តាក់ស៊ីមួយគ្រឿងបើកបុកមនុស្ស របួស៨នាក់ នៅកណ្ដាលម៉ូស្គូ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៦ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 16, 2018
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅកណ្ដាលរដ្ឋធានីម៉ូស្គូ រថយន្ដតាក់ស៊ីមួយគ្រឿង បានបើកទៅបុកមនុស្ស បណ្ដាលឲ្យរបួស៨នាក់ ក្នុងល្ងាចថ្ងៃសៅរ៍នេះ។ ហេតុការណ៍បានកើតឡើង នៅមិនឆ្ងាយប៉ុន្មាន ពីទីលានក្រហម ដែលសម្បូរដោយមនុស្សម្នា ក្នុងពេលចុងសប្ដាហ៍។
នៅក្រោយហេតុការណ៍ អាជ្ញាធរបានអះអាងភ្លាមៗថា ហេតុការណ៍នេះគ្រាន់តែ ជាគ្រោះថ្នាក់ចរចរណ៍មួយប៉ុណ្ណោះ។ ទីភ្នាក់ងារព័ត៌មានរ៉ូស្ស៊ី «Interfax» បានបញ្ជាក់បន្ថែមថា អ្នកបើកបរទំនង កំពុងស្ថិតក្នុងសភាពស្រវឹង នៅពេលបង្កគ្រោះថ្នាក់នេះ។
ក្រសួងមហាផ្ទៃរ៉ូស្ស៊ី បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ឲ្យដឹងនៅមុននេះបន្តិចថា៖ «អ្នកបើកបររថយន្ដតាក់ស៊ីមួយរូប បានជ្រុលបញ្ជាយានរបស់ខ្លួន ឲ្យឡើងលើចិញ្ចើមថ្នល់ និងបានជ្រុលទៅបុកអ្នកថ្មើរជើងជាច្រើននាក់។ នៅក្នុងរបាយការណ៍ដំបូង បានឲ្យដឹងថា មានមនុស្ស៨នាក់ បានទទួលការជួយសង្គ្រោះ ពីផ្នែកសេវាសុខភាព។»។
ជនរងគ្រោះទាំងអស់ ត្រូវបានក្រុមអ្នកជួយសង្គ្រោះ យកចិត្តទុកដាក់ភ្លាមៗ និងមិនមានជនរងគ្រោះណាម្នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរទេ។ បើតាមទីភ្នាក់ងារព័ត៌មាន «Reuters» បានអះអាងថា ជនរងគ្រោះភាគច្រើន បានពាក់ខោអាវ ដែលមានពណ៌របស់ក្រុមបាល់ទាត់ ម៉ិកសិក។
ដោយឡែក ចំពោះអ្នកបើកបរវិញ ទំនងជាមានបំណងចង់គេចខ្លួន បន្ទាប់ពីបានបង្កហេតុរួច តែត្រូវបានឃាត់ខ្លួនភ្លាមៗ នៅពេលនោះតែម្ដង មុននឹងនាំខ្លួន ទៅកាន់ស្នងការនគរបាល។ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃបានបញ្ជាក់ទៀតថា៖ «មូលហេតុនៃគ្រោះថ្នាក់នេះ បណ្ដាលមកពីអ្នកបើកបរ បានបាត់បង់ការបញ្ជា ទៅលើយានយន្ដរបស់ខ្លួន»៕