ខៀវ កាញារីទ្ធ៖ ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង រវល់តែ«ដេក»
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ សីហា ២០១៦
- កែប្រែចុងក្រោយ: August 10, 2016
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រតិកម្មខ្លី តែមានន័យវែង និងបង្កឲ្យអ្នកអាន ទប់សំណើចមិនបាន។ ទប់មិនបាន ព្រោះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានដង្ហោយហៅ រកអ្នកក្រោមបង្គាប់របស់លោក ថាកំពុង«ដេកនៅឯណា» បានជាមិនឃើញមករាយការណ៍ ពីរឿងទំនាស់រវាងប្រជាជនខ្មែរ និងវៀតណាម រហូតដល់មានមនុស្សស្លាប់។
ប្រតិកម្មដង្ហោយស្វែងរក របស់លោករដ្ឋមន្ត្រី ធ្វើឡើងពីរថ្ងៃក្រោយ ហេតុការណ៍មួយ ដែលបានកើតឡើង នៅក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី៧ ខែសីហានេះ រវាងជនជាតិខ្មែរមួយគ្រួសារ និងជនជាតិយួនមួយក្រុម។ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្នុងហេតុការណ៍វាយតប់ ដែលបណ្ដាល មកពីទំនាស់ពាក្យសំដីនោះ មានមនុស្សស្លាប់យ៉ាងហោច ១នាក់ ជាជនជាតិខ្មែរ។
ជម្លោះបង្ករបួសស្នាម រហូតមានមនុស្សស្លាប់បែបនេះ ត្រូវបានលោក ខៀវ កាញារីទ្ធ លើកមកធ្វើជាមូលហេតុ ដើម្បីបន្ទោសប្រធានមន្ទីរព័ត៌មាន ខេត្តព្រៃវែង ដែលទំនងជាមិនបានដឹង ឬមិនបានរាយការណ៍ មកក្រសួងព័ត៌មាន។ លោក កាញារីទ្ធ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី១០ ខែសីហានេះថា៖ «មិនដឹងប្រធានមន្ទីរព័ត៌មាន ខេត្តព្រៃវែង ដេកនៅឯណា បានជាមិនឃើញរាយការណ៍ ពីរឿងទំនាស់ប្រជាជនខ្មែរ និងសហគមន៍វៀតណាម រហូតដល់មានស្លាប់»។
បន្ទាប់មក លោករដ្ឋមន្ត្រីបានសរសេរបន្ថែមថា៖ «បើអ្នកណាដឹងថា គាត់គេងនៅឯណា ជួយដាស់គាត់ ឲ្យទៅធ្វើការងារផង»។
លោក អៀង ជេដ្ឋ ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង មិនអាចសុំការធ្វើអត្ថាធិប្បាយបានទេ នៅក្នុងពេលភ្លាមៗនេះ ដោយសារទូរស័ព្ទមិនមានការឆ្លើយតប។ រីឯទំព័រហ្វេសប៊ុករបស់មន្ទីរព័ត៌មានខេត្តមួយនេះ ក៏មិនឃើញមានសកម្មភាពអ្វី រាប់ចាប់តាំងពីថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៤ ដែលជាថ្ងៃបង្ហោះព័ត៌មានចុងក្រោយនោះ មកដែរ។
សូមបញ្ជាក់ដែរថា លោក អៀង ជេដ្ឋ បានក្លាយជាប្រធានមន្ទីរព័ត៌មានខេត្ត តាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ជំនួសលោក កេត ឈាន អតីតប្រធានមន្ទីរមុន ដែលបានចូលនិវត្តន៍។ នៅថ្ងៃនោះ ពិធីផ្លាស់ប្ដូរតំណែងរបស់ប្រធានមន្ទីរចាស់ថ្មីទាំងពីររូប ត្រូវបានរៀបចំធ្វើឡើង ក្រោយអធិបតីរបស់លោក ខៀវ កាញារីទ្ធ ផ្ទាល់តែម្ដង៕