កម្ពុជាថាគ្រាប់បែកគីមី ខណៈអាមេរិកថាជា«គ្រាប់បង្ហូរទឹកភ្នែក»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២០ តុលា ២០១៧
- កែប្រែចុងក្រោយ: October 20, 2017
- ប្រធានបទ: គ្រាប់មិនទាន់ផ្ទុះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រាប់បែកគីមី ឬគ្រាប់បែកបង្ហូរទឹកភ្នែក? ចំណោទនិងមន្ទិល បានផ្ទុះឡើងនៅព្រឹកថ្ងៃទី២០ ខែតុលានេះ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានពន្យល់នៅក្នុងសេចក្ដីថ្លែងការណ៍ ដ៏វែងអន្លាយមួយរបស់ខ្លួន ជុំវិញគ្រាប់បែក«បង្ហូរទឹកភ្នែក» ថាមិនប៉ះពាល់ដល់សុខភាពឡើយ និងបានហៅយុទ្ធនាការថ្មីៗ ជុំវិញ«គ្រាប់បែកគីមី» ពីសំណាក់រដ្ឋាភិបាលកម្ពុជា ថាជារឿងនយោបាយ។
សេចក្ដីថ្លែងការណ៍បានធ្លាក់មកដល់ កាលពីយប់ថ្ងៃទី១៩ ចូលថ្ងៃទី២០ ខែតុលានេះ នៅខណៈយុទ្ធនាការ«ប្រឆាំងអាមេរិក» ពីសំណាក់រដ្ឋាភិបាលកម្ពុជា បានលើកឡើងមិនដាច់សូរ ពី«គ្រាប់បែកគីមី» ដែលត្រូវបានរកឃើញ នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីអំឡុងខែមករា ឆ្នាំ២០១៧កន្លងមក។
សេចក្ដីថ្លែងការណ៍ របស់ស្ថានទូតប្រទេសមហាអំណាច បានសរសេរឲ្យដឹងថា៖ «ថ្វីបើការប្រើឧស្ម័នធ្វើអោយចេញទឹកភ្នែក ជាញឹកញាប់ ជារឿងចំរូងចំរាស់ក្តី តែគេមានវិធីច្បាស់លាស់សំរាប់បំបាត់វា ហើយក៏គ្មានភស្តុតាងដែលថា វាបណ្តាលអោយមានបញ្ហាសុខភាពយូរអង្វែង ឬការកើតមកមិនគ្រប់លក្ខណៈដែរ។ ពិតមែនហើយ បើសិនជាមានមែន នោះអាជ្ញាធរនៅក្នុងប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ មិនប្រើវាទេ។»។
អត្ថបទដែលសរសេរ ជាភាសាអង់គ្លេស បានបន្តថា៖ «យើងមានការជឿជាក់ថា អាជ្ញាធរកម្ពុជាមានសមត្ថភាព និងធនធាន ក្នុងការបំផ្លាញគ្រាប់បែកឧស្ម័នធ្វើអោយចេញទឹកភ្នែកបាន ដោយសុវត្ថិភាព និងយ៉ាងឆាប់រហ័ស។ មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) បានដឹងពីវត្តមាន នៃគ្រាប់បែកបែបនេះ នៅខេត្តស្វាយរៀង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបានទទួលការបង្រៀនជាលំអិត លើរឿងនេះ ចំនួន ២ លើក នៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ពីអ្នកឯកទេសយោធាសហរដ្ឋអាមេរិក។»។
ស្ថានទូតអាមេរិក បានពន្យល់ទៀតថា៖ «ការបង្រៀននេះ នាំទៅដល់លំហាត់អនុវត្តជាក់ស្តែង នៅខេត្តមណ្ឌលគីរី កាលពីខែឧសភា ឆ្នាំ ២០១៦ ដែលនៅពេលនោះ អ្នកដោះមីនកម្ពុជា បានធ្វើការដោះគ្រាប់ឧស្ម័ន ធ្វើអោយចេញទឹកភ្នែក ទាំងនោះ។ ជាផ្នែកមួយ នៃវគ្គបណ្តុះបណ្តាលនេះ បញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក បានផ្តល់អោយកងយោធពលខេមរភូមិន្ទ នូវបរិក្ខាមួយសំរាប់ពេញ សំរាប់ប្រើចាំបាច់នៅក្នុងប្រតិបត្តិការលុបបំបាត់គ្រាប់ ធ្វើអោយចេញទឹកភ្នែក នៅនឹងកន្លែង។»។
