ត្រីឆ្ដោបាញ់សម្លាប់កូនស្រីបង្កើត ព្រោះនាងចង់បម្រះចេញពីសម្ពន្ធភាពស៊ាំញ៉ាំ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១១ តុលា ២០១៤
- កែប្រែចុងក្រោយ: October 12, 2014
- ប្រធានបទ: វិបត្តិផ្លូវភេទ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជារឿងដែលមិនគួរឲ្យជឿបាន។ បុរសចំណាស់ ៥២ឆ្នាំ ឈ្មោះ ឌឺនី ម៉ាណើឆេ (Dennis Mannechez) បានប្រើកាំភ្លើង បាញ់សម្លាប់កូនស្រីច្បងខ្លួនឯងបង្កើត រួមជាមួយថៅកែប្រុសរបស់នាងម្នាក់ទៀត កាលពីដើមសប្ដាហ៍នេះ នៅក្នុងក្រុុង ហ្សីស៊័រ (Gisors) នៃតំបន់ អឺរ (Eure - ផ្នែកពាយ័ព្យនៃប្រទេសបារាំង)។ បុរសចំណាស់ក្នុងពេលនេះ កំពុងស្ថិតក្នុងសភាពស្លាប់មិនស្លាប់ រស់មិនរស់ ដោយសារបានបាញ់ខ្លួនឯង បំរុងធ្វើអត្តឃាតនៅពេលបន្ទាប់មក។
សារព័ត៌មានតំបន់របស់បារាំង Le Courrier Picard និង Paris Normandie បានរាយការណ៍ថា បុរសនេះមានបំណង ចង់បន្តទំនាក់ទំនងរួមសង្វាសខុសទំនង ជាមួយនឹងកូនស្រីច្បងអាយុ៣៤ឆ្នាំរបស់ខ្លួន និងបានសម្ដែងការក្ដៅក្រហាយយ៉ាងខ្លាំង នៅពេលដែលកូនស្រីរូបនេះ បានចាកចេញពីគាត់ តាំងពីប៉ុន្មានសប្ដាហ៍មុន។
កាលពីឆ្នាំ២០១១ តុលាការតំបន់របស់ប្រទេសបារាំង បានរកឃើញថា បុរសវ័យចំណាស់ ឌឺនី ម៉ាណើឆេ វិស្វករខាងព័ត៌មានវិទ្យាផងនោះ បានប្រព្រឹត្តិទោសកំហុស ពីបទរំលោភ និងការបៀតបៀនផ្លូវភេទ ទៅលើកូនស្រីបង្កើតខ្លួនឯងពីរនាក់។ ប៉ុន្តែកូនស្រីទាំងពីរ បានប្រកែកថា ទំនាក់ទំនងផ្លូវភេទនេះ មិនមានការចាប់បង្ខំទេ តែជាការស្រុះស្រួលគ្នាមួយ។ យ៉ាងណាក៏ដោយ ទំនាក់ទំនងផ្លូវភេទរវាងសាច់ឈាមឯង ត្រូវបានហាមឃាត់នៅក្នុងប្រទេសបារាំង ហើយ ឌឺនី ម៉ាណើឆេ ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ៨ឆ្នាំ និងប្រពន្ធ (ម្ដាយកូនស្រី) ពីបទផ្សំគំនិត ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ។ ប៉ុន្តែទោសនេះ ត្រូវបានកាត់បន្ថយនៅសាលាឧទ្ទរណ៍ ឲ្យជាប់ពន្ធនាគារត្រឹមតែ៥ឆ្នាំ ក្នុងនោះ៣ឆ្នាំត្រូវបានព្យួរ។
រឿងដែលសោកសៅខ្លាំង រកនិយាយមិនកើតនោះ គឺនៅថ្ងៃកើតហេតុ យុវជនជំទង់អាយុ១៣ម្នាក់ ដែលជាសាច់ឈាមចេញពីទំនាក់ទំនងផ្លូវភេទរវាង ឌឺនី និងកូនស្រីខ្លួនឯងនេះ បានមើលឃើញសកម្មភាពរបស់ឪពុក និងត្រូវជាជីតាខ្លួនដែរ បាញ់សម្លាប់ម្ដាយ និងត្រូវជាបងស្រី (ម្ដាយដោយខ្លួន) ផ្ទាល់នៅនឹងភ្នែក៕