អាកាស​ចរណ៍​​ស៊ីវិល​អន្តរជាតិ ត្រៀម​វិធានការ​បី ដើម្បី​ធានា​សុវត្ថិភាព​ការ​ហោះ​ហើរ

ជិតមួយឆ្នាំក្រោយការបាត់យន្ដហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដ៏អាថ៌កំបាំង អង្គការ​អាកាស​ចរណ៍​ស៊ីវិលអន្តរជាតិ នឹងជួបប្រជុំគ្នា ក្នុងសប្ដាហ៍នេះ ដើម្បីដាក់ចេញនូវវិធានការមួយចំនួន ដែល​អាច​ឲ្យ​គេ​រក​ឃើញ​តួ​យន្ដ​ហោះ​ភ្លាមៗ បន្ទាប់ពីបានជួបគ្រោះថ្នាក់ នៅកណ្ដាលសមុទ្រ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ និងយកការណ៍៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០១ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 01, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់​ពី​ការ​បាត់​ខ្លួន​ដ៏​អាថ៌កំបាំង នៃ​យន្ដហោះ MH370 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ នៅ​លើ​លំហ​មហា​សមុទ្រ​ឥណ្ឌា​រក​មិន​ទាន់​ឃើញ​នោះ​មក អង្គការ​អាកាស​ចរណ៍​ស៊ីវិល​អន្តរជាតិ ដែល​ហៅ​កាត់​ថា OACI បាន​គ្រោង​ដាក់​ចេញ​ឲ្យ​អនុវត្ត​នូវ​ផែនការ​មួយ​ចំនួន ដើម្បី​បញ្ជៀស​នូវ​វិនាសកម្ម​ដដែល​នេះ កើត​មាន​នៅ​លើក​ក្រោយ​ទៀត។ គម្រោង​នេះ​នឹង​ដាក់​បង្ហាញ​ជូន​ទៅ​រដ្ឋ​ជា​សមាជិក​ទាំង​១៩១ នៅ​ក្នុង​សន្និសីទ​រួម​គ្នា​មួយ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​សប្ដាហ៍​នេះ នៅ​ទីក្រុង​ម៉ុងរ៉េអាល់ (Montréal) ប្រទេស​កាណាដា។

ប្រទេសជាសមាជិកទាំងនោះ មានរយៈពេល៣ខែ ដើម្បីផ្ដល់ជាយោបល់។ បន្ទាប់ពីនោះមក និងសម្រាប់បី​ខែ​ខាងមុខ គម្រោងចុងបញ្ចប់នឹងត្រូវដាក់ឲ្យបោះឆ្នោតសម្រេច ដើម្បីឈានទៅដល់ការអនុវត្ត​នៅចុងឆ្នាំ២០១៥​នេះ។ ប្រភពមួយដែលស្និតនឹងអង្គការនេះ បានថ្លែងបញ្ជាក់ប្រាប់ភ្នាក់ងារយក​ព័ត៌មាន របស់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូប្រចាំ​ក្រុង​ម៉ុងរ៉េអាល់ ឲ្យដឹងថា៖ «កិច្ចការទាំងនេះ ត្រូវតែធ្វើដំណើរទៅមុខ ឲ្យលឿនជាទី​បំផុត។ បទពិសោធន៍ដែលទទួលបានក្នុងឆ្នាំ២០១៤នេះ បង្ហាញថាសុវត្ថិភាពនៃអាកាសចរណ៍​ពិភព​លោក មិនមានលទ្ធផលល្អឡើយ។»

ខាងក្រោយនេះ ជាគម្រោងទាំងបីដែលអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ត្រៀមនឹងយកមកជជែកគ្នា នៅក្នុសប្ដាហ៍នេះ៖

១) យន្ដហោះនឹងត្រូវតាមដាន់រៀងរាល់នាទី ប្រសិនបើមានបញ្ហា

អង្គការអន្តរជាតិចង់ឲ្យគ្រប់ជើងហោះហើរទាំងអស់ ត្រូវបានតាមដានដោយក្រុមហ៊ុនម្ចាស់យន្ដហោះ នៅ​រៀងរាល់១៥នាទីម្ដង នៅក្នុងស្ថានភាពធម្មតា និងរៀងរាល់មួយនាទីម្ដង ក្នុងករណីមានបញ្ហា (ដូចជាផ្លាស់​ប្ដូរផ្លូវហោះហើរជាដើម)។ ធ្វើដូចនេះ គេនឹងអាចរកឃើញតួយន្ដហោះភ្លាមៗ ក្នុងករណីធ្លាក់យន្ដហោះ នៅ​កណ្ដាលសមុទ្រ។ ជាមួយនឹងរលកសញ្ញាទាំងនេះ ក្រុមហ៊ុនយន្ដហោះ ត្រូវបានផ្ដល់ដំណឹងជាបន្ទាន់ ទៅ​កាន់​អធិការដ្ឋានត្រួតពិនិត្យអាកាស នៅតំបន់ដែលយន្ដហោះខ្លួនមានបញ្ហា។

