សមាជិក​ព្រឹទ្ធសភា​បារាំង​ព្រមាន​រដ្ឋាភិបាល​កម្ពុជា ថា​បាន​ឆ្លង​«បន្ទាត់​ក្រហម»

រាប់ចាប់តាំងថ្ងៃទី១៦ ខែវិច្ឆិកានោះមក លោក អង់ដ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភាបារាំង មកពីគណបក្ស«En Marche!» ដែលកំពុងកាន់អំណាច របស់ប្រទេសបារាំង បានសម្ដែងប្រតិកម្មម្ដងហើយម្ដងទៀត ទោមនស្សនឹងសាលក្រមរំលាយគណបក្សសង្គ្រោះជាតិ ដែលចេញដោយក្រុមចៅក្រមតុលាការកំពូល ដែលមានសមាសភាពភាគច្រើន ជាមន្ត្រីស្និតនឹងគណបក្សកាន់អំណាច ក្នុងប្រទេសកម្ពុជា។
សមាជិក​ព្រឹទ្ធសភា​បារាំង​ព្រមាន​រដ្ឋាភិបាល​កម្ពុជា ថា​បាន​ឆ្លង​«បន្ទាត់​ក្រហម»
ពីឆ្វេងទៅស្ដាំ៖ លោក អង់ដ្រេ ហ្គាតូឡាំង សមាជិកព្រឹទ្ធសភាបារាំង និងរូបថតផ្តិតអេក្រង់ នៃទំព័រហ្វេសប៊ុករបស់លោក។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២០ វិច្ឆិកា ២០១៧
  • កែប្រែចុងក្រោយ: November 21, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការហាមឃាត់ក្រុម​អ្នកនយោបាយប្រឆាំង នៅក្នុងប្រទេសកម្ពុជា មានន័យថា «បន្ទាត់ក្រហម»មួយ ទើបនឹងត្រូវបានលោតរំលង ដោយរដ្ឋាភិបាលកម្ពុជា។ ហើយបរិយាកាសនយោបាយ ក្នុងរយៈពេលចុងក្រោយ បាន«ដើរផ្ទុយទៅនឹងដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ ដែលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ បានកំណត់សម្រាប់ប្រទេសកម្ពុជា»។

ខាងលើនេះ ជាដំណកស្រង់ចេញពីផ្នែកមួយ នៃសេចក្ដីប្រកាសព័ត៌មាន របស់លោក អង់ដ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភាបារាំង មកពីគណបក្ស«En Marche!» ដែលជាគណបក្សកំពុងកាន់អំណាច របស់ប្រទេសបារាំង។ សមាជិកព្រឹទ្ធសភារូបនេះ ដែលជាអនុប្រធាននៃគណៈកម្មការ​នៃកិច្ចការអ៊ឺរ៉ុប (របស់ព្រឹទ្ធសភាបារាំង) និងជាអនុប្រធាន នៃក្រុមសមាជិកព្រឹទ្ធសភាជាមិត្ត បារាំង-កម្ពុជា បានបន្តបរិហារសាលក្រម របស់តុលាការកំពូលកម្ពុជា ថាមានលក្ខណៈ«ដ៏អាស្រូវ» និង«ដ៏អយុត្តិធម៌» ដែលមិនគួរឲ្យយល់បាន។

ជាមួយនឹងការអះអាង សំដែងនូវសាមគ្គីភាព ជាមួយក្រុមមេដឹកនាំ របស់គណបក្សសង្គ្រោះជាតិ ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក អង់ដ្រេ ហ្គាតូឡាំង បានប្ដូរគម្រប (Cover) ក្នុងថ្ងៃទី១៩ ខែវិច្ឆិកានេះ មកដាក់រូបសញ្ញា និងឈ្មោះជាអក្សរខ្មែរ របស់គណបក្សសង្គ្រោះជាតិវិញ។

ថ្លែងនៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុសម្លេងបារាំងអន្តរជាតិ «RFI» ផ្សាយជាភាសាបារាំង លោក ហ្គាតូឡាំង បានបញ្ជាក់ថា ប្រទេសបារាំង រួមនឹងសហភាពអ៊ឺរ៉ុប នឹងចាត់វិធានការដ៏ខ្លាំងមួយ ដើម្បីដាក់ទណ្ឌកម្មទៅលើរបបដឹកនាំក្រុងភ្នំពេញ ក្នុងនោះរាប់បញ្ចូល ទាំងការលប់ចោល នូវការអនុគ្រោះពន្ធនាំចូល មកកាន់អ៊ឺរ៉ុប ដែលជាលំហទីផ្សារនាំចេញធំជាងគេបង្អស់ របស់កម្ពុជា និងទាំងទៅលើមន្ត្រីជាន់ខ្ពស់ ដែលជាអ្នកទទួលខុសត្រូវ នៅក្នុងគណបក្សប្រជាជនកម្ពុជា។

 

នៅភ្លាមៗ ក្រោយការប្រកាសសាលក្រម របស់ក្រុមចៅក្រមតុលាការកំពូល ដែលមានសមាសភាពភាគច្រើន ជាមន្ត្រីជំនិតរបស់គណបក្សប្រជាជនកម្ពុជានោះ លោកសមាជិកព្រឹទ្ធសភាបានចេញសេចក្ដីប្រកាសព័ត៌មានមួយ រំលឹកឡើងវិញថា ប្រទេសបារាំងជាសហប្រធាន នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុង​ប៉ារីស ឆ្នាំ១៩៩១ ហើយអំពាវនាវ ទៅរាល់ម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀមនេះ ឲ្យគប្បីបង្ហាញជំហរជាក់លាក់​របស់ផងខ្លួន ដូចអ្វីដែលកិច្ចព្រមព្រៀងនេះ បានចែងឡើង។

ក្នុងជំនួបមួយ រវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ក្នុងអាគារក្រសួងការបរទេសបារាំង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមក ប្រមុខការទូតបារាំង លោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) បានគូសបញ្ជាក់ ពី​ភាពចាំបាច់សម្រាប់ប្រទេសកម្ពុជា នៅពេលដែលការបោះឆ្នោតជាតិ នឹងឈានចូលមកដល់ នៅឆ្នាំក្រោយ ក្នុងការងាកមករកមាគ៌ា នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសេរីភាព ជាមូលដ្ឋានឡើងវិញ។ ការបង្ហាញជំហរ របស់ប្រទេសបារាំងខាងលើ ធ្វើឡើងជាលើកទីពីរ បន្ទាប់ពីប្រតិកម្មលើកទីមួយ ដែលត្រូវបានក្រសួងការបរទេសបារាំង ចេញផ្សាយនៅមួយថ្ងៃ ក្រោយការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលធ្វើឡើង​យ៉ាងតក់ក្រហល់ ក្នុងវេលាយប់រំលង​អាធ្រាត ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។

លោក អង់ដ្រេ ហ្គាតូឡាំង បានថ្លែងបន្ត ក្នុងកិច្ចសម្ភាសជាមួយវិទ្យុ «RFI» ទៀតថា៖ «ប្រទេសបារាំង ក៏ដូចជាសហភាពអ៊ឺរ៉ុប (...) ត្រូវកោះប្រជុំ ឲ្យបានលឿនតាមតែអាចធ្វើទៅបាន នូវភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ឆ្នាំ១៩៩១ ដើម្បីសម្លឹងរកមើល ការចាត់វិធានការ នៅចំពោះការងាក​ទៅរករបបផ្ដាច់ការ​មួយ នៅកម្ពុជា»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...