CPP និង CNRP កំពុងឲ្យសមាជិកថ្មី គ.ជ.ប មកបង្ហាញខ្លួន
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍ ៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០៩ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 09, 2014
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាលើច្បាប់ គ.ជ.ប នៃក្រុមការងារបច្ចេកទេសនេះ ប្រមុខគណបក្សទាំងពីរ បានរៀបចំឲ្យមានតំណាងភាគីទាំងសងខាង ចូលទៅបង្ហាញខ្លួននាពេលខាងមុខ។ ការបង្ហាញខ្លួននោះ បេក្ខជនដែលត្រូវបានចាត់តាំង ដោយគណបក្សប្រជាជនកម្ពុជាចំនួន៤រូប គណបក្សសង្គ្រោះជាតិចំនួន៤រូប និងខាងសង្គមស៊ីវិលចំនួនមួយរូប។ នេះបើតាមការបញ្ជាក់ របស់មន្រ្តីជាន់ខ្ពស់មួយរូប របស់គណបក្សសង្គ្រោះជាតិ។
ប្រភពដដែលនេះបានបន្តថា ការបញ្ជូលបេក្ខជនទាំងប្រាំបួនរូបនេះ ក្រោយពីទទួលការបោះឆ្នោតគាំទ្រ ទៅលើបេក្ខភាពដោយគណបក្សទាំងពីរ ហើយក៏ត្រូវស្នើសុំការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា។
មន្ត្រីរូបនោះ មិនបានបញ្ជាក់ពីពេលវេលា នៃការចូលបង្ហាញខ្លួនចំពោះមុខសភាទេ ប៉ុន្តែបានបញ្ជាក់ថា ក្នុងចំណោមបេក្ខជន ដែលត្រូវមកឈរឈ្មោះ ជាសមាជិក គ.ជ.ប ពីគណបក្សប្រជាជនកម្ពុជានោះ រួមមានលោក ស៊ិក ប៊ុនហុង និងបេក្ខជនបីរូបផ្សេងទៀត។ ដោយឡែកខាងគណបក្សសង្គ្រោះជាតិ ក៏មានលោក គួយ ប៊ុនរឿន និងបេក្ខជនបីរូបផ្សេងទៀត។ ឯខាងសង្គមស៊ីវិល នៅរក្សាវត្តមានលោកស្រី ពុង ឈីវកេក ដដែល។
ក្រុមការងារបច្ចេកទេស របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបញ្ចប់កិច្ចពិភាក្សារបស់ខ្លួនលើច្បាប់ គ.ជ.ប រួចរាល់ហើយ កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤នេះ នាវិមានរដ្ឋសភា។ ការឯកភាពគ្នា លើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ស្តីពីការប្រព្រឹត្តទៅនៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទំាងស្រុងនេះ បានធ្វើឡើងនៅក្រោយពីជំនួបនៃមេបក្សទាំងពីរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី កាលពីថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០១៤មក
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក ស៊ិក ប៊ុនហុក និងលោក គួយ ប៊ុនរឿន ចំពោះការបញ្ជាក់ចំពោះការអះអាងខាងលើបាននៅឡើយ នាព្រឹកថ្ងៃទី៩ ខែធ្នូនេះ។ ប៉ុន្តែបើតាមប្រភព ពីមន្រ្តីគណបក្សសង្គ្រោះជាតិដដែល បានបន្ថែមថា ចំពោះវត្តមានលោកស្រីពុង ជីវកេច ត្រូវធ្វើតាមការឯកភាពរបស់គណបក្សទាំងពីរ ស្របតាមច្បាប់ គ.ជ.ប ថ្មី ដោយលាលែងសញ្ជាតិទាំងអស់ ទុកតែសញ្ជាតិ«ខ្មែរ»តែមួយ។
» សូមអានអត្ថបទពាក់ទង ដោយចុចលើទីនេះ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ គ.ជ.ប ថ្មីនេះ រួមមាន៧ជំពូក ស្មើនឹង៦៦មាត្រា។ សេចក្តីព្រាងច្បាប់នេះ នៅមិនទាន់បានបញ្ជូនទៅរដ្ឋសភា ដើម្បីពិភាក្សា និង អនុម័តនៅឡើយ ដោយសារតែក្រុមបច្ចេកទេសនៃគណបក្សទាំងពី បានអះអាងពីពេលថ្មីៗនេះថា ត្រូវរង់ចំាការធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត ឲ្យបានចប់សព្វគ្រប់ជាមុន៕