ក្រុមឃោសនាបោះឆ្នោតរបស់ គ្លីនតុន នឹងរាប់សន្លឹកឆ្នោតជាថ្មី
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៧ វិច្ឆិកា ២០១៦
- កែប្រែចុងក្រោយ: November 28, 2016
- ប្រធានបទ: ឆ្ពោះទៅសេតវិមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណៈកម្មការរៀបចំការបោះឆ្នោត នៃរដ្ឋវីស្កុនស៊ីន (Wisconsin ស្ថិតនៅភាគខាងជើង នៃសហរដ្ឋអាមេរិក) បានយល់ព្រមកាលពីថ្ងៃសុក្រ ថាខ្លួននឹងរៀបចំឡើងវិញ នូវការរាប់សន្លឹកឆ្នោតទាំងអស់ ដែលពលរដ្ឋអាមេរិកាំងនៅក្នុងរដ្ឋនេះ បានសម្ដែងឆន្ទៈរបស់ពួកគេ ក្នុងការជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៨ ខែវិច្ឆិកាកន្លងទៅ។ តែចំណាត់ការទាំងអស់នេះ ត្រូវបានលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីទើបនឹងជាប់ឆ្នោត វាយតម្លៃថា មានលក្ខណៈ«គួរឲ្យអស់សំណើច»។
អ្នកដែលទាមទារ ឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនេះ គឺអ្នកស្រី ជីល ស្តាំង (Jill Stein) ដែលជាបេក្ខនារីប្រធានាធិបតីមួយរូបទៀត មកពីគណបក្សបៃតង (បរិស្ថាននិយម)។ អ្នកស្រីបានពន្យល់ថា អ្នកស្រីមិនបានដាក់ការសង្ស័យ ទៅលើជ័យជំនះរបស់លោក ដូណាល់ ត្រាំ នោះទេ ប៉ុន្តែអ្នកស្រីចង់ពិនិត្យមើលឡើងវិញ ពីគុណភាព និងប្រសិទ្ធិភាព នៃនីតិវិធីទាំងឡាយ ដែលធ្វើការបូកសរុប ពីសម្លេងឆ្នោតទាំងអស់។
គណបក្សបៃតងរបស់អ្នកស្រី ដែលបានបើកឲ្យមានយុទ្ធនាការ ស្វែងរកថវិកាមួយ ដើម្បីចូលរួមចំណាយ ទៅក្នុងការរាប់សន្លឹកឆ្នោតនេះ បានជឿជាក់ដែរថា អាចនឹងមានការសម្រេចដូចគ្នា (ឲ្យរាប់សន្លឹកឆ្នោតឡើងវិញ) នៅក្នុងរដ្ឋពីរទៀត គឺរដ្ឋ«Pennsylvanie» និងរដ្ឋ «Michigan»។ តាមលទ្ធផលឆ្នោត ដែលបានប្រកាសឲ្យដឹង ពីរដ្ឋទាំងបីនេះ បញ្ជាក់ថា លោក ដូណាល់ ត្រាំ បានឈ្នះនាំមុខ លើអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារីគូប្រជែង មកពីគណបក្សប្រជាធិបតេយ្យ។
ចំពោះលោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតនោះវិញ បានហៅយុទ្ធនាការនេះ ជា«ការបោកប្រាស់» ពីសំណាក់គណបក្សបៃតង។ បេក្ខជនមានសំណាងជាងគេ មកពីគណបក្សសាធារណរដ្ឋរូបនេះ បានថ្លែង កាលពីថ្ងៃសៅរ៍ ក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «លទ្ធផលនៃការបោះឆ្នោតនេះ គួរត្រូវបានគោរព ជាជាងរងការតវ៉ា»។ លោកបានបញ្ជាក់ទៀតថា បើសូម្បីអ្នកស្រី ហ៊ីឡារី គ្លីនតុន ក៏បានទទួលស្គាល់ការបរាជ័យ របស់អ្នកស្រីរួចហើយដែរ។
ប៉ុន្តែការលើកឡើង របស់ប្រធានាធិបតីទើបនឹងជាប់ឆ្នោត មិនដូចគ្នាទាំងស្រុង ទៅនឹងការប្រកាស របស់ក្រុមឃោសនាបោះឆ្នោត របស់អ្នកស្រី គ្លីនតុន នោះទេ។ ក្រុមការងាររបស់អ្នកស្រី បានអះអាងថា ពួកគេនឹងចូលរួម រាប់សន្លឹកឆ្នោតនោះឡើងវិញ។ លោក ម៉ាក អ៊ីលៀស (Marc Elias) ទីប្រឹក្សាឃោសនាបោះឆ្នោត របស់អ្នកស្រី គ្លីនតុន បានប្រកាសថា៖ «ដោយសារនៅពេលនេះ ការរាប់សន្លឹកឆ្នោត ត្រូវបានសម្រេចធ្វើឡើងវិញ ដូច្នេះយើងមានបំណង នឹងទៅចូលរួម ដើម្បីបញ្ជាក់ឲ្យច្បាស់ ដំណើរការនៃការរាប់សន្លឹកឆ្នោតជាថ្មីនេះ នឹងប្រព្រឹត្តិទៅដោយគតិយុទ្ធ ពីគ្រប់ភាគី»។
យ៉ាងណាក៏ដោយ លោក ម៉ា អ៊ីលៀស ដែលបានដឹកនាំការអង្កេតផ្ទាល់ ពីការបោះឆ្នោតនេះ បានប្រកាសថា លោក និងក្រុមការងាររបស់លោក មិនបានរកឃើញភស្តុតាងណាមួយ ស្តីពីការលួចបន្លំ នៅក្នុងប្រព័ន្ធបោះឆ្នោតនោះឡើយ។
រដ្ឋវីស្កុនស៊ីន មានពេលរហូតដល់ថ្ងៃ១៣ ខែធ្នូ ដើម្បីរៀបចំ ឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ។ ដំណើរការនេះ ត្រូវចំណាយប្រាក់អស់ប្រមាណជា ១,១លានដុល្លារអាមេរិក។ អ្នកស្រី ជីល ស្តាំង បានអះអាងថា អ្នកស្រីរៃអង្គាសប្រាក់ បានប្រមាណជា ៥,៨លានដុល្លារហើយ ចាប់តាំងពីថ្ងៃពុធកន្លងមក ថ្ងៃដែលអ្នកស្រីបានប្រកាស ពីបំណងចង់រាប់សន្លឹកឆ្នោតឡើងវិញ។ តែទឹកប្រាក់ដែលសង្ឃឹមថា ត្រូវរកឲ្យបាននោះ មានកម្រិតរហូតដល់ទៅ ៧លានដុល្លារ ដើម្បីអាចឲ្យមាន នូវការរាប់សន្លឹកឆ្នោតឡើងវិញ នៅក្នុងរដ្ឋពីរទៀតដែរ៕