ឡានដឹកដីដាច់ហ្វ្រាំង រអិលចុះពីស្ពានមុន្នីវង្សបុកម៉ូតូច្រើនគ្រឿងស្លាប់ម្នាក់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក. សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០៨ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 09, 2014
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅម៉ោងប្រមាណ ជា៤រសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤នេះ គ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើង នៅលើស្ពាន ព្រះមុន្នីវង្ស ស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចផ្លូវបំបែកជាបួន ទល់មុខហាង ពន្លឺចន្ទ័ បង្កដោយរថយន្តដឹកដីធុនធ្ងន់មួយគ្រឿង ពាក់ស្លាកលេខ ក៦១៤៨ ភព ៣ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។
សាក្សីនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា ឡានដឹកដីធុនធ្ងន់ខាងលើ បើកបរពីលិចទៅកើត ក្នុងទិសដៅចុះពីស្ពាន ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដាច់ហ្វាំង ជាន់មិនជាប់ ក៏បានរអិលជ្រុលទៅ បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យអ្នកបើកម៉ូតូនោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ មិនតែប៉ុណ្ណោះ ម៉ូតូប្រាំមួយគ្រឿងទៀត ដែលនៅស្របទិសជាមួយគ្នា ក៏រងការខួចខាត និងម្ចាស់ម៉ូតូម្នាក់ទទួលរងរបួសជើងជាទម្ងន់។
នគរបាលដែលជាអ្នកធ្វើអន្តរាគន៍ នៅទីនោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី យឿន ភេទប្រុស អាយុ៣២ឆ្នាំ មានកូនស្រីពីរនាក់ មុខរបររត់ម៉ូតូឌុប រស់នៅភូមិសំរោង ឃុំតាឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។
នគរបាលបានបញ្ជាក់ទៀតថា ជនបង្ករហេតុត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ ប៉ុស្ត៍នគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំនុំរឿង និងធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់។ រីឯរថយន្ដ និងម៉ូតូដែលខូចខាតទាំងអស់ ត្រូវបាននគរបាល ស្ទូចយកទៅកាន់ប៉ុស្ដ៏នគរបាលដូចគ្នា ដើម្បីរងចាំម្ចាស់មកដោះស្រាយ ទាំងសងខាង៕