វិធានការបំបាត់ជញ្ជីងថ្លឹងអនាធិបតេយ្យ របស់ក្រសួង រងការរិះគន់ថា គ្មានប្រសិទ្ធិភាព
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២៨ មិនា ២០១៥
- កែប្រែចុងក្រោយ: March 30, 2015
- ប្រធានបទ: ជញ្ជឹងថ្លឹង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លិខិតរំលឹក ឬបង្គាប់ ដែលបានចេញ ចេះតែចេញ តែការអនុវត្តន៍ គ្មានលទ្ធផល ហើយក៏គ្មានប្រសិទ្ធភាពអ្វីដែរ បើក្រសួងសារធារណៈការ និងដឹកជញ្ជូន នៅតែមិនមានវិធានការ ច្បាស់លាស់នោះ។ នេះជាថ្លែងរបស់លោក ព្រាប កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា តបទៅនឹងសារលិខិតមួយ របស់ក្រសួង សារធារណៈការ និងដឹកជញ្ជូន ដែលបានផ្ញើរទៅ ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូន នៅតាមរាជធានី-ខេត្តនានា ទាក់ទងនឹងការលុបបំបាត់ ការដាក់ប៉ុស្ដិ៍ជញ្ជីងថ្លឹង បែបអនាធិបតេយ្យ នៅតាមដងផ្លូវជាតិនានា ក្នុងប្រទេសកម្ពុជា។
លិខិតមួយច្បាប់ ចុះថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៥ និងមានហត្ថលេខា របស់រដ្ឋលេខាក្រសួង លោក លឹម ស៊ីដេនីន បានសរសេររំលឹក ទៅដល់ប្រធានមន្ទីរ ប្រចាំរាជធានី ខេត្តថា ដើម្បីធានាបាននូវ របៀបរៀបរយក្នុងសង្គមល្អ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានី-ខេត្ត ត្រូវចេញដាក់ នូវវិធានការម៉ឹងម៉ាត់ ក្នុងការលុបបំបាត់ឲ្យអស់ ការដាក់ប៉ុស្ដ៍អនាធិបតេយ្យ ក្រោមរូបភាពត្រួតពិនិត្យ ការដឹកជញ្ជូនលើសទម្ងន់កំណត់។
នៅក្នុងលិខិតនោះ ក្រសួងខ្លួនឯងបានទទួលស្គាល់ដែរថា រាល់សេចក្ដីសម្រេច នាពេលកន្លងមករបស់ក្រសួង ក្នុងការលុបបំបាត់ ការដាក់ប៉ុស្ដិ៍ជញ្ជីងថ្លឹង បែបអាណាធិបតេយ្យ តែងត្រូវបាន«ផ្គើន» ដោយមន្ត្រីក្រោមបង្គាប់មួយចំនួន។
សាកសួរតាមទូរស័ព្ទ ដោយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទាក់ទងនឹងលិខិតខាងលើ លោក ព្រាប កុល បានពន្យល់ថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន គួរចេញវិធានការ ឲ្យបានច្បាស់លាស់ជាងនេះ ធ្វើយ៉ាងណាដាក់ទោស ទៅលើជនដែលប្រព្រឹត្តល្មើស ពីសេចក្តីសម្រេចរបស់ខ្លួន និងចាប់ប៉ុស្ត៍ជញ្ជីងថ្លឹង បែបអនាធិបតេយ្យទាំងនោះ យកទៅដាក់ទោសតាមច្បាប់ ជាពិសេសត្រូវធ្វើការផ្សព្វផ្សាយ ឲ្យពលរដ្ឋទូទៅបានឃើញ ជាសារធារណៈ។
មេដឹកនាំអង្គការតម្លាភាពកម្ពុជា បានផ្ដល់ជាយោបល់ថា ក្រសួងគួរសហការ ជាមួយប្រជាពលរដ្ឋ ឲ្យបានជិតស្និត ដើម្បីផ្តល់ជាដំណឹង ឬរាយការណ៍ជាបន្ទាន់ ទៅឲ្យមន្ត្រីដែលជាប់ពាក់ព័ន្ធចុះអន្តរាគមន៍។ លោកថា មានតែប្រជាពលរដ្ឋទេ ដែលដឹងពីបញ្ហាច្បាស់ជាងគេ ព្រោះពួកគាត់បានជួប និងបានចំណាយច្រើន ទៅលើទង្វើអនាធិបតេយ្យទាំងនេះ គ្រាន់តែពេលខ្លះ ពួកគាត់មិនហ៊ាននិយាយ ដោយបារម្ភពីសុវត្តិភាពផ្ទាល់ខ្លួន។
សូមបញ្ជាក់ដែរថា លិខិតខាងលើនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីមានហេតុការណ៍បាញ់បោះ ធ្វើទារុណកម្ម ជាន់ក ចងស្លាបសេក ទៅលើពលរដ្ឋដឹកស្រូវ ពីសំណាក់ មន្ត្រីកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ កាលពីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥កន្លងមក។ ហេតុការណ៍នោះ បានកើតឡើង នៅត្រង់ចំណុច គីឡូម៉ែត្រលេខ៨៩ តាមបណ្ដោយ ផ្លូវជាតិលេខ១១ ក្នុងស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ បន្ទាប់ពីពលរដ្ឋដឹកស្រូវទាំងនោះ បានគេច មិនចូលរថយន្ដរបស់ពួកគេ ទៅឲ្យក្រុមមន្ត្រីទាំងនោះ ថ្លឹង។
ទាក់ទងនឹងករណី មានការចូលរួមពីមន្ត្រីកងរាជអាវុធហត្ថនេះ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចបង្កើត «គណកម្មការចំពោះកិច្ច»មួយ ដើម្បីស៊ើបអង្កេត ពីហេតុការណ៍នេះ ហើយបានសន្យាថា ជនប្រព្រឹត្តិល្មើស នឹងទទួលទោស។ រីឯលិខិតខាងលើ របស់រដ្ឋលេខាធិការ លោក លឹម ស៊ីដេនីន ក៏បានបញ្ជាក់ ទៅមន្ត្រីក្រោមឱវាទដែរថា ក្នុងករណីដែលជនបង្ក នៅហួសពីដែនសមត្ថកិច្ច មន្ទីរត្រូវរាយការណ៍ ជូនអាជ្ញាធរមានសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍៕