គ្រោះថ្នាក់ចរាចរណ៍៖ តុលាការ​ដាក់ឃុំ និង​​បន្ត​ការ​ស៊ើប​សួរ​លើ​យុវតី​និស្សិត​ពេទ្យ

លោក ប៉ែន ឃុន នាយរងការិយាល័យប៉ូលិសចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ទទួលបន្ទុកដោះស្រាយគ្រោះថ្នាក់​ចរាចរណ៍ បានប្រាប់អ្នកសារព័តមានមនោរម្យព័ងអាំងហ្វូថា យុវតីដែលកាន់ចង្កូតរថយន្ត និង សំណុំរឿងគ្រោះថ្នាក់​ចរាចរណ៍ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២ ខែមីនានេះ។ លោកបានបន្តថាព្រះរាជ​អាជ្ញាបានធ្វើការចោទប្រកាន់ ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរហើយ ៖ «ក្រៅពីនេះខ្ញុំមិនទាន់ដឹងទេ ថ្ងៃនេះ​សម្រាក ស្អែកទើបដឹងថាតុលាការសម្រេចយ៉ាងណា»។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កុមារីពីនាក់ និងកុមារាម្នាក់មានអាយុចន្លោះពីប្រាំបី ដល់ដប់ពីឆ្នាំ បាន«ស្លាប់ភ្លាមៗ»​នៅកន្លែងកើតហេតុ រួមនឹងមនុស្ស​៦នាក់របួសធ្ងន់ និង២នាក់ទៀតរបួសស្រាល ដោយសារអ្នកបើកបរវ័យក្មេងម្នាក់ មាន«បញ្ហាសរសៃប្រសាទ» បានបើក​រថយន្ដទៅបុក កាលពី​សៀលម៉ោងជាងប្រាំ នាថ្ងៃសុក្រទី១ ខែមីនា។


អ្នកយកអាសារកុមាររងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏លីលា។ រូបភាពនៅលើបណ្ដាញហ្វេសប៊ុក។

លោក ប៉ែន ឃុន នាយរងការិយាល័យប៉ូលិសចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ទទួលបន្ទុកដោះស្រាយគ្រោះថ្នាក់​ចរាចរណ៍ បានប្រាប់អ្នកសារព័តមានមនោរម្យព័ងអាំងហ្វូថា យុវតីដែលកាន់ចង្កូតរថយន្ត និង សំណុំរឿងគ្រោះថ្នាក់​ចរាចរណ៍ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២ ខែមីនានេះ។ លោកបានបន្តថាព្រះរាជ​អាជ្ញាបានធ្វើការចោទប្រកាន់ ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរហើយ។

នៅកម្ពុជា មាន«បញ្ហាសរសៃប្រសាទ» តែអាចបើករថយន្ដបាន?

មន្ដ្រីនគរបាលចរាចរណ៍រាជធានីដដែល បានបញ្ជាក់ថា ឪពុកម្ដាយយុវតីនិស្សិតពេទ្យ ដែលបង្កហេតុបណ្ដាល​ឲ្យ​មនុស្សស្លាប់ និងរងរបួសបានប្រាប់នគរបាលថា កូនរបស់គាត់ធ្លាប់មាន បញ្ហាសរសៃប្រសាទ ហើយវាធ្វើទុក្ខម្ដងៗ។ មជ្ឈដ្ឋានសាធារណៈយល់ថា ចំណុចនេះអាចជាការភូតកុហកសមត្ថកិច្ច ក្នុងនាមជាវេជ្ជបណ្ឌិត បានដឹងច្បាស់​នូវ​ផ្នែក​វិជ្ជសាស្រ្ត បើដឹងថាកូនមានជម្ងឺដូចខាងលើ ហេតុអ្វីបានជានៅតែបណ្ដោយឱ្យបើករថយន្ដដោយខ្លួនឯង? មួយទៀត បើយុវតីនេះមាន«បញ្ហាសរសៃប្រសាទ»ចេះតែរើឡើងនោះ គាត់ធ្វើយ៉ាងណា នឹងអាចសិក្សានៅសាកលវិទ្យាល័យ​វេជ្ជសាស្ដ្រ និងវិទ្យាសាស្ដ្រសុខាភិបាលបាននោះ ទាំងបើដឹងថាថ្ងៃមុខយុវតីអាចជា«វេជ្ជបណ្ឌិត» ដែលត្រូវបំពេញ​ភារកិច្ចព្យាបាលអ្នកជំងឺ តើវិជ្ជាជីវៈគាត់ នឹងមានបញ្ហាប្រឈមយ៉ាងណា ចំពោះអ្នកជំងឺនោះ?។

