អង្គការចំនួន១០ ទទួលបានវិញ្ញាបនបត្រ «អភិបាលកិច្ចល្អ»
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ០៧ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 09, 2014
- ប្រធានបទ: ជោគជ័យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រហូតមកដល់ពេលនេះ មានអង្គការចំនួន៥៣ហើយ ដែលទទួលបាននូវវិញ្ញាបនបត្រ និងមានអង្គការចំនួន១៦៥ទៀត ដែលស្ថិតក្នុងការពិនិត្យពិច័យ ក្នុងការផ្តល់នូវវិញ្ញាបនបត្រ។ នេះបើតាមការឱ្យដឹងរបស់ សឿង សារឿន ប្រធានអង្គការគណកម្មាធិការប្រតិបត្តិការដើម្បីកម្ពុជា។
លោក សឿង សារឿន បានពន្យល់ថា អង្គការដែលត្រូវទទួលបានវិញ្ញាបនបត្រ លុះត្រាតែ មាន៦ចំណុច។ ទី១. មានអភិបាលកិច្ចល្អ ក្នុងនោះមានគោលនយោបាយ ត្រឹមត្រូវ មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ សម្រាប់ដឹកនាំអង្គភាពឱ្យមានជោគជ័យ។ ទី២. ពិនិត្យទៅលើការគ្រប់គ្រងហិរញ្ញវត្ថុ ធ្វើយ៉ាងណាឱ្យហិរញ្ញវត្ថុ ដែលទទួលបានពីម្ចាស់ជំនួយ ឬប្រភពផ្សេងៗមានការគ្រប់គ្រង ដោយគ្មានអំពើពុករលួយ ការកេងប្រវញ្ច និងការឆ្លើយនូវតម្រូវការរបស់ប្រជាជន។ ទី៣. ការទំនាក់ទំនងផ្ទៃក្នុង និងការទំនាក់ទំនងនៅខាងក្រៅ ដែលធ្វើយ៉ាងណាឱ្យបរិយាកាសអំណោយផលដល់ បុគ្គលិកថ្នាក់ក្រោម ថ្នាក់លើ ក្រុមប្រឹក្សាភិបាល ម្ចាស់ជំនួយ និងក្រុមគោលដៅនៅតំបន់មូលដ្ឋានឱ្យ មានទំនាក់ទំនងឱ្យកាន់តែប្រសើរ។ ទី៤. ពិនិត្យមើលទៅលើតម្លាភាព និងគណនីភាព ធ្វើយ៉ាងម៉េចរាល់ការសម្រចចិត្ត ត្រូវមានការបើកចំហរដល់អ្នកចូលរួម និងអ្នកពាក់ព័ន្ធ ទាំងរបាយការណ៍របស់គាត់ត្រូវដាក់បង្ហាញជាសាធារណៈ។ ទី៥. ពង្រឹងគុណភាពសេវាកម្ម និងចំណុចទី៦. គឺការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។
គម្រោងអនុវត្តកម្មវិធីអភិបាលកិច្ច និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈចាប់ពីឆ្នាំ២០០៤
មូលហេតុដែលបង្កើតគម្រោង ដែលមានឈ្មោះថា «ប្រតិបត្តិល្អនៃអង្គការមិនមែនរដ្ឋាភិបាល»នេះឡើង គឺដើម្បីជម្រុញឱ្យអង្គការសង្គមស៊ីវិល មានប្រតិបត្តិការល្អប្រកបដោយ តម្លាភាព គណនីភាព និងវិជ្ជាជីវៈ និងជាពិសេសឱ្យទទួលខុសត្រូវខ្ពស់នៅរាល់សេវាកម្ម ឬកម្មវធីដែលបានធ្វើជាមួយប្រជាជននៅតាមមូលដ្ឋាន និងត្រូវតែឆ្លើយតបនៅរាល់តម្រូវការពិតប្រាកដ របស់ប្រជាជន។
