នរណាជាមន្រីដែលឆ្លើយនៅ IPU ថា«មិនដឹងសភាខ្មែរកែច្បាប់»?
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២០ តុលា ២០១៧
- កែប្រែចុងក្រោយ: October 20, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឥស្សរជននយោបាយខ្មែរមានច្រើន តែមិនប្រាកដថា សាធារណជន ពិតបានស្គាល់ទាំងអស់នោះទេ។ ការមិនស្គាល់ទាំងអស់នោះ កើតមានយ៉ាងហោចណាស់ ក៏រហូតមកដល់មុនពេល ដែលមន្ត្រីម្នាក់ វ័យចំណាស់សក់ស បានឆ្លើយនៅក្នុងអង្គប្រជុំ របស់អង្គការសហភាពអន្តរសភា កាលពីថ្ងៃទី១៨ ខែតុលាកន្លងមកនេះ ថាលោកមិនបានដឹងថា រដ្ឋសភាកម្ពុជាទើបនឹងអនុម័តច្បាប់ធ្វើវិសោធនកម្ម ទៅលើច្បាប់ជាច្រើន ដើម្បីឈានទៅរំលាយគណបក្សប្រឆាំង និងដកហូតអាសនៈរបស់គណបក្សនេះ ទៅបែងចែកឲ្យគណបក្សដទៃនោះទេ។
ចម្លើយមិនដឹងមិនឮរបស់មន្ត្រីខ្មែររូបនេះ ដែលជាតំណាងប្រតិភូកម្ពុជា នៅអង្គការសហភាពអន្តរសភា ហៅជាភាសាអង់គ្លេស «Inter-Parliamentary Union» និងជាអក្សរកាត់ «IPU» បានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសំនួរ របស់លោក «Saber Chowdhury» ប្រធានអង្គការនេះ ដែលចង់ដឹងនៅក្នុងអង្គប្រជុំថា តើប្រទេសកម្ពុជា បានធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដើម្បីផ្ដល់លទ្ធភាពរំលាយគណបក្សមែនឬទេ?
ប្រធានសហភាពអន្តរសភា លោក «Saber Chowdhury» ជាតិបង់ក្លាដេស បានថ្លែងសួរឡើងខ្លាំងៗថា៖ «ខ្ញុំចង់ស្ដាប់ចម្លើយពីភាគីកម្ពុជា សំនួរដំបូង តើប្រទេសរបស់លោក មានការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលធ្វើឡើងដោយគណបក្សតែមួយមែនឬ? ហើយច្បាប់ទាំងនោះ អាចផ្ដល់លទ្ធភាព ដើម្បីរំលាយគណបក្សប្រឆាំងមែនឬ? មែនឬមិនមែន សូមឆ្លើយ?»។
តំណាងប្រតិភូកម្ពុជា ដែលត្រូវបានគេស្គាល់ ត្រឹមតែជាបុរសចំណាក់សក់សម្នាក់ ក្នុងចំណោមប្រតិភូពីរនាក់ បានឆ្លើយឡើងថា៖ «រហូតដល់ពេលនេះ ពួកយើងមិនទាន់ទទួលបានព័ត៌មាន ពីការធ្វើវិសោធនកម្មច្បាប់ ទាំងនេះនៅឡើយ គឺវាអាចជាការផ្សព្វផ្សាយ ដែលមិនមែនជាការពិត»។
កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានលើកដៃអនុម័ត ធ្វើវិសោធនកម្មច្បាប់ចំនួន៤ ដែលបើកផ្លូវ ឲ្យមានលទ្ធភាពក្នុងការរំលាយគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា ហើយដកហូតយកអាសនៈទាំងនោះ ទៅចែកឲ្យគណបក្សផ្សេងទៀត ទោះជាគណបក្សទាំងនោះ គ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោតក៏ដោយ។
ការស្នើសុំធ្វើវិសោធនកម្មច្បាប់ និងការអនុម័ត ត្រូវបានធ្វើឡើង យ៉ាងប្រញាប់ប្រញាល់ នៅក្រោយការលើកឡើងរបស់លោក ហ៊ុន សែន កាលពីប៉ុន្មានសប្ដាហ៍មុន ព្រមានពីការរំលាយគណបក្សសង្គ្រោះជាតិ ហើយនឹងផ្ដល់អាសនៈរបស់គណបក្សនេះ ទៅឲ្យគណបក្សយ៉ាងហោច ចំនួន៥ផ្សេងទៀត។
លោក «Saber Chowdhury» បានបន្តជជីកសួរ នៅក្នុងអង្គប្រជុំដដែល ដែលបានបើកធ្វើ នៅក្រុង សាំង ភីធើស្បួរ (St. Petersburg) ប្រទេសរ៉ូស្ស៊ី ជាច្រើនថ្ងៃនោះ ជុំវិញគម្រោងរំលាយគណបក្សប្រឆាំង មានតំណាងរាស្ត្រ រត់គេចចេញក្រៅប្រទេស ហើយត្រៀមយកអាសនៈ ចំនួន៥៥ នៃគណបក្សនេះទៅចែកឲ្យគណបក្ស ដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យថា តើស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងពីសេរីនិយម និងពហុបក្សដែរឬទេ?