ព័ត៌មានចុងក្រោយ នៅល្ងាចថ្ងៃអាទិត្យទី០៣ខែកុម្ភះ អោយដឹងថា យុវតី«សរសៃប្រសាទ»រូបនេះ ត្រូវបានតុលាការ​ សម្រេចចាប់បញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃសរ ដើម្បីរងចាំការសម្រេចថ្មីណាមួយទៀត។ កញ្ញា​កាន់​ចង្កូតរថយន្ដវ័យ២៣ឆ្នាំ ត្រូវបានតុលាការធ្វើការចោទប្រកាន់ ពីបទបើកបរ បង្កឲ្យមានរបួសអ្នកដទៃដោយអចេតនា និង​បើកបរបង្កឲ្យស្លាប់អ្នកដទៃដោយអចេតនា តាមមាត្រា ៨០ និង៨២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា យុវតីដែលជាជនបង្ក ឈ្មោះ គាមពិសិដ្ឋ ណារីតា ជានិស្សិតឆ្នាំទី៦ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រសុខាភិបាល និងជាកូនរបស់លោកវេជ្ជ បណ្ឌិត គាម ពិសិដ្ឋ អនុប្រធានមន្ទីរ សុខាភិបាលខេត្ដកណ្ដាល។ កាលពីថ្ងៃសុក្រទី០១ខែកុម្ភះ យុវតីនេះបានបើករថយន្តពណ៌ស្ករម៉ាកកាមរី (Camry បាឡែន) ពាក់ស្លាកលេខ 2R-5008 បើកបុករះអ្នកជិះម៉ូតូ និងកង់ជាច្រើនគ្រឿង តាមបណ្តោយផ្លូវព្រះនរោត្តម ចាប់ពីខាងមុខសកលវិទ្យាល័យបញ្ញាសាស្ត្រ (ជិតវិមានឯករាជ្យ) បន្តរហូតដល់បុកជាប់នឹងរបងខាងមុខ ក្រសួងមហាផ្ទៃ ទើបទៅមុខលែងរួច។ សមត្ថកិច្ចបានឃាត់​ខ្លួនយុវតីរូបនេះភ្លាមៗ នៅកន្លែងកើតហេតុ ជាមួយនឹងយុវជនពីរនាក់ទៀត ដែលជាប្អូនរបស់គេ។ នៅក្រោយមក សមត្ថកិច្ចបានសម្រេចធ្វើការឃុំខ្លួន តែយុវតីជាអ្នកបើកបរប៉ុណ្ណោះ ដោយដោះលែងយុវជនទាំងពីរនាក់ អោយត្រឡប់​ទៅផ្ទះវិញ ព្រោះពុំមានការពាក់ព័ន្ធទៅនឹងការបង្កគ្រោះថ្នាក់នេះ។

ប៉ូលិសចរាចរណ៍ជើងគោកម្នាក់បានឲ្យដឹងថា កុមារីរងគ្រោះពីរនាក់ជាបងប្អូនបង្កើត ម្នាក់ឈ្មោះរិន រចនា អាយុ៨ឆ្នាំ និង ឈ្មោះ រិន បុបា្ព អាយុ១២ឆ្នាំ រស់នៅក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន។ សពកុមារទាំងពីរ ត្រូវបានយកទៅតម្កល់​ធ្វើបុណ្យ នៅវត្ដចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ឯកុមារាម្នាក់ទៀតឈ្មោះស្រេង ប៊ុនហុង អាយុ៨ឆ្នាំ ស្នាក់នៅភូមិ​ព្រែកតាគង់ ឃុំ ព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ត្រូវបានក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី​ដូចគ្នា។

រីឯអ្នករងគ្រោះធ្ងន់ទាំងប្រាំមួយនាក់ផ្សេងទៀត មានឈ្មោះឈ្មោះ ម៉ៅ ឆយី ភេទស្រី អាយុ ២០ឆ្នាំ សម្រាកព្យាបាល​នៅមន្ទីរពេទ្យបាយ័ន។ ឈ្មោះ ស្រេង ចាន់ថូ ភេទស្រី អាយុ ១៧ឆ្នាំ, ឈ្មោះ អៀង យ៉ុន ភេទប្រុស អាយុ ៣៨ឆ្នាំ, ឈ្មោះ ពុធ ស៊ីណាត ភេទស្រី អាយុ ២២ឆ្នាំ អ្នកទាំងបីសម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែ។ ឈ្មោះ ឆែម ពេជ្រ ភេទប្រុស អាយុ ៤០ឆ្នាំ, ឈ្មោះ ចំរើន សុវណ្ណរឿន ភេទប្រុស អាយុ ៥១ឆ្នាំ អ្នកទាំងពីរសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ឯពីរ​នាក់របួសស្រាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

គ្រោះថ្នាកចរាចរណ៍កើនឡើង ... សុំអោយព្រះសង្ឃ«សូត្រមន្ដរំដោះគ្រោះ»?

មជ្ឈដ្ឋានទូទៅបានសម្ដែងនូវការ អាណិតអាសូរដល់ជនរងគ្រោះដែលបាន ស្លាប់ និងរងរបួស ទាំងមិនដឹងរឿងហេតុអ្វី​ទាំងអស់។ គេបានបន្ទោសអ្នកកាន់ចង្កូតយានយន្ដវ័យក្មេងរូបនេះ ថាបានបើកបរដោយធ្វេសប្រហែស និងបំពានច្បាប់​ចរាចរណ៍ ព្រោះនាងបានបុកគេរួចហើយ នៅចំណុចស្ដុបពេទ្យកាកបាទក្រហម បណ្ដោយផ្លូវព្រះនរោត្ដម​ជិតវិមាន​ឯករាជ្យ តែនារីចិត្តឆើតយើង មិនព្រមឈប់ទេ។ ផ្ទុយទៅវិញ នាងបែរជាបើកគេច រហូតបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ យ៉ាង​សែន«រន្ធត់ខ្លោចផ្សារ»បែបនេះ។

សូមរម្លឹកថាកាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងមកនេះ ថ្លែងក្នុងពិធីបិទមហាសន្និបាតសង្ឃទូទាំងប្រទេស នាយករដ្ឋមន្រ្តី​កម្ពុជា​លោក ហ៊ុន សែន បានបង្ហាញនូវការព្រួយបារម្ភ ចំពោះការកើនឡើងនូវគ្រោះថ្នាក់ចរាចរក្នុងប្រទេសកម្ពុជា ដែល​បង្កឲ្យមានមនុស្សស្លាប់ និងរបួស។ ជាមួយគ្នានេះ លោកក៏បានស្នើឲ្យមានការ«សូត្រមន្តរំដោះគ្រោះចង្រៃ» ពីសំណាក់​ព្រះសង្ឃ នៅទីណាដែលសម្បូរគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់ច្រើនជាងគេ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៣ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...