ម៉ម សូណង់ដូ៖ «ពូអត់ដេញទេ គឺគេចេញ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១១ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 11, 2015
- ប្រធានបទ: វិបត្តិបុគ្គលិក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ម៉ម សូណង់ដូ លោកប្រធានវិទ្យុសម្បុកឃ្មុំ បានធ្វើការបកស្រាយ ទៅនឹងការធ្វើបាតុកម្ម នៃអតីតកម្មករ និងបុគ្គលិករបស់លោកថា លោកមិនបានដេញ ពួកគេចេញពីការងារទេ តែផ្ទុយទៅវិញ គឺពួកគេទេ ដែលបានឈប់ពីការងារ ដោយមិនបានជូនដំណឹង មកលោកជាមុននោះ។
ប្រតិកម្ម របស់លោកនាយកវិទ្យុសំបុកឃ្មុំ បានធ្វើឡើងក្នុងថ្ងៃទី១០ ម្សិលម៉ិញ បន្ទាប់ពីអតីតកម្មករ និងបុគ្គលិករបស់ក្រុមហ៊ុន សូណង់ដូ ខូអិលធីឌី មួយចំនួន បានមកជួបជុំគ្នា កាលពីថ្ងៃដដែលនេះ នៅមុខវិទ្យុសំបុកឃ្មុំ ដើម្បីធ្វើបាតុកម្ម និងដើម្បីដាក់សេចក្តីជូនដំណឹង ពាក់ព័ន្ធការធ្វើកូដកម្មរបស់ខ្លួន ប្រឆាំងការបញ្ឈប់បុគ្គលិក ពីក្រុមហ៊ុននេះ។ នៅក្នុងលិខិតជូនដំណឹង ដែលបានចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ (លិខិតដំបូងចុះថ្ងៃទី២៧ ខែមិថុនា និងបានសុំកែវិញ ដាក់ថា ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥) មានសរសេរសម្តែងការខកចិត្ត មិនអាចទទួលយកបាន នូវការបញ្ឈប់ កម្មករ និយោជិក ដែលចូលរួមជាមួយសហជីព។
លិខិតនោះ បានបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥នេះតទៅ នឹងមានកូដកម្មដោយសន្តិវិធីមួយ មុខក្រុមហ៊ុន សូណង់ដូ ខូអិលធីឌី រហូតដល់មានដំណោះស្រាយ។ សំណេរនៅក្នុងលិខិត បានឲ្យដឹងទៀតថា៖ «កូដកម្ម ឬបាតុកម្មអហិង្សានេះ គ្មានការបង្ខិតបង្ខំ ឬញុះញង់ពីស្ថាប័ន ក្រុមបក្ស ឬភាគីណាមួយឡើយ។ វាជាឆន្ទៈ និងសិទ្ធិ ... ស្វែងរកផលប្រយោជន៍របស់យើងខ្ញុំ ដើម្បីទាមទារ ឲ្យមានការដោះស្រាយ ពីភាគីនិយោជក។»
យ៉ាងណាលោក ម៉ម សូណង់ដូ បានទទួលស្គាល់ លើអតីតភាពការងារ របស់កម្មករ និងបុគ្គលិកទាំងនោះ តែលោកបានបដិសេធ ចំពោះការលើកឡើង ដែលថា លោកបណ្ដេញបុគ្គលិកទាំងនោះ។ លោកបន្តថា ផ្ទុយមកវិញ ពួកគាត់បាននាំគ្នាធ្វើបាតុកម្ម ដោយមិនបានជូនដំណឹង មកក្រុមហ៊ុនលោកឡើយ។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន កាលពីម្សិលម៉ិញនេះ លោកបានបញ្ជាក់ថា បើបុគ្គលិកទាំងនោះ ធ្វើបាតុកម្មដោយមិនមានដំណឹងយ៉ាងដូច្នេះ តើវិទ្យុរបស់លោក ចាំបាច់ត្រូវបង្ខំចិត្ត បិទការផ្សាយឬ? បើបន្តការផ្សាយ ចាំបាច់ត្រូវមានបុគ្គលិកថ្មី ទោះគ្មានបច្ចេកទេស ក៏ត្រូវតែប្រើ ដើម្បីជួយដោះស្រាយធ្វើយ៉ាងណា កុំឲ្យមានការអាក់ខានការផ្សាយ។
ដាក់ការជឿជាក់ ទៅលើតុលាការច្រើនជាង ទៅអាជ្ញាកណ្តាល លោក សូណង់ដូ បានធ្វើការពន្យល់ដូច្នេះថា អាជ្ញាកណ្តាល គេមិនដែលគិតគូរ ទៅលើកំហុសរបស់កម្មករនោះទេ និងក៏មិនអាចដាក់ពិន័យ ឬទារជម្ងឺចិត្ត ពីកម្មករទាំងនោះបានដែរ។ តែបើករណីនេះ ទៅដល់ដៃតុលាការ លោកអាចទាមទារ នូវជំងឺចិត្តដែលក្រុមកម្មករទាំងនោះបះបោរ (មិនធ្វើការ) មិនជូនដំណឹងដល់លោក ដែលនាំឲ្យមានការខាតបង់ជាដើម។
លោកបានបញ្ជាក់ ជាមួយនឹងសម្លេងខ្លាំងៗថា៖ «ពូអត់ដេញទេ គឺគេចេញ។ គេចេញ ហើយគេមិនមានគំនិតស្មោះសរ រកដំណោះស្រាយ មានគំនិតជេរពូ តាមហ្វេសប៊ូក។ នេះជាដំណោះស្រាយទេ? ខ្ញុំជាចៅហ្វាយនាយ ជេរខ្ញុំតាមចិត្ត។ (...) យកលិខិតពូទាំងអស់ ទៅដាក់តាមស្ថានទូត ពូសួរថាស្ថានទូត អាចដោះស្រាយបានទេ? គឺមានទិសដៅតែមួយទេ ចង់ធ្វើឲ្យពូខូចកេរ្តិ៍ឈ្មោះ។ អាហ្នឹងមិនដឹងអ្នកណា នៅពីក្រោយទេ។»
លោកបន្តថ្លែងទៀតថា៖ «កិត្តិយសមានពីរ។ កិត្តិយសមួយ ដែលយើងយកលុយទៅទិញ ដើម្បីកុំឲ្យគេនិយាយការពិត ទៅដោះស្រាយ ដើម្បីបំបិទ កុំឲ្យគេនិយាយរឿងហ្នឹង។ កិត្តិយសពូមិនអ៊ីចឹងទេ គឺតតាំង អ្នកដែលរំលោភលើសិទ្ធិរបស់ពូ អ្នកដែលឈ្លានពានពូ អ្នកដែលមានគំនិតអាក្រក់ មកឈ្នានីសពូ អាហ្នឹងបានជាកិត្តិយសរបស់ពូ។ (...) ខ្ញុំមិនយកលុយ ទៅបិទមាត់អ្នកខូចខិល ដើម្បីទុកឲ្យអ្នកនោះ រក្សាកិត្តយសរបស់ពូទេ។ ពូសុខចិត្តប្រឈមមុខ ជាមួយអ្នកខូចខិល ប្រើល្បិច សំឡុតគេសំឡុតឯង ដើម្បីយកជោគជ័យ ពូមិនឲ្យអ្នកនោះមានជោគជ័យទេ ពូចង់ឲ្យច្បាប់មានជោគជ័យវិញ។»
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ ក៏មានការធ្វើបាតុកម្មរបស់អតីតកម្មក និងបុគ្គលិកវិទ្យុសំបុកឃ្មុំនេះម្តងរួចមកហើយ ដើម្បីទាមទារឲ្យលោក ម៉ម សូណង់ដូ ដោះស្រាយលើអតីតភាពការងារ តែគ្មានដំណោះស្រាយ។ សូមអានព័ត៌មានលំអិត ដោយចុចនៅលើទីនេះ៕