កម្ពុជា៖ ប្រើវិធីសាស្រ្តបែបអបិយជំនឿ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
បួនលើកមកហើយ ដែលព្រះសង្ឃរាប់ពាន់អង្គ បាននិមន្តសូត្រធម៌ប្រោះព្រំលើដងវិថីសំខាន់ៗ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៌ធំៗ នៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
គ្រោះថ្នាក់ចរាចរណ៍មួយ នៅតាមដងផ្លូវមួយ ក្នុងខេត្តស្ទឹងត្រែង។
ការផ្តួចផ្តើមឲ្យមាននូវពិធីនេះឡើង បន្ទាប់ពីគ្រោះថ្នាក់ធំជាច្រើនលើក កើតមាននៅដើមឆ្នាំ២០១៣នេះ ដែលបណ្តាលឲ្យអ្នកបើកបរ និងអ្នកធ្វើដំណើរតាមផ្លូវ រងគ្រោះថ្នាក់ដល់ជីវិត និងរងរបួសធ្ងន់ស្រាល ជាច្រើននាក់។
ប្រធានក្រុមហ្វេសបុកមួយមានឈ្មោះថា ព័ត៌មានជាតិថ្មីៗដោយសេរី និងប្រតិកម្មរហ័យ លោកខ័ណ្ឌ ច័ន្ទសុផល បាននិយាយកាលពីថ្ងៃច័ន្ទ ទី១ ខែមេសា ឆ្នាំ២០១៣ថា លោកជាអ្នករៀបចំ ឲ្យមាននូវការធ្វើពិធីនិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រំនៅតាមផ្លូវ ដែលមានគ្រោះថ្នាក់ចរាចរណ៍ធំៗនោះ ដូចជានៅផ្លូវជាតិលេខ៤ ស្ពានគីសូណា ខេត្តកំពង់ចាម ផ្លូវមុន្នីរ៉េត និងផ្លូវព្រះមុន្នីវង្សក្នុងទីក្រុងភ្នំពេញ ទៅកាន់ក្រុងតាខ្មៅខេត្តកណ្តាលជាដើម។
លោកច័ន្ទសុផលបានថ្លែងថា៖ «ខ្ញុំបានចាប់ផ្តើមធ្វើពិធីនិមន្តព្រះសង្ឃ សូត្រធម៌ដេញគ្រោះចង្រៃ និងលើករាសីតាមផ្លូវ ដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរ តាំងពីដើមខែមិនា បន្ទាប់ពីនិស្សិតពេទ្យម្នាក់ បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រហូតមានក្មេងបីនាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង»។
ក្នុងពិធីនោះ លោកបាននិមន្តព្រះសង្ឃជាច្រើនរយអង្គសូត្រព្រះធម៌ និងប្រោះព្រំដេញគ្រោះចង្រៃ ចាប់ពីវិមានឯករាជ្យ រហូតដល់ស្ពានអាកាសព្រះមុន្នីវង្ស (ស្ពានច្បារអំពៅ)។ ពិធីនេះមានការចូលរួម ពីប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ។
លោកខ័ណ្ឌ ច័ន្ទសុផលបានអះអាងថា៖ «មានប្រជាពលរដ្ឋប្រមាណជាជាង៣ម៉ឺននាក់ បានចូលរួមជាមួយខ្ញុំ ទាំង៤លើកដែលខ្ញុំបានធ្វើ ដោយមានអ្នកខ្លះ បានផ្តល់ជាថវិកាដើម្បីជួលឡានដឹកព្រះសង្ឃ និងទិញភេសជ្ជៈប្រគេនព្រះសង្ឃ និងអ្នកចូលរួមផងដែរ»។
ហេតុផល ដែលបានជម្រុញអោយលោកមានគំនិតធ្វើបែបនេះ គឺដោយសារតែលោកចង់ឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកដំណើរទាំងអស់ជួបប្រទះ តែសុខសប្បាយដោយសារបារមី និងការប្រោះព្រំបណ្តេញគ្រោះចង្រៃ មិនឲ្យកើតមានដល់ពួកគេ។
លោកច័ន្ទសុផល បានបន្តថា៖ «ខ្ញុំមិនមែនធ្វើបែបនេះ ដើម្បីបង្ហាញឲ្យអ្នកធ្វើដំណើររាល់គ្នា ជឿជាក់១០០%នោះទេ ហើយបន្តឲ្យពួកគេ ធ្វើការបើកបរដោយបំពាន និងមិនគោរពច្បាប់ចរាចរណ៏នោះទេ តែនេះគ្រាន់តែជាជំនឿ របស់ខ្មែរតែប៉ុណ្ណោះ។ សូមឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា គោរពច្បាប់ចរារចណ៏ និងអធ្យាស្រ័យឲ្យគ្នា ទៅវិញទៅមកពេលធ្វើដំណើរ»។
គួរបញ្ជាក់ដែរថា កាលពីរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៣ រូបលោក ច័ន្ទសុផលដដែលនេះ ក៏ជាអ្នកបានរៀបចំនិមន្តព្រះសង្ឃ ប្រមាណជាជាង១០០អង្គ មកពី៥វត្តក្នងរាជធានីភ្នំពេញ ធ្វើការសូត្រធម៌ពីគល់ស្ពានអាកាសព្រះមុន្នីវង្ស ដើម្បីសូត្រមន្តប្រោះព្រំលើកំណាត់ផ្លូវជាតិលេខ២ ទៅដល់រង្វង់មូលព្រះនរាយណ៏ក្រុងតាខ្មៅ ខេត្តកណ្តាល និង ដោយមានការប្រកាន់ខ្ជាប់នូវពាក្យស្លោកមួយថា «ថ្ងៃនេះ និងថ្ងៃស្អែក សូមកុំឲ្យមាន គ្រោះថ្នាក់ចរាចរណ៏កើតមានឡើង»។
លោកខ័ណ្ឌ ច័ន្ទសុផល បានមានប្រសាសន៌ឲ្យដឹងទៀតថា មានព្រះសង្ឃរាប់ពាន់អង្គ បានចូលរួមសហការណ៍ ជាមួយលោកក្នុងការការពារជីវិត អ្នកធ្វើដំណើរតាមផ្លូវ ដោយបានរួមគ្នាប្រោះព្រំលើករាសី និងផ្សព្វផ្សាយឲ្យពលរដ្ឋទាំងអស់ ការពារជីវិតរបស់ខ្លួន ដោយគោរពច្បាប់ចរារណ៌ និងប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើដំណើរជិត ឬឆ្ងាយ។
ដោយឡែក លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញារិទ្ធ ក៏បានអំពាវនាវ ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍នេះដែរ កាលពីថ្ងៃពុធទី២៧ ខែមិនា ឆ្នាំ២០១៣ ថាសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែធ្វើសំណុំរឿងពាក់ព័ន្ធ នឹងគ្រោះថ្នាក់ចរាចរណ៍ ទៅតុលាការដើម្បីដាក់ទោសជនបង្កហេតុ ដោយគ្មានការលើកលែង។
យោងតាមរបាយការណ៏បណ្តោះអាសន្ន របស់នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់ នៃក្រសួងមហាផ្ទៃ ចំពោះវិធានការដោះស្រាយ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១២បានឲ្យដឹងថា មានសំណុំរឿងចំនួន៩៨៣ករណី ត្រូវបានបញ្ជូនទៅតុលាការ ដែលក្នុងនោះមានការសំរុះសំរួល ចំនួន២២៣៤ករណី និងកំពុងបន្តការស៊ើបអង្កេត ចំនួន១១៣៣ករណី។
មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ៩៥ភាគរយនៃគ្រោះថ្នាក់ចរាចរណ៍ កើតមានឡើងដោយសារកត្តាមនុស្ស។
-----------------------------------------------
ដោយ ៖ គិន ងុយ - ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