មតិរិះគន់ ជំនួបទីបួននៃបក្សទាំងពីរ ថាដើម្បីចំណេញខាងនយោបាយ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 24, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការសម្រុះសម្រួលផ្នែកនយោបាយ នៃកិច្ចប្រជុំថ្នាក់បច្ចេកទេសរវាង គណបក្សជាប់ឆ្នោតទាំងពីរ ត្រូវបានមតិទូទៅសន្មតថា ជាវប្បធម៌ស្វែងរកចំណេញក្នុងការ«បកស្រាយ» ផ្នែកនយោបាយ និងជាទំនៀមទំលាប់តែងតែកើតមាននោះ គឺការប្រជុំសម្ងាត់ (បិទទ្វា) ជាបន្តបន្ទាប់។ ក្នុងថ្ងៃទី២៤ ខែមីនានេះ ជំនួបបច្ចេកទេសរវាងគណបក្សជាប់ឆ្នោតទាំងពីរ បានសម្រេចទៅតាមគោលការណ៍មួយចំនួន នៅក្នុងវិមានព្រឹទ្ធិសភា។
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - អនុប្រធានផ្នែកស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សអាដហុកលោក ចាន់ សុវ៉េត ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានចាត់ទុកថា កិច្ចប្រជុំនាពេលកន្លងមក មិនទាន់បានបង្ហាញពីសកម្មភាពវិជ្ជមានទៅមុខនៅឡើយទេ។ លោកថា អ្វីដែលបានធ្វើកន្លងមក គ្រាន់តែជាការដាក់បង្ហាញឲ្យមតិជាតិ និងអន្តរជាតិឃើញ «ជាការចូលរួមដោះស្រាយ បញ្ហានយោបាយផ្ទៃក្នុងប៉ុណ្ណោះ»។ ក្នុងកិច្ចប្រជុំនោះ ដែលគ្រាន់តែស្ថិតក្នុងលក្ខណៈបច្ចេកទេសនេះ មិនមែនជាការសម្រេចជាផ្លូវការនៃថ្នាក់ដឹកនាំកំពូលឡើយ។ «មិនទាន់ឃើញមានកន្លែងណាមួយថា ដែលបញ្ជាក់ពីភាពថា វាទៅមុខនោះទេ។ (វា)គ្រាន់តែបានអង្គុយជជែកគ្នា នឹងប្រុងប្រៀបនិយាយរបៀបនេះៗ កែទម្រង់របៀបនេះៗ ពីបញ្ហាបោះឆ្នោត។ រីឯថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រស្ស៊ី និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន មិនទាន់មានការព្រមព្រៀងគ្នា និយាយលះលាំងថា «យ៉េស ឬណូ» នោះទេ។»
យោងគោលការណ៍នៃគណបក្សសង្គ្រោះជាតិ ដែលបានឯកភាពជាមួយសង្គមស៊ីវិលនាកាលពីថ្ងៃទី០៧ ខែមីនា ដោយផ្តោតសំខាន់ទៅលើចំណុចមួយចំនួន ដូចជាផ្លាស់ប្តូរគណកម្មការជាតិរៀបចំការបោះឆ្នោត នីតិវិធីកំណែទម្រង់សមាសភាព បន្តរយន្តការដោះស្រាយវិវាទបោះឆ្នោត កំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់តួនាទីនៃមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឲ្យបានត្រឹមត្រូវ។
នៅវិមានព្រឹទ្ធិសភានាថ្ងៃទី២៤ ខែមីនានេះ មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានលើកឡើងថា កិច្ចប្រជុំក្នុងថ្ងៃនេះ ផ្តោតសំខាន់ទៅលើការកំណែទម្រង់គ.ជ.ប និងបញ្ហាស្តីពីវេទិការសាធារណៈថ្នាក់ជាតិ បន្ទាប់ពីបានសម្រចឯកភាពគ្នាចំនួន១៤ ចំណុច ក្នុងកិច្ចប្រជុំនាថ្ងៃទី១៧ មីនាកន្លងមក។
