ហ្វេសប៊ុក ហ៊ុន សែន និយាយរឿងមួយ តែ«ធ្វើភ្លេច»រឿងប្រាំ
មួយថ្ងៃបន្ទាប់ពីអំពើហិង្សា នៃការបង្ក្រាបបាតុកម្មរបស់ក្រុមកម្មករ នៅតាមបណ្ដោយផ្លូវវេងស្រេង ទំព័រហ្វេសបុកមួយដែលដាក់ឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ( សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា) បានសរសេរអត្ថបទខ្លីមួយ មានចំណងជើងថា «រាជរដ្ឋាភិបាលគាំទ្រ និងស្វាគមន៍សិទ្ឋិសេរីភាពបាតុកម្មអហិង្សា» ហើយក៏បានសរសេរដែរ ពីដំណោះស្រាយ«មួយ»ដែលអាចធ្វើបាន។ ផ្ទុយពីអ្វីដែលមានសរសេរ នៅក្នុងអត្ថបទខ្លីនោះ ម្ចាស់ទំព័រហ្វេសប៊ុកមួយនេះ ដូចជាបានភ្លេច ឬក៏«ធ្វើភ្លេច»នូវរឿងប្រាំផ្សេងទៀត។
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។
ហ្វេសប៊ុកកម្ពុជា - ទំព័រហ្វេសប៊ុកនោះ បានចាប់ផ្ដើមនូវឃ្លាដំបូងដូច្នេះថា «ទាំងរាជរដ្ឋាភិបាល ទាំងអង្គការសហប្រជាជាតិ គឺគាំទ្រជានិច្ចចំពោះបាតុកម្មអហិង្សា ទាមទារនូវអ្វីៗ ដែលអាចដោះស្រាយបានដោយសន្តិវិធី»។ តែនេះ ជាឃ្លាដែលធ្វើឲ្យអ្នកផងមិនយល់ថា ហេតុអ្វីក៏ចាំបាច់ភ្ជាប់អង្គការសហប្រជាជាតិ ចូលមកជាមួយរដ្ឋាភិបាលកម្ពុជា? តើស្ថាប័នកំពូលរបស់ពិភពលោកនេះ មានអ្វីត្រូវមកទាក់ទងជាមួយបាតុកម្មនៅក្នុងប្រទេសកម្ពុជា? ចំពោះពាក្យថា «គាំទ្រជានិច្ច»ដែលនៅក្នុងឃ្លាខាងលើនោះ សួរថាតើអង្គការសហប្រជាជាតិ ធ្លាប់គាំទ្រ«តែមួយភ្លែត»ចំពោះបាតុកម្មអហិង្សាឬយ៉ាងណា?
តាមពិតទៅ ម្ចាស់ទំព័រហ្វេសប៊ុកនេះ ដែលមនុស្សភាគច្រើនជឿថា ជាលោក ហ៊ុន សែន នោះ ចង់ទាញភ្ជាប់អង្គការសហប្រជាជាតិ មកនិយាយនៅក្នុងឃ្លាសរសេរជាបន្ទាប់មកទៀត ដើម្បីឲ្យអ្នកផងយល់ថា រដ្ឋាភិបាលកម្ពុជានិងអង្គការពិភពលោកនេះ មានជំហរតែមួយ ដូចជានៅក្នុងឃ្លាថា «ដំណោះស្រាយដែលអាចធ្វើបាន គឺមិនត្រូវដាក់សំពាធកំហិតដាច់ខាត ប៉ុន្តែត្រូវមានការចូលរួមពីក្រសួងពាក់ព័ន្ឋ សាម៉ីក្រុមហ៊ុនផលិត និងនាំចេញ សហជីព និង តំណាងកម្មករ។ បក្សប្រឆាំងមិនត្រូវបន្តញុះញុង ដាក់សំពាធកំហិត អោយគេធ្វើតាមអំពើចិត្តរបស់ខ្លួន ដើម្បីកលល្បិច ផលប្រយោជន៍នយោបាយរបស់ខ្លួនឡើយ។»