លោក ផូ សាណា នាយកកម្មវិធីនៃអង្គការSave the children បានលើកឡើងថា មុនពេលដែលអង្គការរបស់លោកបានទទួលវិញ្ញាបនបត្រនេះ អង្គការ Save the children បានរៀបចំឯកសារជាច្រើនដើម្បីឱ្យត្រូវជាមួយ នឹងស្តង់ដាដែលតម្រូវឱ្យមាននេះ។ លោកបន្ថែមថា ការទទួលបាននូវវិញ្ញាបនបត្រនៅថ្ងៃនេះ គឺជាសក្ខីភាពមួយដែលបញ្ជាក់ថា អង្គការរបស់លោកបានឆ្លងកាត់ នូវប្រព័ន្ធវាយតម្លៃមួយដែលសមស្រប និងមានស្តង់ដាខ្ពស់។
នាយកកម្មវិធីនៃអង្គការS ave the children រូបនេះបន្តថា៖ «អញ្ចឹង វានឹងបង្កើននូវជំនឿចិត្តថា អង្គការរបស់យើងមានលក្ខណៈល្អប្រសើរ ទាក់ទងទៅនឹងអភិបាលកិច្ចការគ្រប់គ្រងធនធាន និងការគ្រង់គ្រង់កម្មវិធី។ វាអាចធ្វើឱ្យដៃគូផ្សេងៗគេមានចំណាប់អារម្មណ៍ ផ្តល់ថវិការមកឱ្យយើង។» លោកថា អង្គការ Save the children បានធ្វើការឆ្លើយតប ទាំងលើការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការអភិវឌ្ឍន៍ ដោយផ្តោតទៅលើការអប់រំ និងការផ្តល់អាហារជីវជាតិដល់កុមារ។
តើអង្គការសង្គមស៊ីវិលមានតួនាទីអ្វីខ្លះ?
លោក សឿងសារឿន បានបញ្ជាក់ថា អង្គការសង្គមស៊ីវិលមានតួនាទីសំខាន់ណាស់ ក្នុងការជួយស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងលើកកម្ពស់សន្តិភាព ក៏ដូចជាសេរីភាព និងដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដូចជាបង្កើតឱ្យប្រជាជនៅតាមជនបទ ឱ្យមានមុខរបរតាមរយៈការបណ្តុះបណ្តាល ឱ្យប្រជាពលរដ្ឋឱ្យមានវិជ្ជាជីវៈ។
លោកបន្ថែមថា៖ «តាំងពីទស្សវត្សឆ្នាំ២០០០ រហូតមលដល់ឥលូវនេះ គឺថាយើងដើតួនាទីយ៉ាងសំខាន់ ទាំងក្នុងវិស័យការផ្តល់សេវាកម្ម ការពង្រឹងវិស័យអប់រំ វិស័យសុខាភិបាល និងបានកាត់បន្ថយនូវជម្ងឺរាលដាលផ្សេងៗ ក៏ដូចជាជម្ងឺអេដស៍ជាដើម។»
លើសពីនេះទៅទៀត អង្គការសង្គមស៊ីវិល បានចូលរួមយ៉ាងសំខាន់ក្នុងលើកកម្ពស់ សិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យប្រជាពលរដ្ឋចូលរួមយ៉ាងសកម្ម និងយល់ពីតួនាទី និងសិទ្ធរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ជាពិសេស នៅក្នុងដំណាក់កាលនេះដែលប្រទេសកម្ពុជា កំពុងត្រៀមខ្លួនក្លាយជាប្រទេសដែលមានចំណូលមធ្យម តួនាទីរបស់សង្គមស៊ីវិល គឺលើកកម្ពស់នូវការតស៊ូមតិ ក៏ដូចជាការឃ្លាំមើល ក្នុងការអនុវត្តន៍ក្នុងបំពេញការងាររបស់រដ្ឋាភិបាល ថាធ្វើម៉េចឱ្យរដ្ឋាភិបាលបំពេញតួនាទី ឱ្យកាន់តែមានតម្លា គណនីភាព ប្រសិទ្ធភាពសម្រាប់ប្រជាជននៅតាមមូលដ្ឋាន៕