ម៉ែឪអភ័យឯកសិទ្ធិ ឬជីដូនជីតាអភ័យឯកសិទ្ធិ?

មន្ត្រីបម្រើការងារ​ឲ្យអង្គការសហប្រជាជាតិ មានអភ័យឯកសិទ្ធិ រួចផុតពីការចោទប្រកាន់ ចាប់ចងទាំង​ឡាយ​ណា នៅ​ក្នុង​អំឡុង​ពេល​ នៃ​ការ​បំពេញ​កិច្ចការ​របស់ពួកគេ។ ក្រសួងការបរទេសកម្ពុជា បានទទួល​ស្គាល់​ពី​អភ័យឯកសិទ្ធិ​នេះ ដែល​ផ្ទុយ​គ្នា​ស្រឡះ ពី​ការ​ព្រមាន​របស់​នាយករដ្ឋមន្ត្រី ក្នុងពេលកន្លងមក និងការលើកឡើង របស់ក្រសួង​មហាផ្ទៃ​កម្ពុជា។
ម៉ែឪអភ័យឯកសិទ្ធិ ឬជីដូនជីតាអភ័យឯកសិទ្ធិ?
លោក ហ៊ុន សែន ថ្លែងជាភាសាវៀតណាម ទៅកាន់កម្មាភិបាលវៀតណាម កាលពីចុងឆ្នាំ២០១៤។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១១ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 11, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្វីទៅជាអភ័យឯកសិទ្ធិ? សម្រាប់ប្រទេសកម្ពុជា បញ្ហាអភ័យឯកសិទ្ធិ ត្រូវបានមន្ត្រី​នៅក្នុងជួររដ្ឋាភិបាល យក​មក​ធ្វើការ​បក​ស្រាយ យ៉ាង​ប្លែកៗ។ ហើយនេះ​ជាករណី របស់លោក សឺន សាលី មន្ត្រីបម្រើការ​ឲ្យ​ការិយាល័យ​ឧត្តម​ស្នងការ របស់​អង្គការ​សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលកន្លងមកត្រូវបាន​លោក ហ៊ុន សែន ថ្លែង​ព្រមាន​មិន​ខ្វល់​ពីអភ័យឯកសិទ្ធិ របស់មន្ត្រីរូបនេះឡើយ។

​អនុសញ្ញា​ឆ្នាំ​១៩៤៦ ស្ដីពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​​របស់​​​សហប្រជា​ជាតិ​ បានសរសេរថា មន្ត្រី​​សហ​ប្រជាជាតិ​​មាន​​​អភ័យ​ឯកសិទ្ធិ ​រួច​ផុត​ពី​​ដំណើរ​ការ​ផ្លូវ​ច្បាប់​ ទាក់​ទង​នឹង​ពាក្យ​​និយាយ​ស្ដី​ ឬ​សរសេរ​​ជា​​លាយ​​លក្ខណ៍​​អក្សរ​​ និង​​​ទង្វើ​​ទាំង​អស់​​ ដែល​​ពួកគេ​ធ្វើ​ក្នុង​សមត្ថភាព​ផ្លូវ​ការ​ របស់​ខ្លួន​។ ហើយប្រទេសកម្ពុជា​ ដែលជា​សមាជិក​មួយ​ របស់​អង្គការ​សហប្រជាជាតិ ចាំបាច់ត្រូវមានកាតព្វកិច្ច គោរពតាមអនុសញ្ញាទាំងនោះ។ តែ​ផ្ទុយ​ទៅ​វិញ ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់ ​រាប់ទាំងនាយករដ្ឋមន្ត្រីផង បានបង្កើតឲ្យមានការ​ប្រទាំង​ប្រទើស​គ្នា មិន​ដឹង​ថា​តើ​នឹង​ត្រូវ​ដោះស្រាយ យ៉ាង​ដូចម្ដេច។

