ជម្លៀស​ពលរដ្ឋ​៥៤០០០​នាក់​ចេញ​ ព្រោះរក​ឃើញ​គ្រាប់​បែកសល់​ពី​សង្គ្រាម​លោក

ពលរដ្ឋអ្នករស់នៅ ក្នុងក្រុង អូស្បួរ (Augsbourg) ភាគខាងត្បូងអាល្លឺម៉ង់ ប្រមាណជា ៥៤០០០នាក់ ត្រូវ​បាន​អាជ្ញាធរ​ស្នើ​សុំ​ឲ្យ​ជម្លៀសខ្លួនចេញ នៅថ្ងៃបុណ្យណូអែល បន្ទាប់ពីបានរកឃើញ គ្រាប់បែកអង់គ្លេស ដ៏​«កញ្ចាស់»​មួយ​គ្រាប់ ដែល​នៅ​សល់ ពីសង្គ្រាមលោកលើកទីពីរ។ គឺជាការជម្លៀសដ៏ធំ មិនដែលធ្លាប់មាន តាំងពី​សម័យ​សង្គ្រាម​លោក ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរ កំទេចគ្រាប់បែកនេះ នៅកណ្ដាលក្រុង។
ជម្លៀស​ពលរដ្ឋ​៥៤០០០​នាក់​ចេញ​ ព្រោះរក​ឃើញ​គ្រាប់​បែកសល់​ពី​សង្គ្រាម​លោក
ទិដ្ឋភាពនៅលើដងផ្លូវ កណ្ដាលក្រុង អូស្បួរ ដែលមានតែកងកម្លាំងដោះមីន របស់អាជ្ញាធរអាល្លឺម៉ង់។ (រូបថត លើទ្វីសធើរ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី២៦ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 27, 2016
  • ប្រធានបទ: គ្រាប់មិនទាន់ផ្ទុះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការជម្លៀសពលរដ្ឋ ប្រមាណជា ៥៤០០០នាក់ ចេញពីក្រុង អូស្បួរ (Augsbourg - ភាគខាងត្បូងអាល្លឺម៉ង់) ត្រូវ​បានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែធ្នូ គឺនៅ​ចំថ្ងៃ​បុណ្យណូអែល (ឬគ្រឹស្មាស) នោះតែម្ដង។ ហើយ​​ភ្នាក់ងារ​នគរបាល ចំនួន៩០០នាក់ ត្រូវបានបញ្ជូន មកធ្វើកិច្ចការនេះ ដែលជា​ការជម្លៀស​ខ្លួន​ដ៏ធំ មិន​​ដែល​ធ្លាប់មាន រាប់​ចាប់​តាំងពី ពីសម័យសង្គ្រាមលោកមក។ នេះបើតាមការប្រកាសឲ្យដឹង របស់​អាជ្ញាធរ​ក្រុង ហើយ​ត្រូវ​បាន​​សារព័ត៌មាន​​អាល្លឺម៉ង់ យកចេញ​មកផ្សាយ នៅក្នុងថ្ងៃដដែល។

មូលហេតុបណ្ដាល ឲ្យមាការជម្លៀសពលរដ្ឋចេញនេះ ដោយសារ គ្រាប់បែកមួយគ្រាប់ ទំងន់១,៨តោន ត្រូវ​បាន​រក​ឃើញ នៅក្នុងការដ្ឋានសាងសង់មួយ កណ្ដាលទីក្រុង កាលពីថ្ងៃទី២០ ខែធ្នូកន្លងមក។ គ្រាប់​បែកនេះ ជា​របស់​កងទ័ព​​ចក្រភព​អង់គ្លេស ដែលត្រូវបានដឹក​តាមយន្ដហោះ មកទម្លាក់​នៅទីនោះ នៅក្នុងការ​វាយ​ប្រយុទ្ធ រវាង​​ក្រុម​កងទ័ព​សម្ព័ន្ធមិត្ត (អាមេរិក អង់គ្លេស បារាំង រ៉ូស្ស៊ី កាណាដា...) ប្រឆាំងនឹង​ក្រុម​ហ្វាស៊ីស​អាល្លឺម៉ង់ កាល​ពី​សង្គ្រាម​លោក​លើក​ទីពីរ។ ប៉ុន្តែ គ្រាប់បែក មិន​បាន​ផ្ទុះទេ។

