អតីតព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ ទើបត្រូវលប់ឈ្មោះចេញពីក្របខណ្ឌ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មករា ២០១៥
- កែប្រែចុងក្រោយ: January 22, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីថ្ងៃទី២១ ខែមករាកន្លងមកនេះ អតីតព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ ត្រូវបានអង្គប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានពិនិត្យ និងពិភាក្សាក្នុងការផ្តាច់ចេញ ពីមុខនាទីជាព្រះរាជអាជ្ញា តាមរយៈការកាត់ទោសពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ កាលពីខែវិច្ឆិកា ឆ្នាំ២០១០កន្លងមកនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ម្សិលម៉ិញ។
ប៉ុន្តែការសម្រេចរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បានធ្លាក់មកយឺតដល់ទៅរយៈពេលជិត៣ឆ្នាំ ព្រោះកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ ត្រូវបានសាលាឧទ្ធរណ៍ប្រកាសសាលដីកា ដែលមានលោក ប៉ុល សំអឿន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សំរេចតម្កល់សាលក្រម របស់សាលាដំបូងខេត្តពោធិ៍សាត់ ក្នុងការផ្តន្ទាទោសក្នុងពន្ធនាគារ១៩ឆ្នាំ និងសងប្រាក់សំណងចំនួន៤លានរៀល។
ហើយសំណុំរឿងរបស់ លោក តុប ច័ន្ទសិរីវុធ ក៏ត្រូវបានលោក ឌុច ចន្ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងខេត្តពោធិ៍សាត់ ចោទប្រកាន់ពីបទចាប់ជំរិត បង្ខាំងមនុស្សខុសច្បាប់ និងស៊ីសំណូកនិងអំពើពុករលួយ តាមច្បាប់ស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ រាប់ចាប់តាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១១ មកនោះដែរ។
គួរបញ្ជាក់ថា លោកតុប ច័ន្ទសិរីវុធ អតីតព្រះរាជអាជ្ញា ខេត្តពោធិ៍សាត់ រួមទាំងគូកនបីនាក់ផ្សេងទៀតរួមមាន ពេជ្រ គង់យូ ម្ចាស់ហាងរាត្រីរីករាយពោធិ៍សាត់ជាប្អូនថ្លៃ រស់ សំណាង ហៅវិត អង្គរក្សជាប្អូនថ្លៃ និងឈិត វុទ្ធី អ្នកបើករថយន្ត បានរួមគ្នាចាប់ជំរិតទារប្រាក់ និងបង្ខាំងមនុស្សខុសច្បាប់។
នេះជាសំណុំរឿងពុករលួយដំបូងគេមួយ ដែលបានស្រាវជ្រាវស៊ើបអង្កេត និងឈានដល់ការចាប់ខ្លួន តុប ច័ន្ទសិរីវុធ ដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ២០១០។ ការឈានទៅដល់ការចាប់ខ្លួន លោក តុប ច័ន្ទសិរីវុធ និងបក្ខពួកនេះ ដោយសារមានករណីបង្ក្រាបឈើខុសច្បាប់មួយ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីខែមិថុនា ឆ្នាំ២០១០។ អ្នកដឹកឈើពីរនាក់ ត្រូវបានគេ (តុប ច័ន្ទសិរីវុធ និងបក្ខពួក) ចាប់ជំរិតទារប្រាក់ចំនួយ៨ពាន់ដុល្លារ នឹងការតថ្លៃចុះមកត្រឹម៣ពាន់ដុល្លារ ជាថ្នូរនឹងការដោះលែងពួកគេ (អ្នករកស៊ីដឹកឈើ) នោះ៕