អ្នកវិភាគថា សន្ធិសញ្ញា​ឆ្នាំ១៩៧៩ គ្មាន​តម្លៃ​ជា​ផ្លូវ​ច្បាប់​ទេ

សន្ធិសញ្ញា​«សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​» នាឆ្នាំ១៩៧៩ ជាសន្ធិសញ្ញារវាងរដ្ឋាភិបាល​រៀតណាម និង​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​ប្រទេស​វៀតណាមបន្ដុបឡើង ហើយ​ជា​សន្ធិសញ្ញា ដែល​គ្មាន​តម្លៃ​តាម​ផ្លូវ​ច្បាប់ឡើយ។ នេះ​ជា​ការ​អះអាង របស់​អ្នកវិភាគមួយរូប នៅ​ក្នុង​កិច្ច​សម្ភាស ជា​មួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៣ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 14, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈនេះរដ្ឋាភិបាលក្រុងភ្នំពេញ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតម្លើងកម្លាំង​ដៃដែក​របស់ខ្លួន ដេញតាមប្រមាញ់លោក ហុង សុខហួរ ធ្វើយ៉ាងណា ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា មកពី​គណបក្ស​ប្រឆាំងរូបនេះ យកមកផ្ដន្ទាទោស ក្រោមបទចោទមួយ ដែលលោក ហ៊ុន សែន ខ្លួនលោកថា ជាការ​ក្លែង​ឯកសារ​សាធារណៈ មានកម្រិតទោសស្មើរនឹង ទោស«ក្បត់ជាតិ»។ បទចោទនេះ ត្រូវបាន​លោក ព្រហ្ម គិត អតីត​មន្ត្រី​បួន​ជំនាន់ ជំនាញខាងច្បាប់មកពីកម្ពុជា ដែលសព្វថ្ងៃចូលនិវត្តន៍ នៅ​ក្នុង​តំបន់ ពីរ៉ាណេ នៃ​ប្រទេស​បារាំង និយាយ​​ថា លោក ហ៊ុន សែន កំពុងឲ្យតម្លៃយ៉ាងហួសហេតុ ទៅលើសន្ធិសញ្ញានេះ ដែលយួន និង​​ខ្មែរ​ធ្លាប់​​ធ្វើ​​ជា​​មួយ​​គ្នា ខណៈពេលដែលយួន កំពុងត្រួតត្រាខ្មែរ នៅពេលនោះ។

សូមអានបទសម្ភាសខ្លីមួយ រវាងទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយអតីតមន្ត្រី ព្រហ្ម គិត ដូចតទៅ៖

មនោរម្យ.អាំងហ្វូ៖ ការប្រកាសតាមចាប់ខ្លួន សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង (គណបក្សសមរង្ស៊ី) របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានធ្វើឡើង ក្រោមបទចោទប្រកាន់ ការក្លែងបន្លំឯកសារសន្ធិសញ្ញា កម្ពុជា​-វៀតណាម កាលពីឆ្នាំ១៩៧៩ ហើយលោក ហ៊ុន សែន បានកំណត់ទោសនេះ ស្មើនឹងទោស​«ក្បត់​ជាតិ»។ តើលោក ព្រហ្ម គិត យល់យ៉ាងណាដែរ ក្នុងថានៈលោកធ្លាប់បម្រើការងារ ក្នុងរដ្ឋាភិបាល សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា បន្ទាប់ពីរបបខ្មែរក្រហម​បានដួលរលំនោះ?

ព្រហ្ម គិត៖ បាទក្មួយ ជាដំបូងខ្ញុំសូមបញ្ជាក់ រឿងមួយសិន។ រាល់ការបន្លំ កុហកឆរបោក ទោះនៅត្រឹម​កម្រិត​ណាក៏ដោយ សុទ្ធតែជាទង្វើមិនសមទំនង ហើយខ្ញុំមិនឲ្យតម្លៃនរណាមួយ ដែលចូលចិត្តក្លែងបន្លំ បើសូម្បី​តែ​ត្រឹមតែ ជាពាក្យសម្ដីក៏ដោយ ព្រោះវាមានទោសនឹងមនៈសិកា មានទោសខ្មាសខ្លួនឯង គ្រួសារខ្លួនឯង ក្រុម​ខ្លួន​ឯង និងនាំរឿងរ៉ាវ ទៅដល់អ្នកនៅជុំវិញខ្លួននោះផង។ ចំណែកករណីខាងលើ វាជាការបន្លំឯកសារមួយ ដែល​តាម​ច្បាប់​ព្រហ្មទណ្ឌ របស់ប្រទេសកម្ពុជា អាចនឹងត្រូវចោទប្រកាន់ថា ជាការក្លែងបន្លំ ឬបោកបញ្ឆោត ដែល​មាន​ស្ថាន​ទម្ងន់ទោស។

