ច្របាច់ក​សម្លាប់​ប្អូន​ស្រី​ល្បី​ឈ្មោះ​លើ​បណ្ដាញ​សង្គម ដើម្បី​«កិត្តិយស​គ្រួសារ»

កញ្ញា កេនដែល បាឡូឆ៍ (Qandeel Baloch) ដែលមានឈ្មោះល្បីល្បាញ ដោយសារ​រូបថត និង​វីដេអូ ដែល​នាង​ថត​បង្ហោះ​​នៅ​លើ​បណ្ដាញសង្គម ត្រូវបានបងប្រុសបង្កើតរបស់នាង ច្របាច់ក​ សម្លាប់។ មូលហេតុ​នៃ​ឃាតកម្ម... គឺ​ដើម្បី​«កិត្តិយស​គ្រួសារ»។
ច្របាច់ក​សម្លាប់​ប្អូន​ស្រី​ល្បី​ឈ្មោះ​លើ​បណ្ដាញ​សង្គម ដើម្បី​«កិត្តិយស​គ្រួសារ»
កញ្ញា ហ្វួហ្សីយ៉ា អាហ្សីម ដែលដាក់រហស្សនាមខ្លួនឈ្មោះ កេនដែល បាឡូឆ៍ នៅលើបណ្ដាញសង្គម។ (រូបថត អ៊ីនស្តាហ្គ្រាម)
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 17, 2016
  • ប្រធានបទ: ឃាតកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាពស៊ិចស៊ីរបស់កញ្ញា ហ្វួហ្សីយ៉ា អាហ្សីម (Fouzia Azeem) ដែលដាក់រហស្សនាមខ្លួនឈ្មោះ កេនដែល បាឡូឆ៍ (Qandeel Baloch) នៅលើបណ្ដាញសង្គម ត្រូវបានអ្នកផងប្រៀបធៀបនាង ទៅនឹងតារារាងបាន​ដ៏​ទ្រលុក​ទ្រលន់​​​របស់អាមេរិក ឈ្មោះ «Kim Kardashian,»។ នោះ គឺដោយសារនាង ​តែងបានបង្ហោះរូបភាព និង​វីដេអូ​ផ្ទាល់​ខ្លួន​ដ៏សិចស៊ី​របស់នាង នៅលើបណ្ដាញសង្គម​ជាញឹកញាប់។

ប៉ុន្តែតារានៅលើបណ្ដាញសង្គម ជាតិបាគីស្ដង់ដ៏ក្មេងខ្ចីរូបនេះ ទើបនឹងត្រូវបាន​បងប្រុស​បង្កើតរបស់នាង ច្របាច់​ក សម្លាប់ កាលពីថ្ងៃសៅរ៍កន្លងមកនេះ។ គឺ​ឪពុកម្ដាយផ្ទាល់​របស់យុវតីរងគ្រោះ ជាអ្នក​រាយការណ៍​ឲ្យ​នគរបាលដឹង ពីសោកនាដកម្មនេះ។

លោក ស៊ុលតង់ អាហ្សាម (Sultan Azam) នាយនគរបាលក្រុង «Multan - ភាគកណ្ដាលនៃប្រទេសប៉ាគីស្ដង់» បានថ្លែងឲ្យដឹងថា៖ «តាមទំនងមើលទៅ វាជាឃាតកម្ម ដើម្បីកិត្តិយសគ្រួសារ»។

លោក អាហ្សាម បានបន្តទៀតថា៖ «ជនសង្ស័យដែលជាបងប្រុស របស់ជនរងគ្រោះ បានរត់គេចខ្លួន នៅ​ក្រោយ​ពេល​កើតហេតុ។ ប៉ុន្តែយើងនឹងខិតខំធ្វើយ៉ាងណា ដើម្បីចាប់ខ្លួនជននេះឲ្យបាន។»។

ភ្នាក់ងារនគរបាលមួយរូបទៀត លោក អាហ្សារ អាករាម (Azhar Akram) បានបញ្ជាក់បន្ថែម ពីឃាតកម្មនេះ ថា​បាន​កើតឡើងនៅខណ:ពេលកញ្ញា កេនដែល អាឡូឆ៍ បានមកលេង​ជាមួយឪពុកម្ដាយនាង នៅក្នុងក្រុង «Muzzafarabad» ដែលស្ថិតនៅក្បែរក្រុង «Multan» ដើម្បីចូលរួមប្រារព្ធបុណ្យ «Eïd»។ នគរបាល​រូបនេះ​បាន​បន្តទៀតថា៖ «បងប្រុសរបស់នាង ក៏នៅទីនោះដែរ។ ហើយគ្រួសារទាំងមូល បាននិយាយប្រាប់យើងថា គឺ​បង​ប្រុសនេះហើយ ដែលបានច្របាច់ក សម្លាប់នាង។ តាមទំនងមើលទៅ វាជាឃាតកម្ម ដើម្បីកិត្តិយស​គ្រួសារ។»។

កញ្ញា ដេនដែល បាឡូឆ៍ បានទទួលនូវភាពល្បីល្បាញ ដោយសារការបង្ហោះរូបភាព និងវីដេអូ​«ហ៊ានៗ»​របស់​នាង នៅលើបណ្ដាញសង្គម។ គណនីរបស់នាងនៅលើហ្វេសប៊ុក ឬអ៊ីនស្តាហ្គ្រាម មានមនុស្សតាមដាន និង​ចូល​ចិត្តជាច្រើនពាន់ម៉ឺននាក់។ ប៉ុន្តែនាង បាឡូឆ៍ មិនបានធ្វើឲ្យមនុស្សទាំងអស់ សប្បាយចិត្តនោះឡើយ ជា​ពិសេស មិនសប្បាយចិត្ត​ចំពោះកាយវិការរបស់នាង ដែលពោរពេញដោយភាពរោលរាល នៅក្នុងប្រទេសមួយ ដែល​ប្រកាន់តាម​សាសនាអ៊ីស្លាម និងសម្បូរដោយជនអភិរក្សនិយម។

នៅក្នុងប្រទេសប៉ាគីស្ដង់ ស្ត្រីជាច្រើនរយនាក់ ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ ដោយក្រុមគ្រួសារខ្លួនឯង។ ឃាតកម្ម​ទាំងនោះ ធ្វើឡើងនៅក្រោមហេតុផល ដើម្បីសង្គ្រោះ«កិត្តិយសគ្រួសារ»៕

----

» ខាងក្រោមនេះ ជាវីដេអូមួយរបស់នាង កេនដែល បាឡូឆ៍៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...