រីឯមន្រ្តីច្បាប់ជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ លោករស់ សួរ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ទោះជាមានការបញ្ចូលនូវលក្ខខណ្ឌ័មួយចំនួន ដែលមិនអាចទទួលយកបានក៏ដោយ តែកិច្ចប្រជុំនេះនៅតែមានចំណុចភាគច្រើនត្រូវគ្នា និងចំណុចមួយចំនួនទៀតបន្តយន្តការពិភាក្សានាពេលក្រោយទៀត។ «កិច្ចប្រជុំនេះត្រូវគ្នា ឯចំណុចមិនត្រូវគ្នានឹងលើកយកមកជជែក នាពេលក្រោយជាបន្តរ ឬអាចបន្តជជែកនៅថ្នាក់ជំនួបកំពូល»។
តាមការលើកឡើងរបស់អុំប្រុសម្នាក់ មកពីខេត្តកំពង់ចាមលោក ជា សុធន់ បញ្ជាក់ថា លោកគាំទ្រឲ្យមានការជួបគ្នាពិភាក្សាឲ្យបានច្រើន ជាសជាងការពាក់មុខ«យក្ស»ដាក់គ្នា។ ម្យ៉ាងទៀតក្នុងពេលនេះ ក៏មិនត្រូវយកការ«ប្រឆាំង»ដាច់អហង្ការដាក់ពី«មុខ»នោះដែរ។ លោកបន្តថា ត្រូវតែមានការបន្ធូរបន្ថយឲ្យគ្នា ម្នាក់ទៅវិញទៅមកនៃគណបក្សទាំងពីរ ទើបវិប្បនយោបាយនៅកម្ពុជាអាចរកដំណោះស្រាយឃើញ ដោយសន្តិវិធី និងគ្មានហិង្សា។ «ទោះត្រូវតិចតួចនាពេលនេះ តែនឹងអាចកើនឡើងច្រើននាពេលបន្ទាប់ ប្រសិនគណបក្សទាំងពីរ មានយន្តការពិតប្រាកដ ក្នុងការស្វែងរកប្រយោជន៍ឲ្យជាតិ និងប្រជាពលរដ្ឋនោះ។»
សូមរម្លឹកថា តាមរយៈសេចក្តីប្រកាសរួម នៃកិច្ចប្រជុំគណកម្មការចម្រុះដើម្បីសិក្សា និងរៀបចំក្របខ័ណ្ឌកំណែទម្រង់ ការបោះឆ្នោតនាពេលខាងមុខ ដែលបានចុះហត្ថលេខាដោយតំណាងប្រធានគណកម្មការចម្រុះមានលោក សុន ឆ័យ (សង្គ្រោះជាតិ) និងលោក ប៊ិន ឈិន (ប្រជាជនកម្ពុជា) បានទទួលស្គាល់ និងឯកភាពគ្រប់«ស្មារតី» នៃសេចក្តីថ្លែងការណ៍រួមក្រោយជំនួនប្រជុំកំពូលកាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ និងកិច្ចប្រជុំក្រុមបច្ចេកទេសជាបន្តបន្ទាប់ នាពេលកន្លងមក។
មន្រ្តីសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បានបង្ហាញនូវការសោកស្តាយ ចំពោះភាពជាប់គាំងនៃនយោបាយ ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកកក្កដា ឆ្នាំ២០១៣ ដែលមកទល់នឹងពេលនេះ ជិតមួយឆ្នាំទៅហើយនោះ នៅមិនទាន់ឃើញមាន«អ្វីលេចធ្លោ»ប្រាប់ថា អ្នកជាប់ឆ្នោតទាំងនោះសម្រេចបានការងារនេះ សម្រេចបានការងារនោះ។ តែផ្ទុយទៅវិញ បែជាលេចមានរឿងគំរាមកំហែងផ្នែកនយោបាយ គម្រាមកំហែងសេរីភាព បំបិទសិទ្ធិសេរីភាពធ្វើបាតុកម្មទៅវិញ។ «បើគណបក្សទាំងពីរគ្មានឆន្ទៈរួម សម្រាប់ជាតិទាំងមូលទេ ប្រហែលជាមិនអាចដោះស្រាយបាននោះទេ។ បញ្ហាកែទម្រង់នយោបាយឲ្យបានសមស្រប ល្គិកណាភាគីគណបក្សនយោបាយទាំងសងខាង ហ៊ានថយក្រោយមួយជំហាន និងលះបង់នូវភាពមានបានរបស់បុគ្គល។ តែបើនៅប្រកាន់បក្ស ប្រកាន់ពួក អញ្ចឹងជារឿងមួយ មិនអាចដោះស្រាយបាន៕»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៤ មីនា ២០១៤