បុរសសក់សដដែល បានឆ្លើយតបវិញថា ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងទាំងនោះ បានចាកចេញពីប្រទេស ដោយខ្លួនឯង មិនមានអ្នកណាដេញ ហើយក៏គ្មាននរណាហាមឃាត់ មិនឲ្យពួកគេទាំងនោះ វិលត្រលប់ចូលប្រទេសវិញនោះដែរ។ តំណាងប្រតិភូកម្ពុជារូបនេះ បានបន្តបញ្ជាក់ទៀតថា៖ «ដូចខ្ញុំបានជម្រាបលោកប្រធានមុននេះ ថាយើងមិនទាន់ទទួលបានដំណឹង ពីការធ្វើវិសោធនកម្មច្បាប់នោះទេ ហើយក្នុងនាមខ្ញុំ ជាតំណាងគណៈកម្មការនៅទីនេះ ខ្ញុំនឹងរៀបចំសម្របសម្រួល ជូនលោកទៅបំពេញទស្សនកិច្ចទៅកម្ពុជា បើលោកស្នើសុំ»។
តើមន្ត្រីចំណាស់ខ្មែររូបនេះ ជានរណា និងមានថានៈអ្វី ទើបលោកមិនបានដឹង ពីហេតុការណ៍ដែលបានកើតឡើង ផ្អើលទឹកផ្អើលដី នៅក្នុងប្រទេសលោកដូច្នេះ?
មន្ត្រីខាងលើ មានឈ្មោះ យ៉ង់ សែម ជាតំណាងឲ្យរដ្ឋសភាខ្មែរ ប្រចាំក្នុងអង្គការសហភាពអន្តរសភា។ លោង អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់នៅមុននេះ ពីប្រវត្តិសាវតារបស់លោក យ៉ង់ សែម ថាលោកជាខ្មែរ មកពីសហរដ្ឋអាមេរិក ហើយនៅ«មុនការបោះឆ្នោត រៀបចំដោយអ៊ុនតាក់ ឆ្នាំ១៩៩៣ លោក យ៉ង់ សែម ជាមន្ត្រីគណបក្សហ៊្វុនសុិនបុិច (...) [និង]ឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រលំដាប់លេខមួយ មណ្ឌលខេត្តក្រចេះ»។
លោក អេង ឆៃអ៊ាង បានបន្តទៀតថា៖ «មុនការបោះឆ្នោតឆ្នាំ១៩៩៣ ប្រហែលមួយសប្តាហ៍ លោក យ៉ង់ សែម បានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្ន លោក យ៉ង់ សែម ជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស នៃព្រឹទ្ធសភា។»។
យ៉ាងណា ប្រធានអង្គការសហភាពអន្តរសភា បានបញ្ជាក់ច្បាស់ទៀតថា ចម្លើយរបស់លោក យ៉ង់ សែម នឹងត្រូវកត់ត្រាថតទុក ដោយបានព្រមានដោយប្រយោលថា ចម្លើយនេះមានសារៈសំខាន់ ចំពោះអនាគតរបស់កម្ពុជា បើសិនជាមានការដឹកនាំ តាមប្រព័ន្ធឯកបក្ស បំបាត់បក្សប្រឆាំង ដែលផ្ទុយពីការចែង របស់រដ្ឋធម្មនុញ្ញកម្ពុជានោះ។
សហភាពអន្តរសភា គឺជាអង្គការអន្តរជាតិដ៏ចំណាស់មួយ បង្កើតឡើងតាំងពីឆ្នាំ១៨៨៩ ដែលមានសមាជិកជារដ្ឋ ចំនួន១៧៣ប្រទេស និងមានសមាជិកជាសហព័ន្ធសភា ចំនួន១១ នៅលើពិភលោក។ អង្គការនេះ មានទីស្នាក់ការកណ្ដាល នៅក្រុង ហ្សឺណែវ ប្រទេសស្វីស៕