«អាមេរិក មិន​បាន​នៅ​ពី​ក្រោយ​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ​ទេ»

ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅកម្ពុជា បានថ្លែងបដិសេធ ថាសហរដ្ឋអាមេរិកមិនបាននៅពីក្រោយ នៃយុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ របស់​ក្រុម​សមាគមអង្គការសង្គមស៊ីវិលនោះឡើយ។ នេះបើតាមការអះអាង របស់លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា នៅ​បន្ទាប់​ពី​ជំនួប​មួយ រវាងលោកឯកអគ្គរដ្ឋទូត ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា។
«អាមេរិក មិន​បាន​នៅ​ពី​ក្រោយ​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ​ទេ»
លោក វីល្លៀម ហេត ឯកអគ្គរដ្ឋទូតអាមេរិក​​ប្រចាំកម្ពុជា ថ្លែងទៅកាន់សិស្សិនិស្សិតខ្មែរ កាលពីអំឡុងខែមករាកន្លងមក។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 11, 2016
  • ប្រធានបទ: កម្ពុជា-អាមេរិក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងជំនួបមួយ ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០១៦​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក​​ប្រចាំកម្ពុជា លោក វីល្លៀម ហេត (William A. Heidt) បានថ្លែងបដិសេធ ថា​សហរដ្ឋ​អាមេរិក​មិន​បានបញ្ជា ឬស្ថិតនៅពីក្រោយ យុទ្ធនាការស្លៀកពាក់ខ្មៅ ឬ«ថ្ងៃចន្ទពណ៌ខ្មៅ» របស់​ក្រុម​សមាគម​អង្គការ​សង្គម​ស៊ីវិល កាលពីថ្ងៃចន្ទ ទី៩ ខែឧសភាកន្លងមកនេះទេ។ នេះបើតាមការអះអាង របស់​លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន នៅ​ក្រោយ​ពី​ជំនួប​នោះ។

លោក សុន្ទរី បាន​ស្រង់សម្ដីរបស់ឯកអគ្គរដ្ឋទូត ដែលថ្លែងនៅចំពោះ​​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា មក​អះអាង​ថា សហរដ្ឋ​អាមេរិក​បាន​យល់​យ៉ាង​ច្បាស់​ថា អ្វីខ្លះដែលខ្លួនគួរធ្វើ អ្វីខ្លះដែលខ្លួនមិនគួរធ្វើ។ អ្នកនាំ​ពាក្យ​បាន​ថ្លែងឲ្យ​ដឹង​ថា៖ «ឯកឧត្តមអគ្គរដ្ឋទូត បានបដិសេធដាច់ខាត គឺអាមេរិកអត់បានអំពាវនាវ ឱ្យ​ធ្វើ​យុទ្ធនាការ​ស្លៀក​ពាក់​ពណ៌​ខ្មៅ នៅរៀង​រាល់​ថ្ងៃ​ចន្ទ​នោះទេ»។