២) ប្រអប់ខ្មៅនឹងអាចផ្ដាច់ខ្លួនចេញមកក្រៅបាន

ស្ថាប័នគ្រប់គ្រងអាកាសចរណ៍ពិភពលោកមួយនេះ មានបំណងចង់ឲ្យក្រុមហ៊ុនផលិតយន្ដហោះ ឲ្យបំពាក់នូវ​ប្រអប់ខ្មៅនៅនឹងយន្ដហោះ ដែលអាចអាចផ្ដាច់ខ្លួនចេញពីកន្លែងដែលទុកវា។ ក្រុមហ៊ុនអ៊ែរប៊ូស (Airbus) របស់អ៊ឺរ៉ុប បានដាក់ឲ្យមានកម្មវិធីផលិតនេះរួចហើយ។ ប្រអប់ខ្មៅទាំងពីរនៅក្នុងយន្ដហោះ នឹងរំស្រោប​ដោយ​ប្រព័ន្ធពោងកៅស៊ូមួយ ដើម្បីអាចឲ្យវាអណ្ដែតខ្លួនឡើងមកលើ ក្នុងករណីយន្ដហោះធ្លាក់ចូលក្នុង​ទឹក។

អង្គការអន្តរជាតិ ចង់កំហិតឲ្យយន្ដហោះដែលមានបំពាក់បច្ចេកវិទ្យាថ្មីនេះ នឹងត្រូវបានបញ្ចេញមកដាក់​ឲ្យ​ដំណើរការ ចាប់ពីឆ្នាំ២០២១ខាងមុខ។ ប៉ុន្តែ ករណីនេះអាចជួបនឹងបញ្ហាមួយចំនួន ទាក់ទងនឹងបច្ចេកទេស និងជាពិសេសទាក់ទងនឹងតម្លៃចំណាយ សម្រាប់ការបំពាក់ទៅរាល់យន្ដហោះ។

៣) គេហទំព័រកណ្ដាលមួយ ដើម្បីប្រមូលផ្ដុំព័ត៌មាន ទាក់ទងនឹងតំបន់មានហនិភ័យ

បទពិសោធន៍នៃការផ្ទុះយន្ដហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ នៅលើអាកាស បានជំរុញឲ្យអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ស្វែងរកវិធីបញ្ជៀសកុំឲ្យករណីនេះ កើតមានឡើងទៀត នាពេលអនាគត។ គេហទំព័រមួយនឹងត្រូវបានបង្កើត ដើម្បីប្រមូលផ្ដុំគ្រប់ព័ត៌មានទាំងអស់ ជុំវិញតំបន់ដែល​ពោរពេញដោយហនិភ័យ។ គេហទំព័រនោះនឹងអាចឲ្យប្រទេសជាសមាជិកទាំងអស់ ធ្វើការបញ្ជូនការ​ប្រែ​ប្រួល​ថ្មីៗបាន។

ព័ត៌មាននៃតំបន់ដែលមានហនិភ័យនេះ មិនត្រូវបានយកមកប្រើប្រាស់ ដោយអង្គការអាកាសចរណ៍ស៊ីវិល​អន្តរជាតិ ដើម្បីបិទឬបើកផ្លូវហោះហើរណាមួយទេ ហើយប្រទេសជាសមាជិក ក៏មិនចាំបាច់ត្រូវតែបង្ហើបប្រាប់ ពីព័ត៌មាននេះដែរ។ គម្រោងនេះដែលអាចនឹងចំណាយប្រាក់៣លានដុល្លានោះ ទទួលបានការគាំទ្រ​ពី​អាមេរិក ខណៈប្រទេសរ៉ូស្សីចាត់ទុកគម្រោងប្រមូលផ្ដុំព័ត៌មាននេះ មិនមានប្រយោជន៍ និងរំលងពីលើ​អំណាច របស់អង្គការសហប្រជាជាតិ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...