ភ្លាមៗ បន្ទាប់ពីការចេញផ្សាយសេចក្ដីថ្លែងការណ៍ខាងលើ អាជ្ញាធរមីនកម្ពុជាក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែរ ច្រានចោលការលើកឡើងរបស់ស្ថានទូតប្រទេសមហាអំណាច និងបានអះអាងថា ការលើកឡើងខាងលើ មានបំណងបំភ្លៃការពិត និងបំភ័ន្តមតិជាតិ និងអន្តរជាតិប៉ុណ្ណោះ ដោយសារតែអាជ្ញាធរមីនកម្ពុជា គឺពិតជាទើបទទួលព័ត៌មាន នៅអំឡុងខែមករា ឆ្នាំ២០១៧នេះ ដែលរាយការណ៍ដោយប្រជាពលរដ្ឋនៅទីនោះ។
អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួនថា «យើងក៏បានទំនាក់ទំនង តាមគ្រប់មធ្យោបាយ ទៅស្ថានទូតសហរដ្ឋអាមេរិក ក្នុងន័យរួមសហការគ្នា តាមគោលការណ៍មនុស្សធម៌ ដើម្បីធ្វើការលុបបំបាត់ការភ័យខ្លាច របស់ប្រជាពលរដ្ឋនៅទីនោះ ប៉ុន្តែជាអកុសល យើងពុំដែលបានទទួលនូវការឆ្លើយតប ជាវិជ្ជមានណាមួយ ពីស្ថានទូតអាមេរិក នៅទីក្រុងភ្នំពេញឡើយ»។
ប៉ុន្តែសម្រាប់ស្ថានទូតអាមេរិក បានចាត់ទុកថា រាល់យុទ្ធនាការទាំងនេះ ជាការ«ប្រឹងប្រែងជាបន្ត ក្នុងការយករឿងមនុស្សធម៌ ធ្វើជារឿងនយោបាយ»។ ស្ថានទូតបានសរសេរបានបន្តថា៖ «សហរដ្ឋអាមេរិកមានជំនឿថា យើងទាំងអស់គ្នាគួរធ្វើការរួមគ្នា ដើម្បីលុបបំបាត់ កាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា និងនៅទូទាំងពិភពលោក។ យើងមានការទទួលខុសត្រូវច្បាស់លាស់ នៅក្នុងការដោះស្រាយកេរ្តិ៍ដំណែលរបស់យើង ហើយតែងតែមានឆន្ទៈ ពិចារណាលើសំណើសុំជំនួយ ដោយសុទ្ធចិត្ត។»។
សេចក្ដីថ្លែងការណ៍ របស់ស្ថានទូតប្រទេសមហាអំណាចបានបញ្ជាក់ថា៖ «ហេតុនេះហើយ បានជាយើងបានចំណាយថវិកា ចំនួនជាង ១៣១ លានដុល្លា នៅក្នុងរយៈពេល ២ ទសវត្សកន្លងទៅនេះ ដើម្បីរុករក និងដោះស្រាយ មិនមែនគ្រាន់តែចំពោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលមានប្រភពដើមពីសហរដ្ឋអាមេរិក នៅភាគខាងកើតនៃប្រទេសកម្ពុជាតែប៉ុណ្ណោះទេ តែថែមទាំងដោះស្រាយចំពោះគ្រាប់មីនមកពីប្រទេសចិន វៀតណាម និងសហភាពសូវៀតផងដែរ ដែលមានគ្រោះថ្នាក់ជាងគ្រាប់របស់អាមេរិក (និងដែលស្ថិតនៅ) ឆ្ងាយនាភាគខាងលិចប្រទេស។ កិច្ចសហប្រតិបត្តិការនេះ បានសង្គ្រោះជីវិតមនុស្ស និងបានផ្តល់ផលប្រយោជន៍យ៉ាងច្រើន សំរាប់ការអភិវឌ្ឍ ដល់ប្រទេសកម្ពុជា។ យើងសង្ឃឹមថា យើងអាចវិលត្រលប់ មកធ្វើការងារនេះវិញ ក្នុងពេលឆាប់ៗខាងមុខ។»៕