ព្រឹត្តិការណ៍​នៃ​«យុទ្ធនាការស្លៀកពាក់ខ្មៅ» ត្រូវបានក្រុមសមាគមអង្គការសង្គមស៊ីវិលមួយក្រុម រៀបចំ​​ធ្វើ​​កាល​ពីថ្ងៃ​ចន្ទ​ទី៩ ខែ​ឧសភា​កន្លងមក ដើម្បីទាមទារឲ្យដោះលែង មន្ត្រីការពារសិទ្ធិមនុស្សបួនរូប និង​មន្ត្រីគ.ជ.ប មួយ​រូប ដែល​ត្រូវបានជាប់ឃុំ​ជាបណ្ដោះអាសន្ន ពីបទសូកប៉ាន់សាក្សី។ ព្រឹត្តិការណ៍នេះ ត្រូវបាន​ក្រុម​អ្នក​គាំទ្ររដ្ឋាភិបាល គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា និងសារព័ត៌មានក្នុង​ស្រុក​មួយចំនួន យកមកធ្វើ​អត្ថាធិប្បាយ ថា​ជា​យុទ្ធនាការ​មួយ ដែលឈានទៅផ្ដួល​រលំរដ្ឋាភិបាល របស់លោក ហ៊ុន សែន សព្វថ្ងៃ។ ក្រុមអ្នក​​ធ្វើ​អត្ថាធិប្បាយ ​បាន​សង្ស័យ​ថា អាមេរិកជាអ្នកនៅពីក្រោយយុទ្ធនាការនោះ បន្ទាប់ពីក្រុមសមាគម​អង្គការ​ទាំង​នោះ បាន​ចូល​ជួប​ជាមួយ​អគ្គរដ្ឋទូត​អាមេរិក ក្នុងពិធី​ទទួល​ទាន​អាហារ​មួយ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានថ្លែង នៅក្នុង​កិច្ច​សម្ភាស​មួយ​ ទៅ​ឲ្យ​សារព័ត៌មាន​ក្នុងស្រុកដែរថា យុទ្ធនាការស្លៀកពាក់ខ្មៅនោះ ជានិមិត្តសញ្ញា​របស់​ក្រុម​ខ្មែរ​ក្រហម និង​របស់​ក្រុម​ភេរវនិយម​រដ្ឋអ៊ីស្លាម។ លោក ស៊ីផាន បានលើក​ជា​ចម្ងល់​ឡើងថា៖ «អ្នកខ្លះគេចោទថា (ក្រុម​រដ្ឋ​អ៊ីស្លាម) ជា​​ក្រុម​​ដែល​ពួក​អាមេរិកាំង​បង្កើត។ ប្រហែលជាពួកអាមេរិកាំង បង្កើតពួក​ណ្នឹង (ក្រុមអង្គការសង្គមស៊ីវិល) ដែរ​​ឬ​​ទេ? ខ្ញុំ​ឆ្ងល់។»។

ដោយឡែក លោក វីល្លៀម ហេត ផ្ទាល់ ក៏បានអះអាង ទៅកាន់អ្នកសារព័ត៌មានដែរ​ថា សហរដ្ឋ​អាមេរិក ជា​អ្នក​គាំទ្រ​ដល់​អង្គការសមាគម សង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ហើយលោក​ថា ពួក​គេបាន​ធ្វើ​នូវ​រឿងល្អៗជាច្រើន សម្រាប់ប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូត បានថ្លែងថា៖  «យើងបានជួយសង្គមស៊ីវិល ឲ្យបម្រើការងារនៅទីនេះ ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស ការ​អភិវឌ្ឍសេដ្ឋកិច្ច ហើយអ្វីដែលជាការពិតនោះ ភរិយារបស់ខ្ញុំបានកើត និងធំធាត់នៅស្រុកក្រគរ ខេត្ត​ពោធិ៍សាត់ ដែលផ្ទះរបស់គាត់ស្ថិតនៅទឹកនោះ ហើយគាត់ជាអ្នកបម្រើការងារនៅ "NGO" មួយ ដើម្បី​ជួយយុវជន​កម្ពុជា ឲ្យ​ទៅ​សាលារៀន និងគេចចេញពីពលកម្មការងារ ដូច្នេះ "NGO" គឺជាសង្គម​ស៊ីវិល​នៅ​កម្ពុជា ដែល​បាន​ជួយ​អ្វីល្អៗ ច្រើនយ៉ាងណាស់ក្នុងសង្គម។ ហេតុដូច្នេះ ទើបនិយាយពីដើមមកថា យើង​គាំទ្រ​ចំពោះ​សង្គម​ស៊ីវិល។ ខ្ញុំសង្ឃឹមថាពួកគេនឹងបន្ត ការងារបែបនេះទៀត ដោយក្នុងនោះ រួមមានទាំងបុគ្គលិក​មួយ​ក្រុម​របស់អង្គការ អាដហុក នោះផងដែរ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...