តែរឿងថា ដល់ថ្នាក់«ក្បត់ជាតិ» ដោយសារក្លែងបន្លំឯកសារមួយ ខ្ញុំមិនយល់ដូច្នេះទេ ព្រោះច្បាប់ព្រហ្មទណ្ឌ​កម្ពុជា មិនមានចែងពីការបន្លំឯកសារមួយ ត្រូវចោទចូលជាបទក្បត់ជាតិនោះទេ។ ក្បត់ជាតិ លុះត្រាតែកាត់​ទឹកដី លក់ទឹកដី លួចផ្ដល់ព័ត៌មាន លួចធ្វើចារកម្ម ពីជាតិឯង ទៅបានជាផលប្រយោជន៍ សម្រាប់ជាតិដទៃ បើក​ដៃឲ្យបរទេស ចូលឈ្លានពានប្រទេសខ្លួន។ ចំណែកលោក ហុង សុខហួរ មិនបានធ្វើដូច្នេះទេ វាខុសពីមនុស្ស​មួយចំនួន ដែលបានរត់ចូលប្រទេសវៀតណាម កាលពីមុខឆ្នាំ១៩៧៩ រួចបើកដៃឲ្យយួន លើកទ័ពចូល​ឈ្លាន​ពាន​ប្រទេសកម្ពុជា ក្រោមផ្លាក«រំដោះខ្មែរ»ពីក្រុមខ្មែរក្រហម។

មនោរម្យ.អាំងហ្វូ៖ តែលោក ហ៊ុន សែន និយាយច្បាស់ៗណាស់ ថានេះជាទង្វើក្បត់ជាតិ?

ព្រហ្ម គិត៖ លោក ហ៊ុន សែន កំពុងលើកតម្លៃសន្ធិសញ្ញានេះ ឲ្យឡើងខ្ពស់ហួសហេតុ ទាំងមិនយល់ពី​ច្បាប់​ជាតិនិងច្បាប់អន្តរជាតិច្បាស់លាស់ ឬក៏លោក ហ៊ុន សែន ធ្វើជាមិនយល់។ ច្បាប់ជាតិ ដូចខ្ញុំនិយាយខាងលើ​រួចហើយ។ សន្ធិសញ្ញានេះ មិន​មាន​តម្លៃខាងច្បាប់ទៀតទេ។ ហេតុអ្វី? ព្រោះសន្ធិសញ្ញាក្រុងប៉ារីសឆ្នាំ១៩៩១ ដែលមានប្រទេសយួន ចូលរួមចុះហត្ថលេខាដែរនោះ បានប្រកាសចាត់ទុក ជាមោឃៈភាព នូវរាល់​សន្ធិសញ្ញា ដែលខ្មែរធ្វើជាមួយយួន នៅពេលដែលយួន កំពុងត្រួតត្រាប្រទេសខ្មែរ រាប់ពីចុងឆ្នាំ១៩៧៨ មកទល់​ឆ្នាំ​១៩៩១។

ម្យ៉ាងទៀត រឿងដែលលោក ហ៊ុន សែន ប្រកាសថាសន្ធិសញ្ញានេះ ជា​ឯកសារ​សាធារណៈ វាជារឿងដែលលោក ហ៊ុន សែន ចង់លើកតម្កើនក្រដាសប៉ុន្មានសន្លឹកនេះ ខុសទំនង​។ សន្ធិសញ្ញា«​សន្តិភាព មិត្តភាព និង​សហ​ប្រតិបត្តិ​ការ​»នេះ ធ្វើឡើង​រវាងរដ្ឋាភិបាលខ្មែរ​ ដែលយួន​បន្តុបឡើងនៅពេលនោះ ជាមួយនឹង​យួនខ្លួនឯង ហើយ​មិន​ដែល​ប្រកាសជាសាធារណៈ នៅពេលនោះឲ្យ​ប្រជា​ជាតិ​កម្ពុជា បានដឹងនោះទេ។ ក្មួយអាចសួរចាស់ៗ ដែល​រស់​នៅ​ក្នុងសម័យនោះ តើមានខ្មែរណាម្នាក់ ដែល​បាន​ដឹងពីសន្ធិសញ្ញានេះឬទេ? ខ្ញុំពេលនោះ ក៏ជាមន្ត្រី​បក្ខជន​មួយ​រូប​ដែរ តែ​គេ​មិន​បាន​ឲ្យ​ខ្ញុំ​ដឹង​ទេ ខ្ញុំ​ទើប​តែដឹង នៅពេលក្រោយមកប៉ុណ្ណោះ។

