អាមេរិក​ត្រៀម​បញ្ជូន​ឧទ្ធម្ភាគចក្រ ទៅ​ជួយ​អៀរ៉ាក់​វាយ ISIS

សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូន ឧទ្ធម្ភាគចក្រចម្បាំងរបស់ខ្លួន ទៅធ្វើការ​វាយ​ប្រហារ លើ​ក្រុម​រដ្ឋ​អ៊ីស្លាម ប្រសិនបើរដ្ឋាភិបាល នៃប្រទេសអៀរ៉ាក់ ធ្វើការស្នើសុំ ដើម្បីវាយដណ្ដើមយក​ទីក្រុង រ៉ាម៉ាឌី (Ramadi) មក​វិញ។ នេះជាការអះអាង របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក កាល​ពី​ថ្ងៃ​ពុធ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៩ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 10, 2015
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនបើនាយករដ្ឋមន្ត្រីអៀរ៉ាក់ លោក ហេឌ័រ អាល់-អាបាឌី (Haider al-Abadi) ធ្វើសំណើរសុំ នោះ​សហរដ្ឋ​អាមេរិក បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការជួយកងទ័ពអៀរ៉ាក់ ជាមួយនឹងមធ្យោបាយ«បន្ថែម» ដើម្បី​ដំណ្ដើម​យកក្រុង រ៉ាម៉ាឌី ឲ្យបានមកវិញ ក្នុងនោះ មានទាំងការបញ្ជូនឧទ្ធម្ភាគចក្រចម្បាំង និង​ទីប្រឹក្សា​យោធា ដើម្បីជួយជ្រោមជ្រែង កងកម្លាំងរបស់ប្រទេសអៀរ៉ាក់។ នេះជាការថ្លែងអះអាង កាលពីថ្ងៃពុធនេះ របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក អាស្ដុន កាទ័រ (Ashton Carter) នៅចំពោះ​គណៈកម្មការ ទទួល​បន្ទុក​​ខាង​យោធា របស់​ព្រឹទ្ធសភា​អាមេរិក។

ប្រមុខមន្ទីរប៉ង់តាហ្គោនរូបនេះ បានអំពាវនាវ ទៅដល់សហគមន៍អន្តរជាតិ ឲ្យបន្ថែមការខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ លោកបានថ្លែងឡើងថា៖ «យើងត្រូវធ្វើគ្រប់យ៉ាង ឲ្យកាន់តែខ្លាំងជាងមុន»។

សុំឲ្យរ៉ូស្ស៊ី ចូលមកខាងដែលត្រឹមត្រូវ...

លោក កាទ័រ បានបន្ថែមថា៖ «កាលពីសប្ដាហ៍មុន ខ្ញុំបានចូលរួមដោយផ្ទាល់ ជាមួយតំណាង​មកពីប្រទេស​ចំនួន​៤០ ដើម្បីស្នើសុំឲ្យពួកគេចូលរួម និងនៅក្នុងករណីជាច្រើនផ្សេងទៀត ដើម្បីបង្កើនការប្រយុទ្ធ ប្រឆាំង​នឹង​ក្រុមរដ្ឋអ៊ីស្លាម»។

លោករដ្ឋមន្ត្រីបានអះអាងថា បានស្នើសុំជាពិសេស ទៅកាន់ប្រទេសធំៗជាច្រើន នូវ«កងកម្លាំងពិសេស យន្ដហោះ​ស៊ើបការណ៍ យន្ដហោះប្រមាញ់ និងអាវុធក៏ដូចជាគ្រាប់កាំភ្លើង»។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ប្រទេស​ទូរគី ត្រូវខំប្រឹងឲ្យបានច្រើន ដើម្បីត្រួតពិនិត្យព្រំដែនរបស់ខ្លួន ដែលតែងមានជ្រាបចេញចូល ដោយ​គ្មាន​ការ​អនុញ្ញាត។ ខ្ញុំក៏ចង់ឲ្យបណ្ដាប្រជាជាតិ ដែលប្រកាន់សាសនាអ៊ីស្លាម និកាយសូនីត មាន​សកម្មភាព​ច្រើន​ជាង​មុន។»

លោក កាទ័រ បានថ្លែងដល់ប្រទេសរ៉ូស្ស៊ីដែរថា៖ «វាដល់ពេលហើយ ដែលប្រទេសរ៉ុស្ស៊ី ត្រូវចូលរួមនៅ​ខាង​ក្រុម ដែលត្រឹមត្រូវ ដោយផ្ចង់អារម្មណ៍ធ្វើការវាយប្រហារ ទៅលើតែក្រុមរដ្ឋអ៊ីស្លាម តែមិនត្រូវវាយប្រហារ ទៅ​លើ​កង​កម្លាំង​ប្រឆាំង នៅ​ស៊ីរី​នោះទេ»។

កាលពីសប្ដាហ៍មុន នៅមុខការវាយប្រហាភេរវកម្ម (អបអរដោយក្រុមរដ្ឋអ៊ីស្លាម នៅពេលក្រោយមក) នៅក្នុង​រដ្ឋកាលីហ្វ័នី ដែលបានសម្លាប់មនុស្ស១៤នាក់នោះ សហរដ្ឋអាមេរិកបានប្រកាសរួចហើយថា ខ្លួន​នឹង​ពង្រឹក​កម្លាំង​របស់ខ្លួន ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ដោយដាក់ពង្រាយ នូវកងទ័ពពិសេស ដើម្បីដឹកនាំការវាយកំទេច ក្រុម​ជន​សកម្មប្រយុទ្ធ នៅក្នុងប្រទេសអៀរ៉ាក់ និងប្រទេសស៊ីរី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...