បាល់ទាត់​ពិភពលោក៖ អ៊ីស្លង់​បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី ​ដោយ​ប្រកួត​ស្មើ​អាហ្សង់ទីន

ក្រុមបាល់ទាត់ ដែលបានបង្ក​ការភ្ញាក់ផ្អើល ក្នុងបាល់ទាត់អ៊ឺរ៉ុប ឆ្នាំ២០១៦ បានបង្កការភ្ញាក់ផ្អើលជាថ្មី ដោយប្រកួតស្មើ ជាមួយក្រុមជម្រើសជាតិ អាហ្សង់ទីន របស់កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi)។ កំពូលកីឡាកររូបនេះ ថែមទាំងខកខាន ទាត់បាល់ពិន័យ ១១ម៉ែត្រ មិនចូលនោះទៀត។
បាល់ទាត់​ពិភពលោក៖ អ៊ីស្លង់​បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី ​ដោយ​ប្រកួត​ស្មើ​អាហ្សង់ទីន
ការទាត់បញ្ចូលទី របស់កីឡាករ ស៊ែរចូ អាហ្គេរ៉ូ ដែលធ្វើឲ្យក្រុម អាហ្សង់ទីន នាំមុខបានមួយគ្រាប់។ (រូបថត ​Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៦ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 16, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបង្កការភ្ញាក់ផ្អើល នៅទ្វីបអ៊ឺរ៉ុប ក្នុងឆ្នាំ២០១៦រួច ក្រុមបាល់ទាត់ អ៊ីស្លង់ បានបង្កើតការភ្ញាក់ផ្អើលជាថ្មីទៀត សម្រាប់ពិភពលោកទាំងមូល ក្នុងឆ្នាំ២០១៨នេះ។ ជាលើកដំបូង នៃការចូលមកប្រកួត ក្នុងបាល់ទាត់ពិភពលោក និងនៅក្នុងការប្រកួតជុំ ទីមួយ នៃពូល D ក្នុងល្ងាចថ្ងៃទី១៦ ខែមិថុនានេះ ក្រុមកីឡាករ «Viking» ដែលមកពីប្រទេស​​ស្ថិតនៅ​ប៉ូលខាងជើង​បំផុត នៃផែនដី បានប្រកួតយកស្មើ (១-១) ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដែលសម្បូរដោយកីឡាករល្អៗ ល្បីៗ មកពីក្រុមធំៗ នៅអ៊ឺរ៉ុប។

ពិតហើយ ក្រុមអាហ្សង់ទីន សម្បូរកំពូលកីឡាករជាច្រើន ដែលទាត់ឲ្យក្រុមបាល់ទាត់យក្សនៅអ៊ឺរ៉ុប ដូចយ៉ាងកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi - ទាត់ឲ្យក្រុមបាសឺឡូន) - អង់ហែល ឌីម៉ារីយ៉ា (Ángel Di María - ទាត់ឲ្យក្រុមប៉ារីស) ឬកីឡាករ ស៊ែរចូ អាហ្គេរ៉ូ (Sergio Agüero - ទាត់ឲ្យក្រុម មែនស៊ីធី) នោះក៏ដោយ តែនៅក្នុងការប្រកួតលើកនេះ គេមិនបានឃើញ ក្រុមអាហ្សង់ទីនមួយ ដែលមានសាច់បាល់អស្ចារ្យ នៅចំពោះក្រុម អ៊ីស្លង់ ដែលមានខ្សែការពារដ៏រឹងមាំ និងប្រើបច្ចេកទេសទាត់ ឡើងទៅខ្សែប្រយុទ្ធ ដោយល្បឿនលឿន និងដោយប្រសិទ្ធភាពខ្ពស់ នោះឡើយ។

គ្រាប់បាល់ដែលល្អបំផុត នៅពេញមួយប្រកួត សម្រាប់ក្រុមអាហ្សង់ទីន គឺគ្រាប់បាល់មួយគ្រាប់ ដែលរកបានដោយកីឡាករ ស៊ែរចូ អាហ្គេរ៉ូ នៅនាទីទី ១៩។ ប៉ុន្តែនៅបួននាទីក្រោយមក (នៅនាទីទី២៣) ក្រុមអ៊ីស្លង់ ដែលមិនបានញ័ររន្ធត់ នឹងគ្រាប់បាល់ដំបូងនេះ បានរកបានមួយគ្រាប់មកវិញ ជាមួយនឹងបច្ចេកទេសបង្វិលបាល់ចុះឡើង នៅខាងមុខទី របស់ក្រុមអាហ្សង់ទីន។ គ្រាប់បាល់របស់ក្រុម អ៊ីស្លង់ នេះ រកបានដោយកីឡាករ «Alfreð Finnbogason»។

បន្ទាប់មកទៀត ក្រុមអាហ្សង់ទីន បានខិតខំស្វែងរកការគ្រប់គ្រងបាល់ និងវាយសន្ធាប់ទៅលើក្រុម អ៊ីស្លង់ ដែរ តែខ្សែប្រយុទ្ធអាហ្សង់ទីន មិនបានឆ្លងផុត ពីរនាំងការពាររបស់ក្រុម អ៊ីស្លង់ ឡើយ។ មិនត្រឹមតែប៉ុណ្ណឹង ក្រុម អាហ្សង់ទីន ត្រូវញាក់សាច់ម្ដងម្កាល ដោយសារការវាយបក របស់ក្រុម «Viking» វិញផង។ 

រឿងដែលសំខាន់មួយទៀត គឺគ្រាប់បាល់ពិន័យមួយគ្រាប់ សម្រាប់ក្រុម អាហ្សង់ទីន ត្រូវបានកំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី ទាត់មិនចូល ដោយត្រូវកីឡាករចាំទីរបស់ក្រុម អ៊ីស្លង់ ទះចេញ។ ការទាត់មិនបានសម្រេច របស់កំពូលកីឡាករ ធ្វើឲ្យគេនឹកឃើញ ពីថ្វីជើងរបស់កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) កាលពីម្សិលម៉ិញ ដែលរកគ្រាប់បាល់ តែម្នាក់ឯង បានដល់ទៅ៣គ្រាប់។

ជាលទ្ធផល ក្រុម អាហ្សង់ទីន និង អ៊ីស្លង់ បានពិន្ទុ១ដូចគ្នា ហើយគេត្រូវរង់ចាំមើលការប្រកួត រវាងក្រុម ក្រូអាស៊ី និង នីហ្សេរីយ៉ា នៃពូល D ដែលសុទ្ធសឹងជាក្រុមខ្លាំងៗ ក្នុងយប់នេះទៀត ដើម្បីដឹងពីចំណាត់ថ្នាក់ សម្រាប់ការប្រកួតជុំជម្រុះទីមួយនេះ៕

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អាហ្សង់ទីន និងក្រុម អ៊ីស្លង់៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...