ជាពិសេសនៅពេលនោះ ប្រទេសកម្ពុជា ដែលទើបនឹងងើប ពីរបប​ខ្មែរ​ក្រហម នៅទន់ខ្សោយណាស់ មិន​អាច​មានជំហរ ផ្នែកផ្លូវច្បាប់អន្តរជាតិ ទៅធ្វើសន្ធិសញ្ញាអ្វីបានឡើយ។ វា​ប្រៀប​បាន នឹងអ្នកជំងឺម្នាក់ ដែលទើប​បាន​ស្រាន្ដពីជំងឺ នៅល្ងីល្ងើសោះ ស្រាប់តែមានគេមកប្រាប់ ឲ្យចុះ​ហត្ថលេខា​ប្រគល់ទ្រព្យសម្បត្តិ។ ការចុះ​ហត្ថលេខា​របៀបនេះ មិនមានតម្លៃទេ។ ដូច្នេះឯកសារ​សន្ធិសញ្ញា ខាងលើនេះ ក៏គ្មានតម្លៃខាងផ្លូវច្បាប់អ្វីដែរ បើទោះ​ជា​គ្មាន​សន្ធិសញ្ញាក្រុងប៉ារីស ឬគ្មានល្បិច​កិច្ច​កល​អី​ក៏​ដោយ។ រីឯករណីរបស់លោក ហុង សុខហួរ អាច​មាន​ទោស​ក្លែង​ឯកសារ​ប្រវត្តិសាស្ត្រមួយ តែមិន​អាច​ចាត់​ទុក​​ ជា​ការក្លែងឯកសារសាធារណៈ ឬ​សន្ធិសញ្ញា​ដែល​​មាន​តម្លៃ ខាង​ផ្លូវ​ច្បាប់​នោះ​ឡើយ។

មនោរម្យ.អាំងហ្វូ៖ ប្រសាសន៍របស់លោក ហ៊ុន សែន កាលពីព្រឹកម្សិលម៉ិញ ហាក់ដូចជាមានកំហឹង​ខ្លាំង​ណាស់។ តើលោក ព្រហ្ម គិត យល់យ៉ាងណា ពីប្រតិកម្មរបស់លោក ហ៊ុន សែន បើលោក ព្រហ្ម គិត យល់ថា​អង្គហេតុខាងលើ ជាអំណះអំណាងខុសរឿង?

ព្រហ្ម គិត៖ លោក ហ៊ុន សែន កំពុងច្រៀងឲ្យចាបចូលទ្រុងវិញ។ ចម្រៀងនេះ អ្នកមិនចេះស្ដាប់ នឹងមាន​អារម្មណ៍​ភ័យណាស់។ រីឯចាបវិញ បើនៅក្រៅទ្រុង វាចេះតែទៅស៊ីស្រូវ ក្នុងជង្រុករបស់លោក ហ៊ុន សែន។ អញ្ចឹង តើលោក ហ៊ុន សែន ត្រូវការឲ្យចាប ស៊ីស្រូវក្នុងជង្រុកលោកឲ្យអស់ឬ?

ករណីនេះខ្ញុំមើលឃើញថា លោក ហ៊ុន សែន ច្រៀងចម្រៀងមួយបទនេះ ដើម្បីដាក់បញ្ចប់ឲ្យខាងតែបាន នូវ​រាល់បញ្ហាផ្នែកព្រំដែន ដែល​ចេះតែមានសភាពដូចទឹករលក  អស់ពីរលកមួយចូលរលកមួយទៀត។ ប៉ុន្តែរឿង​ព្រំដែននេះ ឲ្យស្ងាត់យ៉ាងម៉េច បើលោក ហ៊ុន សែន បង្កើតគណៈកម្មការតែខ្លួនឯង ទៅធ្វើការចុះហត្ថលេខាអី តែខ្លួនឯង​ ជាមួយយួន ហើយ​មិន​ដែលឲ្យនរណាផ្សេង ចូលរួមផងនោះ? ហើយរឿងផែនទីនេះ ក៏អញ្ចឹងដែរ។ ដូចខ្ញុំធ្លាប់និយាយ ប្រាប់ក្មួយ​ឯងលើកមុនហើយ ថាលោក ហ៊ុន សែន មិនដែលខ្វល់ ទៅរកផែនទី ពីអង្គការ​សហប្រជាជាតិ យកមកចរចា ជាមួយយួនទេ។ ទើបតែឥឡូវនេះ ទើបលោកធ្វើជាលិខិត ទៅសុំខ្ចីផែនទីនេះពី បាន គី-មូន (អគ្គលេខាធិការអង្គការសហប្រជាជាតិ)។

ការដែលទៅចរចា ជាមួយយួនដោយមិនយកផែនទី ខ្នាត១លើ១០០ពាន់ ដែលទុកនៅអង្គការ​សហប្រជាជាតិ​នោះ ជាការរំលោភ​លើ​រដ្ឋធម្មនុញ្ញកម្ពុជា។ រឿងផែនទីនៅអង្គការសហប្រជាជាតិ ទោះមានពិតឬមិនពិតក៏ដោយ តែលោក ហ៊ុន សែន ត្រូវស្រាវជ្រាវ ដូចសុំខ្ចី ឬសុំមកផ្ទៀងផ្ទាត់ ឬត្រូវស្វែងរកផែនទីនោះសិន មុននឹងចូលខ្លួន ទៅចរចារ ឬទៅ​បោះបង្គោលព្រំដែន ជាមួយយួន។ មិនមែនទើបនឹងមកលាងខ្លួន ដូចនៅពេលនេះអញ្ចឹងទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...