ឃាតកម្មលើបុរស«អាវមាស»៖ ចាប់ជនសង្ស័យបាន៤នាក់
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ កក្កដា២០១៦
- កែប្រែចុងក្រោយ: July 21, 2016
- ប្រធានបទ: ឃាតកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្ត្រីនគរបាលតំបន់ បាននិយាយថា លោក ដាតា ភូច (Datta Phuge) សេដ្ឋីខាងចងការប្រាក់ដ៏ធំម្នាក់ និងជាម្ចាស់«អាវមាស» នៅរដ្ឋ «Maharashtra (រដ្ឋភាគខាងលិច នៃប្រទេសឥណ្ឌា)» ត្រូវបានជនដៃដល់ចំនួន១២នាក់សម្លាប់ ដោយប្រើដុំថ្ម និងកាំបិត កាលពីយប់ថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន។
លោក ណាវនាត ហ្គរហ្គារ (Navnath Ghogare) អធិការនគរបាលតំបន់ បានថ្លែងឡើងថា៖ «បើតាមព័ត៌មាននៃការអង្កេតជំហានដំបូង លោក ភូច និងកូនប្រុសរបស់លោក ត្រូវបានអញ្ជើញដោយជនម្នាក់ ពីក្នុងចំណោមជនដៃដល់ទាំងអស់ ដើម្បីចូលរួមក្នុងបុណ្យខួបកំណើតមួយ។ ពួកគេសុទ្ធតែស្គាល់គ្នា។»។
អធិការនគរបាល បានបន្តទៀតថា៖ «យ៉ាងណាក៏ដោយ យើងកំពុងសិក្សាអង្កេតតទៅទៀត ថាហេតុដូចម្ដេច និងតាមមធ្យោបាយបែបណា ដែលលោក ភូច បានទៅដល់ទីកន្លែងកើតហេតុ រហូតលោកត្រូវបានគេសម្លាប់ដូច្នេះ»។ ទីកន្លែងកើតហេតុ ដែលខុសពីកន្លែងប្រារព្ធធ្វើបុណ្យខួបកំណើត (រូបភាពបង្ហាញ នៅក្នុងវីដេអូខាងក្រោម)។
អាជ្ញាធរបានអះអាង ក្នុងពេលភ្លាមៗថា ជនសង្ស័យបួននាក់ត្រូវបានឃាត់ខ្លួន។ មកដល់ពេលនេះ គេបានសង្ស័យថា មូលហេតុដែលឈានទៅដល់ឃាតកម្ម អាចបណ្ដាលមកពីប្រាក់ជំពាក់ ដែលក្រុមជនដៃដល់ បានខ្ចីពីលោក ដាតា ភូច ហើយទំនងជាលោក ភូច បានព្យាយាមទារពីពួកគេ នៅនឹងកន្លែង។
ប៉ុន្តែប្រសិនជាសារព័ត៌មានធំៗ នៅបស្ចឹមលោក បានចាប់អារម្មណ៍លើករណីឃាតកម្ម លើលោក ដាតា ភូច ក៏ព្រោះតែលោកធ្លាប់ល្បីល្បាញ និងមានឈ្មោះបោះសម្លេង នៅពាសពាញពិភពលោក បន្ទាប់ពីលោកបានទិញ«អាវមាស»មួយសម្រាប់ តម្លៃ ២៥០ ០០០ ដុល្លាអាមេរិក (ប្រមាណជា ២២៥ ០០០ អ៊ឺរ៉ូ) ដែលត្រូវបានកាត់ដេរយ៉ាងពិសេស តម្រូវតាមចិត្តប្រាថ្នារបស់លោក តាំងពីឆ្នាំ២០១៣។
អាវមាសដ៏អស្ចារ្យ មានទម្ងន់៣,៣២គីឡូគ្រាម តម្រូវឲ្យជាងកាត់មានគ្នា ១៥នាក់ និងបានប្រើរយះពេល ១៦ថ្ងៃ។ ជាមួយនឹងអាវនេះ លោក ភូច ទទួលបានរហស្សនាម ថាជា«មនុស្សមាស» ដែលជារហស្សនាម នៃក្ដីសុបិន្តរបស់លោកមួយ តាំងពីយូរមកហើយ។ លោកធ្លាប់អះអាង ប្រាប់បណ្ដាញទូរទស្សន៍អង់គ្លេស «BBC» ថាលោកចូលចិត្ត«មាស» និងសប្បាយចិត្ត ដោយគេបានហៅលោក តាមអ្វីដែលជាចំណូលចិត្តរបស់លោក។
លោក ភូច បានថ្លែងនៅពេលនោះថា៖ «មនុស្សខ្លះ បានសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំពាក់មាស ជាប់នឹងខ្លួនច្រើនម្លេះ? តែនេះ វាជាក្ដីសុបិន្តរបស់ខ្ញុំ។»។
យ៉ាងណាក៏ដោយ ក៏លោក ដាតា ភូច អតីតអ្នកចងការប្រាក់ ធ្លាប់បានអះអាងថា មិនបានពាក់«អាវមាស»របស់លោក ដើម្បីចេញដើរ នៅជារៀងរាល់ពេលនោះដែរ។ លោក ដាតា ភូច បានពាក់វា នៅក្នុងតែកម្មវិធីពិសេសៗប៉ុណ្ណោះ។ លោកបានពន្យល់ប្រាប់ទូរទស្សន៍ «BBC» ទៀតថា៖ «មនុស្សណាក៏ដោយ តែងមានបំណងប្រាថ្នារបស់ខ្លួនផ្សេងៗគ្នា។ អ្នកមានប្រាក់ខ្លះ ចង់បានរថយន្ដប្រភេទ ដូចយ៉ាង "Audi" ឬ "Mercedes" និងមានលក្ខណៈទំនើបធំៗ មកជិះ។ សម្រាប់ខ្ញុំវិញ ខ្ញុំជ្រើសរើសយក"មាស"។»។
ជាការរំលឹកឡើងវិញ បុរសអាវមាស មិនមែនមានតែលោក ដាតា ភូច តែម្នាក់នោះទេ។ សេដ្ឋីជាតិឥណ្ឌាម្នាក់ទៀត ក៏បានបង្អួតអាវមាសមួយសម្រាប់ ទំងន់បួនគីឡូក្រាមដូចគ្នា កាលពីខែសីហា ឆ្នាំ២០១៤កន្លងទៅ នៅក្នុងឱកាសនៃបុណ្យខួបកំណើតរបស់ខ្លួន៕
------------
» អត្ថបទដែលទាក់ទង៖ ពាក់«អាវមាស»ទំងន់៤គីឡូ ដើម្បីអបអរខួបកំណើតរបស់ខ្លួន
» របាយការណ៍ជាវីដេអូ របស់ទូរទស្សន៍ក្នុងស្រុក ទាក់ទងនឹងឃាតកម្មលើលោក ដាតា ភូច៖