រវាងបទពិសោធន៍៥ខែ ក្នុងពន្ធនាគារ និងយុត្តិធម៌«ក្លែងក្លាយ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២០ មេសា ២០១៥
- កែប្រែចុងក្រោយ: April 21, 2015
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជា ព្រះរាជសារលើកលែងទោស បានជួយដោះលែង ក្រុមសកម្មជនដីធ្លី មកពីតំបន់បឹងកក់ ឲ្យបានរួចចេញ មានសេរីភាព ពីពន្ធនាគារហើយក៏ដោយ តែសម្រាប់ក្រុមស្ត្រីទាំងនេះ នៅតែសម្ដែងចិត្តទោមនស្ស ពីភាពអយុត្តិធម៌ ដែលបានកើតឡើងចំពោះពួកខ្លួន។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកស្រី ទេព វន្នី ដែលជាស្រ្តីដ៏សកម្មម្នាក់ ក្នុងការតស៊ូមតិទាមទារនូវសិទ្ធិ និងសេរីភាពរស់នៅ សេរីភាពខាងលំនៅដ្ឋាន និងដីធ្លី និងជាតំណាងពលរដ្ឋរងគ្រោះ បានអះអាងនូវអារម្មណ៍តូចចិត្ត និងការឈឺចាប់ថា ក្នុងនាមខ្លួន ជាប្រជាពលរដ្ឋស្អាតស្អំ បែរជារងនូវការសម្រេច ទាំងបំពាន ដោយតុលាការអយុត្តិធម៌។ អ្នកស្រីបានត្អូញត្អែរថា ប្រាំខែគត់ ក្នុងពន្ធនាគារលើកនេះ ជាមេរៀន និងបទពិសោធថ្មី សម្រាប់ស្រ្តីបឹងកក់ទាំងអស់ ដែលគ្រាប់តែសុំការអន្តរាគមន៍ ពីអាជ្ញាធរ ដែលមិនអើពើ នឹងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលរងគ្រោះ ព្រោះការជន់លិចលង់ ដោយទឹកសំអុយជាច្រើនឆ្នាំ។
ជាមួយនឹងការត្រេកអរ ដែលបានត្រឡប់ មកជួបជុំជាមួយក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មីនេះ អ្នកស្រី ទេព វន្នី បានបញ្ជាក់ថា៖ «ខ្ញុំមិនចង់ចំណាយ ពេលឥតប្រយោជន៍ ក្នុងពន្ធនាគា ចំណាយពេល ជាមួយតុលាការ ដែលមិនឯករាជ្យទេ។ ខ្ញុំត្រូវតែដកពាក្យបណ្តឹង នៅតុលាការកំពូល ទោះបីជាទៅដល់តុលាការកំពូល ក៏នៅតែរងភាពអយុត្តិធម៌។ (...) ខ្ញុំត្រូវការ ការលើកលែងទោសក្លែងក្លាយ ប្រសើរជាងការរំពឹង លើតុលាការកំពូល ដែលគ្មានរំពឹងថា នឹងមានយុត្តិធម៌។»
បទពិសោធន៍ ៥ខែ ក្នុងពន្ធនាគារ មិនបានបំបាក់ទឹកចិត្ត តស៊ូមតិ របស់ក្រុមសកម្មជនទាំងនេះ បានឡើយ។ អ្នកស្រី បូវ ឆវី សកម្មជនមួយរូបទៀត ដែលទើបនឹងត្រូវបានដោះលែងដែរនោះ បានអះអាងថា ពួកគាត់ទាំង១១នាក់ នៅតែឈរលើជំហរ និងបន្ត នូវការប្រើប្រាស់សិទ្ធិ និងសេរីភាព ដែលអនុញ្ញាត ដោយច្បាប់កម្ពុជា។ អ្នកស្រីបន្តថា ភាពយុត្តិធម៌សម្រាប់ពួកគាត់ កំពុងស្ថិតនៅឆ្ងាយនៅឡើយ ហើយអ្វី ដែលក្រុមអ្នកស្រីទទួលបាននេះ ជាភាពយុត្តិធម៌ មួយក្លែងក្លាយ សម្រាប់បិទបាំង លើតុលាការអយុត្តិធម៌ប៉ុណ្ណោះ។
អ្នកស្រី បូវ ឆវី បានថ្លែងឲ្យដឹងថា៖ «ពួកខ្ញុំនៅតែបន្ត ដរាបណា ពួកសហគមន៍បឹងកក់ទាំងអស់គ្នា ទទួលបានដីទំហំ ១២.៤៤ហិកតា។ អ្នកភូមិផ្សេងទៀត ក៏នៅតែបន្តការទាមទាររបស់ខ្លួនដដែល ដែលមកទល់ពេលនេះ នៅមិនទាន់បានទទួល ដំណោះស្រាយណាមួយ សមស្របនោះ។»
សម្រាប់ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម បានដាក់ការទទួលខុសត្រូវ នៃការចាប់ចង ការដាក់ឃុំ ឬការដោះលែង នៃក្រុមសកម្មជនសិទ្ធិលំនៅដ្ឋានទាំងនេះ ទៅលើមនុស្សតែម្នាក់ ដែលប្រកបដោយឥទ្ធិពលជាងគេ នៅក្នុងព្រះរាជាណាចក្រ។ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគម ការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងប្រាប់ទស្សនាវដ្តីថា អំណាចទាំងអស់ រួមទាំងអំណាចតុលាការផង ហាក់បីដូចជានៅលើ មនុស្សតែម្នាក់ គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក ចរិយា បានថ្លែងឡើងថា៖ «សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីមួយ ដែលមានឥទ្ធិពល ក្នុងការបញ្ជាតុលាការ បានតាមអំពើចិត្ត។ (…) យើងឃើញថា ឲ្យតែមានរឿង រាល់ករណីទាំងអស់ ស្រេចតែទៅលើសេចក្តីសម្រេច របស់លោកនាយករដ្ឋមន្រ្តី ចង់ឲ្យចាប់ ចាប់ ចង់ឲ្យលែង លែង ចង់ឲ្យចង ចង។ (…) ទាំងនេះ បង្ហាញឲ្យឃើញថា ការប្រើអំណាចទៅយាយី ទៅលូកលាន់ ទៅដល់អំណាចតុលាការច្បាស់ណាស់។»៕