ឆ្នាំថ្មី! ពលរដ្ឋ​រង​គ្រោះ​នៅ​បឹង​កក់​រអ៊ូ​ថា​ គ្មាន​ដំណោះ​ស្រាយ​ថ្មី!

ទោះជាមានការចរចារ មួយលើកជាពីរលើក រវាងសាលារាជធានីភ្នំពេញ ជាមួយអ្នកភូមិបឹងកក់ ដែលបានបាត់បង់ដីធ្លី និង​ផ្ទះ​សំបែង​អស់​ជា​ច្រើន​ឆ្នាំ នោះក៏ដោយ ក៏រហូតមកដល់ពេលនេះ ក៏គ្រួសារមួយចំនួន​ ពីក្នុងតំបន់នោះ នៅកំពុងរងទុក្ខវេទនា ព្រោះមិនទាន់ មានការដោះស្រាយណាមួយ អាចឲ្យពួកគាត់ ចាកចេញពីដីនេះបាន។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២០ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 21, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ដែលបានរងគ្រោះ នឹងការបណ្ដេញចេញ បានថ្លែងលើកឡើង ពីការត្អូញត្អែរ​របស់​ពួក​គេថា មកដល់ពេល ក្រោយចូលឆ្នាំថ្មីនេះហើយ តែពួកគាត់នៅតែរង់ចាំ ការដោះស្រាយ របស់សាលារាជធានីភ្នំពេញ ដែល​មិនទាន់ដាច់ស្រេចនោះ ដដែល។

រស់នៅក្នុងខ្ទម លើតំបន់អភិវឌ្ឍន៍បឹងកក់ ដែលមានទំហំប្រមាណ ៩០ ហិកតា និងមកដល់សព្វថ្ងៃ នៅសល់តែវាលខ្សាច់ គ្មានអ្វីទាំងអស់នោះ លោក ឃិន ចន្ថា បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ថា គ្រួសារលោកមានកូន៤នាក់ កំពុងរស់នៅលើដី ដែលត្រូវបានក្រុម ស៊ូកាគូ ចាក់បំពេញ និងកំពុងរង់ចាំសំណងសមរម្យ ពីសាលារាជធានីភ្នំពេញ។ ប៉ុន្តែមួយលើក ជាពីរលើក សាលារាជធានី នៅតែបន្តនិយាយ ទាំងមិនច្បាស់លាស់ និយាយ​បាតដៃខ្នងដៃ ម្តងថាឲ្យ៣ប្លង់ ម្តងថាមិនឲ្យ។ លោកបានពន្យល់ថា អ្នកទាំង៨គ្រូសារ ដែលហ៊ានទទួលយកដីនោះ ដោយ​សារតែដី ដែលពួកគាត់នៅពីមុន មានតិចជាងពីរប្លង់ ចំណែកឯគ្រួសារគាត់ មានរហូតដល់ទៅ៤ប្លង់ ទើបគាត់មិន​អាច​យក​សំណង​នេះ​បាន។

ពលរដ្ឋ ដែលកំពុងបន្តរស់នៅ លើដីរបស់ខ្លួន ស្ថិតក្នុងភូមិន២២ សង្កាត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រូបនេះ បានថ្លែងបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានហៅពួកគាត់ ទៅដោះស្រាយ ជាមួយអ្នកភូមិ១០គ្រួសារទៀត តែយល់​ព្រម​បានតែ៨គ្រួសារប៉ុណ្ណោះ។ ចំណែកឯពីរគ្រួសារទៀត ដែលមានគ្រួសារលោកមួយដែរ មិនព្រមទទួលយកដំណោះ​ស្រាយនេះទេ ដោយហេតុថា វាបានតិចជាងអ្វី ដែលលោកបានបាត់បង់ គឺលោកចង់បាន ដីនោះ៤ប្លង់មកវិញ។

លោក ឃិន ចន្ថាលើកឡើងថា៖ «ខ្ញុំមើលឃើញថា សាលារាជធានីភ្នំពេញ មានឆន្ទៈដោះស្រាយ តែគ្មានបានការអីទេ។ ដដែលជាដដែល។ លើកទី១ថា ឲ្យខ្ញុំ១ប្លង់។ លើកទី២ថា ឲ្យខ្ញុំជិត៣ប្លង់ និងលុយមួយចំនួន។ លើកទី៣ថា ឲ្យ១ប្លង់​ដដែល។ ដល់លើកទី៤ ចៅហ្វាយក្រុងភ្នំពេញថា ប្រញាប់ណាស់ ឲ្យខ្ញុំមួយប្លង់ដដែល។ និយាយបាតដៃខ្នងដៃបែប​នេះ ប្រជាជន​ណា​ទទួល​យក​បាន។»។

រីឯអ្នកស្រី ងួន វណ្ណា ដែលជាភរិយា បានរៀបរាប់ថា អ្នកស្រីនឹងស្វាមី មិនអាចចាកចេញ ពីទីនេះបានទេ ព្រោះ​មិន​ទាន់​មាន​សំណងសមរម្យ ទោះបីជាសព្វថ្ងៃ គេបានផ្តាច់ទឹកភ្លើង ពីគ្រួសារគាត់ក៏ដោយ ក៏អ្នកស្រីអាចទ្រាំរស់នៅទាំងវេទនា ទាំងគ្មានរបស់របរប្រើប្រាស់ ស្ទើគ្មានអាហារហូបប្រចាំថ្ងៃ ព្រោះតែចង់បានសំណងដីមកវិញ។ ពលរដ្ឋរូបនេះ បាន​បន្ថែម​ទៀតថា ពួកគាត់ គ្មានរបរអ្វីសំរាប់ចិញ្ចឹមគ្រួសារទេ ក្រៅពីលក់អេតចាយបន្តិចបន្តួច ដើម្បីបានប្រាក់ មកទិញ​អាហារ​ហូប​ចុក​ប្រចាំថ្ងៃ។ លោកបានថ្លែងថា៖ «ខ្ញុំរាល់ថ្ងៃ ធ្លាក់ដុនដាបខ្លាំងណាស់ នៅរើសអេតចាយកំប៉ិកកំប៉ុក ដើម្បីចិញ្ចឹមកូន»។

មិនអាចទាក់ទង មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ដើម្បីបកស្រាយ នៅលើបញ្ហានេះ បាន​ភ្លាមៗ​ទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...