រដ្ឋាភិបាល​កម្ពុជា ព្រមាន​ដក​អាជ្ញាប័ណ្ណ​កាស៊ីណូ

រដ្ឋាភិបាលកម្ពុជា បានព្រមានដកអាជ្ញាប័ណ្ត ពីកាស៊ីណូទាំងឡាយណា ដែលបន្តបំពានបញ្ជារដ្ឋាភិបាល ដែល​មិន​អនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជា ចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០២ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាភិបាលកម្ពុជា បានព្រមានដកអាជ្ញាប័ណ្ត ពីកាស៊ីណូទាំងឡាយណា ដែលបន្តបំពានបញ្ជារដ្ឋាភិបាល ដែល​មិន​អនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជា ចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូ។


សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ដ កាស៊ីណូ ណាហ្គាវើល នៅមាត់ទន្លេនៃរាជធានីភ្នំពេញ ក្នុងពេលរាត្រី។

កាស៊ីណូ - លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងលោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋាន​ឧស្សាហកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំ នៅអគ្គស្នងការនគបាលជាតិ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ នេះ បានលើកឡើងថា រហូតមកដល់ពេលនេះ នៅតែមានកាស៊ីណូ អនុញ្ញាតឲ្យពលរដ្ឋខ្មែរ និងអនិតិជន ចូលលេងល្បែងស៊ីសង។

ចំពោះមុខអ្នកតំណាងកាស៊ីណូ ដែលបានចូលរួមក្នុងកិច្ចប្រជុំ លោកអគ្គស្នងការរងនគរបាលជាតិ ឆៃ ស៊ីណារិទ្ធ បានព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះកាស៊ីណូ ដែលបន្តល្មើសបទបញ្ជា ដោយត្រូវដកអាជ្ញាប័ណ្ណ។ បើតាមលោក ឆៃ ស៊ីណារិទ្ធ បានសង្កត់ធ្ងន់ថា៖ «ម្ចាស់កាស៊ីណូ មានសិទ្ធិហាមឃាត់ ប្រជាពលរដ្ឋខ្មែរ និងអនីតិជន មិនឲ្យចូលលេងល្បែង»។

នៅគ្រាចុងក្រោយនេះ ទំព័រហ្វេសប៊ុកឈ្មោះ ( Samdech Hun Sen, Cambodian Prime Minister) ដែលមជ្ឍដ្ឋាន​ទូទៅដឹងថា ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញពីការព្រមាន ដកអាជ្ញាប័ណ្ណពីកាស៊ីណូ ផងដែរ ប្រសិនបើកាស៊ីណូទាំងនោះល្មើសបទបញ្ជា។

តែសម្រាប់លោក ស៊ុន ឆៃ បេក្ខជនតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ បានលើកឡើងថារដ្ឋាភិបាលកម្ពុជា គម្បីពិចារណាឡើងវិញ ពីផលចំណេញសង្គម និងសេដ្ឋកិច្ចជាតិ ចំពោះការបន្តបើកកាស៊ីណូ និងការបិទកាស៊ីណូ។ មន្រ្តីរបស់គណបក្សជំទាស់មួយនេះ បានពន្យល់ប្រាប់ការសែតភ្នំពេញប៉ុស្តិ៍ កាលពីពេលថ្មីៗនេះ ថា ចំណូលពន្ធ​បាន​មកពីកាស៊ីណូ ចូលរដ្ឋបន្តិចបន្តួច តែបទល្មើស និងបញ្ហាកើតចេញពីកាស៊ីណូ បង្កការលំបាកធ្ងន់ធ្ងរ​ដល់​ប្រទេស។

ខណៈកាស៊ីណូមួយចំនួននៅកម្ពុជា ត្រូវគេដឹងថាមានភាគហ៊ុន របស់មន្រ្តីជាន់ខ្ពស់ ឬអ្នកមានអំណាច គេក៏សង្កេត​ឃើញដែរថា បទល្មើសមួយចំនួន មានឬសគល់ ឬកើតចេញពីអាជីវកម្ម រណបក្នុងកាស៊ីណូ ដូចជាការលាង​លុយ​កខ្វក់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀណ ការឲ្យខ្ចីប្រាក់ ដល់អ្នកលេងល្បែង ហើយឈានដល់ ការបង្ខាំងអ្នក​លេងល្បែងចាញ់ ជំរិតទារប្រាក់ ពីក្រុមគ្រួសារ មានករណី រំលោភផ្លូវភេទ អត្តឃាត និងឃាតកម្មជាដើម។

គួរបញ្ជាក់ថា ប្រទេសថៃ វៀតណាម និងឡាវជិតខាងកម្ពុជា មិនមានបនល្បែងកាស៊ីណូទ្រង់ទ្រាយធំ ហើយដែល​មានការទទួលស្គាល់ ដោយស្របច្បាប់ពីរដ្ឋាភិបាលគេទេ។ តែសម្រាប់ប្រទេសកម្ពុជាវិញ បើតាមរបាយការណ៍​របស់​នគរបាលជាតិ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានកាស៊ីណូចំនួន ១០២ កាស៊ីណូ ដែលទទួលអាជ្ញា​ប័ណ្ណ​ពី​រដ្ឋាភិបាលកម្ពុជា តែក្នុងចំណោមនោះ មានតែ ៥២ កាស៊ីណូ តែប៉ុណ្ណោះ ដែលដំណើរការអាចបង់ពន្ធជូនរដ្ឋ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...