖ អាជ្ញាកណ្ដាលជូនមួយដៃ ថែមមួយជើងនិងកាតក្រហម៤ (VDO)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: October 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាកីឡាករស្លៀកពាក់ ឯកសណ្ឋានពណ៌ក្រហមក្រម៉ៅ (ខ្មៅ) ក៏នៅពេលនេះប្រែក្លាយជាពណ៌ក្រហមដោយមិនចាំបាច់ លាបពណ៌ដែរ ព្រោះកំហឹងផ្ទុះដល់កម្រិត។ ជាការប្រកួតដណ្ដើមពានរង្វាន់ អេមៀរ (Emir) របស់ប្រទេសកូវេត (តំបង់ឈូងសមុទ្រពែទ្យ៍) រវាងក្រុម អាល់អារ៉ាបី (Al Arabi) និងអាល់ណាស្រ៍ (Al Nasr) ដែលបានប្រែក្លាយជាសង្គ្រាមដ៏ធំមួយ មុននឹងត្រឡប់មកដូចដើមវិញ។
សកម្មភាពប្រតាយប្រតប់គ្នារវាងកីឡាករ និងអាជ្ញាកណ្ដាល។ (រូបភាពថតចម្លងពីអេក្រង់វីដេអូ)
ទីក្រុងប៉ារីស - ហេតុការណ៍បានកើតឡើង នៅពេលដែលអាជ្ញាកណ្ដាលបានផ្លុំកញ្ចែរ ពិន័យបាល់នៅក្នុងតំបន់គ្រោះថ្នាក់ ខណៈពេលដែលការប្រកួតកំពុងឈាន ដល់ដំណាក់កាលតឹងតែងស្រាប់ (ក្រុមអាល់អារ៉ាបី អាវខៀវនាំមុខ៣គ្រាប់ទល់នឹង១)។ សម្រាប់ក្រុមឯកសណ្ឋានខ្មៅ ជាការផ្លុំកញ្ចែរដ៏អយុត្តិធម៌ ខណៈដែលកីឡាករគូរប្រជែង បានរុញឲ្យក្រុមខ្លួនដួលម្ដងមុន ហើយអាជ្ញាកណ្ដាលមិនបានពិន័យនោះទេ។
កំហុសបាល់លើកទីពីរនេះ បានធ្វើឲ្យអាជ្ញាកណ្ដាលមើលឃើញ ហើយផ្លុំកញ្ចែពិន័យ ប៉ុន្តែបានបង្កឲ្យមានរលកតវ៉ាយ៉ាងខ្លាំងមួយ ពីសំណាក់ក្រុមអាវខ្មៅ។ អាជ្ញាកណ្ដាលទំនងជាបានរងនូវការប្រមាថ ព្រមទាំងការគម្រាមសព្វបែបយ៉ាង ដែលជាមូលហេតុធ្វើឲ្យគាត់ព្រលែងមួយដៃ ចំកញ្ចប់មុខកីឡាករអាវខ្មៅម្នាក់ និងបន្តិចក្រោយមក ថែមមួយជើង កីឡាករអាវខ្មៅម្នាក់ទៀត។ ជាលទ្ធផល កាតក្រហមចំនួន៣ និងកាតលឿងមួយចំនួនទៀត ត្រូវបានចែកជូនដល់ក្រុម អាល់ណាស្រ៍ ហើយការប្រកួតត្រូវបានផ្អាកមួយសន្ទុះ។
ការប្រកួតបានចាប់ធ្វើបន្តទៀត។ ការទាត់បាល់ពិន័យ ក៏បានប្រព្រឹត្តទៅដូចការសម្រេចរបស់អាជ្ញាកណ្ដាលដែរ ដែលធ្វើឲ្យក្រុម អាល់អារ៉ាប៊ី ទទួលបានពិន្ទុ៤ទល់នឹង១។ តែនៅពេលដាក់ការប្រកួតពីខ្សែកណ្ដាលមកវិញ កីឡាករមួយរូបពីក្រុមអាវខ្មៅដដែល បានលេងមួយបាល់ចំកណ្ដាលមុខអាជ្ញាកណ្ដាលម្ដងទៀត ជាហេតុធ្វើឲ្យទទួលបានកាតក្រហមមួយទៀត ដែលជាហេតុធ្វើឲ្យក្រុមអាល់ណាស្រ៍ ស្ទើតែអស់កីឡាករលេងពីក្នុងទីលាន (នៅសល់តែ៨នាក់៖ ៧នាក់ទាត់ និងម្នាក់ជាអ្នកចាំទី)។
ជាហេតុការណ៍ដ៏កម្រមួយ ដែលកើតឡើងក្នុងពិភពបាល់ទាត់ ប៉ុន្តែការមិនគោរពអាជ្ញាកណ្ដាល ជាបទពិន័យមួយយ៉ាងតឹងតែង នៅក្នុងកីឡាបាល់ទាត់។ ផ្ទុយទៅវិញ អាជ្ញាកណ្ដាលដែលបង្ហាញអត្តចរិកហិង្សាដាក់កីឡាករ ក៏អាចនឹងទទួលទណ្ឌកម្មត្រឡប់មកខ្លួនវិញដែរ។ កាលពីខែមេសាឆ្នាំ២០១៣កន្លងទៅ នៅប្រទេសរ៉ូស្សី អាជ្ញាកណ្ដាលមួយរូបត្រូវបាន សហព័ន្ធបាល់ទាត់នៃប្រទេសនេះ បញ្ឈប់ពីអាជីពជាស្ថាពរ ដោយសារតែបានធាក់ទាត់លើកីឡាករវ័យជំទង់ម្នាក់ ព្រោះខឹងនឹងពាក្យត្មះតិដៀល របស់កីឡាករជាច្រើនដងមកលើគាត់៕
សូមទស្សនាវីដេអូ ពីព្រឹត្តិការណ៍ថ្ងៃនេះដូចតទៅ៖
------------------------------------------------
ដោយ៖ សេក មនោរកុមារ - ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