អ្នកភូមិក្បាលស្ពានមួយ ចោទមេភូមិ ឃុបឃិតលក់ផ្ទះបិទផ្លូវ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៩ មិនា ២០១៥
- កែប្រែចុងក្រោយ: March 30, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពលរដ្ឋចំនួនពីរគ្រួសារ ដែលរស់នៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងជួបបញ្ហាពិបាក ក្នុងការរស់នៅ ដោយសារគ្មានផ្លូវចូល សម្រាប់លំនៅដ្ឋាន របស់ពួកគេ។ ប្រភពពីអ្នកជិតខាង រស់នៅទីនោះ បានឲ្យដឹងថា អស់រយៈពេលពីរទៅបីឆ្នាំមកហើយ ដែលអ្នកភូមិនៅទីនោះ មានបញ្ហាលើដីផ្លូវនេះ។ តែគ្មានអាជ្ញាធរមូលដ្ឋានណា ដោះស្រាយជូនពួកគាត់នោះទេ តែផ្ទុយទៅវិញ បានរកលេសបដិសេធដំណោះស្រាយ មិនចេះចប់មិនចេះហើយ រហូតដល់មេភូមិនៅទីនោះ បានទទួលស្គាល់ វាស់វែងលក់ផ្ទះ ដែលសង់គ្មានច្បាប់ទម្លាប់ទាំងនោះ ឲ្យទៅម្ចាស់ក្លឹបកំសាន្ត និងថែមទាំងបដិសេធ សំណើររបស់គ្រួសារទាំងពីរនេះទៀត។
អ្នកស្រី ពេជ្យ ស្រីអូន ជាម្ចាស់ផ្ទះមួយ ដែលគ្មានផ្លូវចូលនោះ បានឲ្យដឹងថា អ្នករស់នៅក្បែរខាង ពិតជាបានលក់ដីផ្ទះរបស់ខ្លូន ដែលធ្វើលើផ្លូវសាធារណៈចាស់ ទៅឲ្យក្រុមហ៊ុនខ្លឹបហាត់ប្រាណនោះ ហើយនៅសល់តែអ្នកស្រី និងអ្នកភូមិមួយគ្រួសារទៀតប៉ុណ្ណោះ ដោយសារដីរបស់ពួកអ្នកស្រី សុទ្ធតែមានជាកម្មសិទ្ធ និងមានផ្ទះធំ ទើបមិនអាចលក់បាន ព្រោះមិនដឹងទៅរស់នៅឯណា។ អ្នកស្រីពន្យល់ថា អ្នកភូមិបានលក់ដីទាំងនេះ ដោយមានការស្រុះស្រួល ពីមេភូមិ ព្រោះសង្ឃឹមថា នឹងមានផ្លូវចេញចូលថ្មី។ តែបន្ទាប់ពីលក់អស់ មិនត្រឹមតែគ្មាន«ផ្លូវ»ទេ ថែមទាំងសង់ផ្ទះថ្មី បម្រុងបិទផ្លូវចាស់នោះតែម្តង។ រៀងរាល់ពេល ពួកគាត់ទាំងពីរគ្រួសារ ទៅសួរនាំពីបញ្ហាដីផ្លូវចាស់ ដែលបម្រុងបិទនេះ ប្រធានភូមិបាននិយាយថា ចាំមើលគម្រោង របស់ក្រុមហ៊ុនសិន។
ម្ចាស់ផ្ទះមួយទៀត អ្នកស្រី អ៊ឹម សំអៀន បានឲ្យដឹងដែរថា គាត់បានដាក់ពាក្យបណ្តឹង ក៍ដូចជាឯកសារ ទៅកាន់ថ្នាក់មូលដ្ឋាន តែនៅមិនមានចម្លើយសោះ។ មេភូមិ ហាក់មិនអើពើ ព្រោះចង់ឲ្យពួកគាត់លក់ដីនេះ ទៀត អ្នកស្រីបន្តថា តាំងពីពេល ដែលលក់ដីជាង១០គ្រួសារមក ម្ចាស់ក្លឹបកំសាន្ត បានសាងសង់ផ្ទះផ្សេងៗ ដែលបម្រើឲ្យ ផលប្រយោជន៍បុគ្គល មិនបានគិត ពីផលប៉ះពាល់ ដល់ពួកគាត់ ដែលគ្មានផ្លូវចេញចូលទេ។ស្របពេលគ្នា នឹងការសាងសង់អគារថ្មីឡើង មិនឃើញមានអាជ្ញាធរមូលដ្ឋាន ឬមេភូមិមកធ្វើការទប់ស្កាត់ និងសើរើ រំលឹកពីគម្រោងធ្វើផ្លូវទេ បែរជាសម្ងំស្ងៀម ទោះដឹងថា ត្រូវបិទផ្លូវចាស់ ធ្វើជាបន្ទប់ជួល ហើយបើកផ្លូវថ្មី នៅពីមុខហាងនោះក៏ដោយ។ អ្នកស្រីលើកឡើងថា៖ «រុះផ្ទះឈើធ្វើផ្ទះថ្ម ហើយថាមិនបានលក់ដី»។
ដោយឡែក មេភូមិក្បាលស្ពាន១ លោក អៀន សារឿន បានបដិសេធថា លោកមិនបានឃុបឃិត លក់ដី ដូចជាអ្នកភូមិបានចោទទេ គឺលោកគ្រាន់តែបានចុះកិច្ចសន្យា លក់ផ្ទះ អ្នករស់នៅអនាធិបតេយ្យប៉ុណ្ណោះ ព្រោះម្ចាស់ក្រុមហ៊ុន បានដាក់លិខិតស្នើ មកអ្នកភូមិ សុំទិញផ្ទះ អ្នករស់នៅគ្មានសណ្តាប់ធ្នាប់ នោះចេញ។ លោកថា បើអ្នកណាលក់បាន ក៏លក់ទៅ អ្នកណាលក់មិនបាន ក៏គ្មានអ្នកបង្ខំដែរ។
ចំណែកឯរឿង ដែលធ្វើ«ផ្លូវ»ថ្មី ត្រូវបានប្រធានភូមិថ្លែងឲ្យដឹងថា ជាគម្រោងចាស់របស់ក្រុមហ៊ុន ដែលបានដាក់មក ដោយមិនប្រាកដថា បានធ្វើនោះទេ។ ប្រធានភូមិ បានតម្លើងសម្លេងខ្លាំងៗថា៖ «ខ្ញុំបានយល់ព្រម ឲ្យលក់ផ្ទះ មិនមែនឲ្យលក់ដីទេ»។ មិនតែប៉ុណ្ណោះ លោកបានបដិសេធ មិនបានទទួលឯកសារមួយចំនួន ដែលអ្នកភូមិបាននិយាយថា ដាក់ពាក្យប្តឹង សុំអន្តរាគមន៍នោះទេ។
ទស្សនាវដ្តី មិនអាចសុំការបំភ្លឺ ពីលោក ចឹក ឆាយ ថៅកែក្លឹបកំសាន្តខាងលើបានទេ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។ ចំណែកឯម្ចាស់ផ្ទះទាំងពីរគ្រួសារ បានឆ្លៀតឱកាសនេះ ដើម្បីអំពាវនាវដល់អាជ្ញាធរ ដែលជាប់ពាក់ព័ន្ធ ទាំងក្រុង និងខេត្ត មេត្តា«បើកភ្នែក» ជួយអន្តរាគមន៍ ពីបញ្ហានេះផង៕