លោក ស៊ឺន សាលី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន កោះ​ហៅ​ទៅ​ផ្ដល់​ចម្លើយ នៅក្នុងករណីលិខិតចំហរ របស់ស្ត្រីជាងធ្វើសក់ម្នាក់​ឈ្មោះ ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​បាន​សរសេរ​ចោទ​មន្ត្រី​រូបនោះ រួមនឹងមន្ត្រីរបស់​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត ថាបាន​លួង​លោម​នាង ឲ្យ​ផ្ដល់​ចម្លើយ​ក្លែងក្លាយ ទៅកាន់តុលាការ។ ប៉ុន្តែអវត្តមានរបស់លោក ក្នុងការបង្ហាញខ្លួន​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ ត្រូវបានលោក ឱម យិនទៀង ប្រធានអង្គភាពនេះ អះអាងថា នឹងធ្វើការ​នាំ​ខ្លួន ទោះ​បី​លោក សឺន សាលី ជា​មន្ត្រីរបស់អង្គការសហប្រជាជាតិក៏ដោយ។ បន្ទាប់មក មន្ត្រី អ.ស.ប ជំនាញ​ខាង​សិទ្ធិ​មនុស្ស​រូប​នេះ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានីភ្នំពញ ធ្វើការចោទប្រកាន់ ក្នុងករណីដដែលថែមទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោក ធ្លាប់បានធ្វើការព្រមានថា រដ្ឋាភិបាលកម្ពុជា មិន​ខ្វល់​ពី​អភ័យឯក​សិទ្ធិ របស់​លោក សឺន សាលី ឡើយ។ ថ្លែងក្នុងកម្មវិធីមួយ ជាមួយនឹងក្រុមកម្មករ​នៅ​ក្រុង​ព្រះសីហនុ កាល​ពីថ្ងៃ​ទី១ ខែ​ឧសភា លោក ហ៊ុន សែន បានប្រើសំដីធ្ងន់ៗ ទាក់ទងនឹងករណីនេះថា៖ «កុំអាង​អភ័យឯក​សិទ្ធិ… ម៉ែ​​អភ័យឯក​​សិទ្ធិ ឪ​អភ័យឯកសិទ្ធិ​ក៏ដោយ។ (...) ច្បាប់គឺច្បាប់ អត់មានរញ៉េរញ៉ៃទេ។»

ផ្ទុយទៅវិញ ក្រសួងការបរទេស និងសហប្រតិបតិ្តការ​អន្តរជាតិ របស់កម្ពុជា បានទទួលស្គាល់អភ័យឯក​សិទ្ធិ​នោះ ហើយ​អះអាងថា នឹងជួយអន្តរាគមន៍ ឲ្យមានការដោះលែង លោក​ សឺន​ សាលី​​ ដែលត្រូវ​បាន​តុលាការ​​ចោទ​​ប្រកាន់​ ពី​បទ​សមគំនិត ​ក្នុង​អំពើ​សូកប៉ាន់​សាក្សី។ នេះ បើតាមកការថ្លែងអះអាង របស់លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​របស់​ក្រសួង​នេះ ទៅកាន់សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន។

តំណាង​ការិយាល័យ ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee ) ក៏បានថ្លែងអះអាងដូចគ្នា ប្រាប់ទៅ​វិទ្យុ​អាស៊ីសេរី ក្នុង​ថ្ងៃ​ទី​១០ ខែឧសភា​ថា អង្គការ​​សហប្រជាជាតិ បាន​ទទួល​ការ​ឆ្លើយ​តប ​ពី​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​​បញ្ជាក់​​ថា ក្រសួង​​នេះ​​នឹង​​ជូន​​ដំណឹង​​ ទៅ​​អាជ្ញាធរ​​មាន​​សមត្ថកិច្ច ឲ្យ​ដោះស្រាយ​ករណី​លោក សឺន សាលី ស្រប​តាម​អនុសញ្ញា​​ឆ្នាំ​១៩៤៦ ស្ដី​ពី​​បុព្វសិទ្ធិ​ និង​​អភ័យ​ឯក​សិទ្ធិ​​នៃ​​អង្គការ​សហប្រជាជាតិ។ អ្នកស្រី លី បាន​បញ្ជាក់​ថា អង្គការ​សហប្រជាជាតិ ចាត់​​ទុក​​ការ​​ឆ្លើយ​​តប​​នេះ​ មានន័យ​​ស្មើ​​នឹង «លែង​មាន​ការ​ចោទ​ប្រកាន់ ​លើ​មន្ត្រី​របស់​អ្នកស្រី​ទៀត​ហើយ»។

ប៉ុន្តែជាថ្មីម្ដងទៀត ការអះអាង របស់ក្រសួងការបរទេសកម្ពុជា និងមន្ត្រីអង្គការ​សហប្រជាជាតិ មិន​ដូច​គ្នា​ទៅ​នឹង​ការ​លើក​ឡើង របស់លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ នៅក្នុងកិច្ចសម្ភាសមួយ ទៅឲ្យ​វិទ្យុ​អាស៊ី​សេរី ស្ដី​ពី​អភ័យឯកសិទ្ធិ​នេះទេ។ លោក ខៀវ សុភ័គ និយាយថា ​លោក សឺន សាលី នៅជាប់​ចោទ​នៅ​ឡើយ ហើយ​បើ​ទោះ​​​ជា​លោក សាលី មាន​អភ័យ​ឯកសិទ្ធិ​ក៏ដោយ ក៏​មិន​អាច​យក​អភ័យ​ឯកសិទ្ធិ​នោះ​ មក​​ការពារ​​ខ្លួន​​បាន​​ដែរ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឡើងថា៖ «គ្មាន​អភ័យ​ឯកសិទ្ធិ​ឯណាយូ.អិនៗ (UN) ឥឡូវ​មើល​​សញ្ជាតិ​គាត់​ទៅ​មើល សញ្ជាតិ​ខ្មែរ អី​ក៏​សញ្ជាតិ យូ.អិន សញ្ជាតិ​ខ្មែរ ឬ​ក៏​សញ្ជាតិ​អាមេរិក សញ្ជាតិ​​ណា​ក៏​ដោយ តែ​ខុស​ច្បាប់​ហើយ វា​អត់​មាន​អភ័យ​ឯកសិទ្ធិ​​អី​នោះ​ទេ»។

ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជា បានជឿជាក់ថា ប្រទេសកម្ពុជាមិនសូវជាខ្វល់ខ្វាយ រឿង​អនុសញ្ញា ឬ​កិច្ច​ព្រមព្រៀង​ជាអន្តរជាតិណា ដែលមិនបានផ្ដល់ប្រយោជន៍ ទៅឲ្យគណបក្សកាន់អំណាចឡើយ។ ផ្ទុយ​ទៅ​វិញ មន្ត្រី​រដ្ឋាភិបាល​​នៅ​ក្នុង​ប្រទេសនេះ ចាំបាច់ត្រូវអនុវត្តន៍ តាមការលើក​ឡើងនៃ​​មេធំ​របស់ខ្លួន ដូច​ជា​លោក ខៀវ សុភ័គ នេះ​ជា​ដើម ដែលត្រូវតែគាំទ្រ ឬ​អនុវត្តន៍​តាម​សម្ដី​លោក ហ៊ុន សែន បើទោះ​ជា​ការ​លើក​ឡើង របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា មិនមាននិតិភាព​ក៏ដោយ។ លោក សុភ័គ បាន​និយាយ​ថា៖ «ដូច​សម្ដេច​​នាយក​រដ្ឋមន្ត្រី​​ មាន​​ប្រសាសន៍​អ៊ីចឹង អ្នក​ឯង​ឪ​អភ័យ​ឯកសិទ្ធិ​ក៏ដោយ ម៉ែ​អភ័យ​ឯកសិទ្ធិ​ក៏ដោយ តែ​​ខុស​​ច្បាប់​​ខ្មែរ គេ​​ចាប់​​ហើយ។ តែ​ប៉ុណ្ណឹងនេះ​ជា​ជំហរ​របស់​ខ្ញុំ​ផ្ទាល់។»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...