ជាម យៀប៖ រដ្ឋាភិបាលឯកបក្សនឹងដំណើរការ ទោះបក្សសង្គ្រោះជាតិធ្វើពហិការ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ បើតាមគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបនឹងប្រកាសលទ្ធផលនៃការបោះឆ្នោត បានឲ្យដឹងថាគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋ ៦៨ អាសនៈ ដែលអាចឲ្យគណបក្សប្រជាជនកម្ពុជា បង្កើតរាជរដ្ឋាភិបាលថ្មីបានដោយមិន«ខុសច្បាប់»ទេ ទោះជាគណបក្សប្រឆាំងធ្វើពហិការ មិនចូលរួមក្នុងការបង្កើតរដ្ឋសភាថ្មីក៏ដោយ។ នេះជាការលើកឡើងរបស់លោក ជាម យៀប មន្ត្រីជាន់ខ្ពស់មួយរូបនៃគណបក្សឈ្នះឆ្នោតនេះ។
លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ Soben)
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានពន្យល់ ក្រោយការប្រកាសបង្ហាញ ពីលទ្ធផលជាផ្លូវការដោយ គ.ជ.ប ថាគណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨ អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបាន ៥៥ អាសនៈ ហើយបើគណបក្សប្រឆាំងនេះធ្វើពហិការ ដោយមិនមានការស្រុះស្រួលគ្នាទេនោះ គណបក្សប្រជាជនកម្ពុជានឹងធ្វើតាម«រដ្ឋធម្មនុញ្ញ» ពិសេសរដ្ឋធម្មនុញ្ញបន្ថែម។
តំណាងរាស្រ្តទើបនឹងជាប់ឆ្នោតរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «តាមរដ្ឋធម្មនុញ្ញបន្ថែម ក្នុងឆ្នាំ២០០៤ នីតិកាលទីបី ដែលពេលនោះមានភាពទាល់ច្រក ផ្នែកនយោបាយជាងដប់ខែ។ (...) ក្នុងឆ្នាំ២០០៤នេះ ក្រោយពីមានការស្រុះស្រួលគ្នា យើងបានធ្វើវិសោធកម្មលែងឲ្យមានការឆកល្វែង ឬទាល់ប្រាជ្ញនោះទៀត យើងយកតែ៥០%+១ (ហាសិបភាគរយបូកមួយ) មានន័យស្មើនឹង៦២អសនៈ។ ដូច្នេះគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨ អាសនៈអាចធ្វើការដឹកនាំ និងរៀបចំបង្កើតរដ្ឋសភាថ្មីបានហើយ។»
ក្នុងតំណែងជាតំណាងរាស្រ្តជាង៣០ឆ្នាំមកហើយ លោក ជាម យៀប បានបន្តឲ្យដឹងទៀតថា ទោះបីជាមានពហិការ មិនចូលរូមរបស់គណបក្សសង្គ្រោះជាតិ ក៏គណបក្សប្រជាជនអាចធ្វើតែម្នាក់ឯងបាន មិនមានការខុសច្បាប់អ្វីនោះទេ ហើយគណរដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលថ្មីក៏មិនខុសច្បាប់នោះដែរ។
ការលើកឡើងរបស់លោក នៅពេលនេះ ធ្វើឲ្យអ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍នយោបាយខ្មែរ សង្ស័យអំពីសុពលភាពនៃរដ្ឋសភា ដែលមានតែឯកបក្ស និងមិនគ្រប់ចំនួនសមាជិកជាសភាមួយទាំងមូល ស្របតាមការចែងរបស់មាត្រា៧៦ ដែលបានកំណត់ឲ្យរដ្ឋសភាមានសមាជិករបស់ខ្លួន ដែលជាតំណាងរាស្ត្រជាប់ឆ្នោតយ៉ាងតិច១២០រូប ខណៈពេលដែលគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរយ៉ាងមុតមាំថា ខ្លួននឹងមិនចូលរួមប្រជុំសភាដំបូងជាដាច់ខាត ប្រសិនបើគណកម្មការចម្រុះមួយ មិនត្រូវបានបង្កើត។
សូមអានអត្ថបទស្វែងយល់ពីរដ្ឋធម្មនុញ្ញ ជុំវិញលទ្ធភាពនៃការបង្កើតរដ្ឋសភាឯកបក្ស ដោយចុចនៅលើទីនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ជាថ្មីទៀត ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ជំហររបស់គណបក្សសង្គ្រោះជាតិ នឹងបន្តរធ្វើមហាបាតុកម្មដូចដែល លោកសមរង្ស៊ី និងលោក កឹមសុខា បានប្រកាសក្នុងមហាបាតុកម្មអហិង្សា កាលពីថ្ងៃទី៧ ខែកញ្ញា ជាមួយនិងញត្តិទាំងបីចំណុច ដែលមហាបាតុកម្មអហិង្សានឹងដាក់ថ្វាយដល់ព្រះមហាក្សត្រ។ ក្នុងញត្តិនោះ គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាគណបក្សប្រឆាំង ទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយ ដើម្បីដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត និងស្នើសុំឲ្យ គ.ជ.ប ពន្យារពេល ប្រកាសលទ្ធផលបោះឆ្នោតជាបណ្តោះអាសន្នសិន។
«មិនមែនចង់ធ្វើបាតុកម្ម អាចធ្វើបាននោះទេ»
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិរូបនេះបានបន្តរថា មហាបាតុកម្មនឹងមានជាបន្តរក្នុងទាមទារ ឲ្យមានការដោះស្រាយពីលទ្ធផលនៃការបោះឆ្នោតនេ។ តែលោក យឹម សុវណ្ណ មិនបានបញ្ជាក់ពីពេលវេលា ណាមួយជាក់លាក់នោះនៅឡើយ។ ផ្ទុយទៅវិញ លោក ជៀម យៀប បានព្រមានតបវិញថា សុំច្បាប់ធ្វើបាតុកម្មម្តង ធ្វើបានតែម្តងនោះទេ ហើយរដ្ឋាភិបាលក៏នឹងពិចារណា ពីការស្នើសុំសារជាថ្មី មិនមែនចេះតែសុំហើយអាចធ្វើបាននោះទេ។
ការបែខ្នងដាក់គ្នារបស់គណបក្សជាប់ឆ្នោតទាំងពីរ ត្រូវបានលោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្រែល សម្ដែងប្រតិកម្ម ដោយបានបញ្ជាក់ថា គណបក្សប្រជាជនមិនគួណាប្រងើយកន្តើយ ចំពោះការស្នើសុំរបស់គណបក្សប្រឆាំង ក្នុងការបង្កើតគណកម្មការចម្រុះឯករាជ្យនោះទេ។ លោកបន្តរថា គណបក្សប្រជាជនកម្ពុជា មុននឹងធ្វើការបដិសេធនូវសំណើរខាងលើនេះ គួតែមានជំនួបមួយនៃថ្នាក់ដឹកនាំកំពូលរបស់បក្សទាំងពីរសិន៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៨ កញ្ញា ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