ប៉ែន សមិទ្ធិ អ្នកកាសែតខ្មែរជើងចាស់មួយរូប ទទួលមរណភាព
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣០ មីនា ២០១៥
- កែប្រែចុងក្រោយ: March 30, 2015
- ប្រធានបទ: សារព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
និពន្ធនាយកកាសែតរស្មីកម្ពុជា និងជានិពន្ធនាយក ឲ្យស្ថាប័នសារព័ត៌មាន ក្នុងស្រុកចំនួនពីរ លោក ប៉ែន សមិទ្ធិ បានទទួលមរណភាព ដោយរោគាពាធហើយ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងជន្មាយុ៥៤ឆ្នាំ។
លោក គឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានបង្ហោះព័ត៌មាន នៅលើគណនីហ្វេសប៊ុកផ្ទាល់ របស់លោកថា៖ «សូមចូលរួមទុក្ខក្រៀមក្រំ ជាមួយគ្រួសារបង សមិទ្ធិ និងក្រុមគ្រួសារអ្នកកាសែតខ្មែរ ដែលបាត់បង់ លោក ប៉ែន សមិទ្ធិ»។
ក្នុងគណនីហ្វសប៊ុក របស់លោក លោក ឆាយ សុផល ដែលជាសមាជិក នៃក្លឹបអ្នកការសែតកម្ពុជា បានសរសេរដូចគ្នានេះដែរថា៖ «ខ្ញុំគ្រាន់តែចង់ជូនដំណឹង ដ៏ក្រៀមក្រំមួយថា បង ប៉ែន សមិទ្ធិ បាន ស្លាប់ហើយ កាលពីព្រឹកមិញ វេលាម៉ោងប្រមាណ ៧:១០ នៅមន្ទីរពេទ្យ ដោយសាររោគាពាធ»។
ក្នុងអាយុ ៥៤ឆ្នាំ លោក ប៉ែន សមិទ្ធិ បានលាចាកលោកនេះទៅ តែប៉ុន្មានថ្ងៃ បន្ទាប់ពីលោក បានផ្ទេរតំណែងជា ប្រធានស្តីទី ក្លឹបអ្នកកាសែតកម្ពុជា ទៅឲ្យលោក ប៉ែន ប៊ុណ្ណា ដែលជាសមាជិកគណៈកម្មាធិការនាយក របស់ក្លឹបអ្នកកាសែតកម្ពុជា។
លោក ប៉ែន សមិទ្ធិ ជាអ្នកសារព័ត៌មាន ជើងចាស់ម្នាក់ តាំងពីឆ្នាំ១៩៨០។ បន្ទាប់ពីប្រកបអាជីព ជាអ្នកសារព័ត៌មាន អស់រយៈពេល២០ឆ្នាំ និងដោយលោកយល់ឃើញថា អ្នកសារព័ត៌មានប្រឈមមុខ និងការគម្រាមកំហែង ជាមួយនឹងការកាប់សម្លាប់ និងគ្មានការយកចិត្តទុកដាក់ ពីអាជ្ញាធររដ្ឋ លោកក៏បានសម្រេចចិត្ត បង្កើតនូវក្លឹបអ្នកកាសែតកម្ពុជានេះឡើង ក្នុងឆ្នាំ២០០០ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិនៃអ្នកព័ត៌មាន ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នឹងបង្ហាញនូវព័ត៌មានពិស្តារ ក្នុងអត្ថបទលើកក្រោយ ទាក់ទងនឹងមរណភាព របស់លោក។ សូមបញ្ជាក់ថា សពលោក ប៉ែន សមិទ្ធិ ត្រូវបានតម្កល់ធ្វើបុណ្យ តាមប្រពៃណី នាគេហរដ្ឋានរបស់លោក ជិតរង្វង់មូលផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន៕