ផ្ទុយពីអាយុកាលរបស់វា តែអាវុធដ៏កញ្ចាស់នេះ នៅតែ​មានគ្រោះថ្នាក់ និងអាចផ្ទុះបានគ្រប់ពេល។ ដូច្នេះ​ហើយ ទើប​អាជ្ញាធរ​បាន​ជ្រើសរើស​យក ថ្ងៃបុណ្យណូអែល ដើម្បីកំទេច ឬដកបង្កៃផ្ទុះចេញពីគ្រាប់បែក ដោយ​ហេតុថា នៅ​កណ្ដាល​ក្រុង​ក្នុងថ្ងៃនោះ មានសភាពស្ងប់ស្ងាត់... ហាងលក់ទំនិញ និង​ការិយាល័យ​ធ្វើការ​ទាំង​ឡាយ បាន​បិទ​ទ្វា។ អាជ្ញាធរ​បាន​​កំណត់​យក ផ្ទៃក្រឡាដីចំនួន ១,៥គីឡូម៉ែត្រ ព័ទ្ធជុំវិញគ្រាប់បែក ជាតំបន់​ដែល​​មាន​​ហនិភ័យ​​ខ្ពស់។

នៅក្នុងវីដេអូមួយ ដែលបង្ហោះនៅតាមបណ្ដាញសង្គម អភិបាលក្រុង​ «Augsbourg» លោក «Kurt Gribl» បាន​ឲ្យ​ដឹងថា៖ «នៅថ្ងៃនេះ ខ្ញុំសូមស្នើ​ទៅ​បណ្ដាជន ដែលស្ថិតក្នុងតំបន់នេះ ឲ្យចាកចេញ​ដោយខ្លួនឯង តាម​តែ​អាច​ធ្វើ​ទៅ​បាន»។ ជម្រកបណ្ដោះអាសន្ន ដូចជាសាលារៀន ឬអាគារកីឡាធំៗ ត្រូវបាន​បង្កើតឡើង សម្រាប់​ជន​ទាំង​ឡាយ​ណា ជាពិសេសជនជរាពិការ ដែលគ្មានលទ្ធភាពចាកចេញ ទៅឆ្ងាយ ឬអ្នកដែលគ្មានគ្រួសារ។

នៅសល់ ៣០០០គ្រាប់ទៀត នៅក្រោម... ប៊ែរឡាំង!

អាជ្ញាធរបានបញ្ជាក់បន្ថែមថា ប្រតិបត្តិការកំទេច ឬដកបង្កៃផ្ទុះ របស់គ្រាប់បែក ត្រូវបានធ្វើ ចាប់ពីវេលាថ្ងៃត្រង់ ហើយបានប្រើពេលរហូតដល់ទៅ៥ម៉ោង។

ទោះជាសង្គ្រាមលោក បានកន្លងផុតទៅ ជាង៧០ឆ្នាំហើយក៏ដោយ តែទឹកដីអាល្លឺម៉ង់ នៅតែមានសណ្ឋាន ជា​ចំការ​បង្កប់គ្រាប់បែក ដែលមិន​ទាន់​ផ្ទុះ​នៅ​ឡើយ។ គ្រាប់បែកទាំងនោះ តែងអណ្ដែត ឬត្រូវបានរកឃើញ​មក​វិញ​ជា​រឿយៗ មកដល់សព្វថ្ងៃ។ អាជ្ញាធរអាល្លឺម៉ង់ បានរំពឹងថា គ្រាប់បែក​សល់​ពី​សង្គ្រាម​លោក ដែល​នៅ​មិន​ទាន់​ផ្ទុះ ចំនួន៣០០០គ្រាប់បែកទៀត កំពុងសំងំលាក់ខ្លួនយ៉ាងស្ងប់ស្ងៀម នៅខាងក្រោមដីនៃរដ្ឋធានី ប៊ែរឡាំង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...