បើទោះជាមិនយកអង្គការសហប្រជាជាតិ មកសរសេរជាមុនពីខាងលើមក ក៏ពីរឃ្លាកន្លងមកនេះ មិនមានអ្វីខុសនោះឡើយ ត្បិត«បញ្ហាសង្គម និងសេដ្ឋកិច្ច» វាចាំបាច់ត្រូវតែមានការចូលរួមដោះស្រាយ ពីភាគីពាក់ព័ន្ធ ហើយគេក៏មិនត្រូវយកបញ្ហានយោបាយមកឡូកឡំនោះដែរ។ ផ្ទុយទៅវិញ នៅក្នុងឃ្លានេះ នៅពេលម្ខាស់ទំព័រសរសេរថា «មិនឲ្យមានការដាក់សំពាធ«កំហិត»នោះ ម្ចាស់ទំព័រដូចជា«ធ្វើភ្លេច»ថា រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងាររបស់ខ្លួន បានកំហិតឲ្យក្រុមកម្មករ«ត្រូវតែ»ទទួលយក ប្រាក់ឈ្នួល ១០០ដុល្លាអាមេរិក ជំនួសការទាមទាររបស់កម្មករ ដែលស្នើសុំរហូតដល់ទៅ១៦០ដុល្លា។ ម្ចាស់ទំព័រហ្វេសប៊ុកនេះ ក៏ដូចជា«ធ្វើភ្លេច»ទៅទៀត ថាអ្នកជំនាញរបស់ក្រសួងការងារ បានស្រាវជ្រាវរកឃើញថា កម្មករអាចមានជីវភាពត្រឹមត្រូវ លុះត្រាពួកគាត់ទទួលបានបៀវត្ស រវាងពី ១៥៧ ទៅ ១៦៧ដុល្លាអាមេរិក។
តាមគម្រោងរបស់ក្រសួងការងារ ការតម្លើងប្រាក់ខែរហូតដល់១៦០ដុល្លា អាចនឹងធ្វើទៅបាន តែត្រូវរងចាំ៥ឆ្នាំទៀតសិន។ ដូច្នេះរវាងពីពេលនេះ ទៅបួនប្រាំឆ្នាំខាងមុខ កម្មករកម្ពុជាទាំងរាប់សិបម៉ឺននាក់នេះ ត្រូវតែទ្រាំរស់នៅទាំងវេទនា ត្រដរក្រខ្សត់សិន ព្រោះរដ្ឋាភិបាលដូចជា«ធ្វើភ្លេច»និយាយពីជីវភាពកម្មករ ដែលត្រូវប្រឈមនឹងការចំណាយគ្រប់បែបយ៉ាង តែបែជាលើកមកនិយាយ តែពីសារៈសំខាន់នៃនយោជក តែមួយផ្នែកប៉ុណ្ណោះ។
និយាយជារួម ម្ចាស់ទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister ពិតជាមនុស្សម្នាក់ដែលឆ្លាតជាទីបំផុត ដោយបានលើកមកសរសេរ នូវរឿងរ៉ាវតែមួយចំហៀង ហើយបាន«ធ្វើភ្លេច»រឿងដទៃទៀត ដែលរដ្ឋាភិបាលកម្ពុជាមិនចង់និយាយ។ នេះគេនៅមិនទាន់យកមករំលឹក ទាក់ទងនឹងអំពើហិង្សា ដែលកើតចេញពីការប្រឈមមុខគ្នារវាង បាតុករជាកម្មករ ជាមួយនឹងកងកម្លាំងអាជ្ញាធរបាញ់បោះគ្រាប់កាំភ្លើងពិត ហើយឈានធ្វើឲ្យមានមនុស្សស្លាប់ របួសជាច្រើននាក់ កាលពីថ្ងៃទី០៣ ខែមករាកន្លងទៅនេះផងទេ។
ពីពេលនោះ មកដល់ពេលនេះ ម្ចាស់ទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister ដូចជាមិនបានលើកមកនិយាយពីអ្នកស្លាប់ និងរបួសទាំងនេះ ឲ្យបានស៊ីជម្រៅពិតប្រាកដ ក្រៅតែពីហៅបាតុករថា ជាក្រុមជ្រុលនិយម និងឃ្លាដែលមានសរសេរថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋ និងពលករ»ប៉ុណ្ណោះ។ មិនបាន«ស៊ីជម្រៅ» ឧទាហរណ៍ដូចជាសំនួរថា តើអ្នកណាជាអ្នកទទួលខុសត្រូវនៃអំពើបាញ់បោះ ដែលឈានទៅដល់ការស្លាប់និងរបួសទាំងអស់នេះ ម្ចាស់ទំព័រហ្វេសប៊ុក របស់បុរសខ្លាំង ទំនងជា«ធ្វើភ្លេច»ទៀត ថាមនុស្សទាំងអស់នោះ ក៏ជាពលរដ្ឋមានសាច់ឈាមដូចខ្លួនដែរ៕
---------------------------------------------
ដោយ៖ ក. សេងហុង ថ្ងៃ០៤ ខែមករា ឆ្នាំ ២០១៤
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