ជៀសម៉ូតូទៅបុកជញ្ជាំងចែកផ្លូវ ខ្ទេចរថយន្ដ៖ «ខុសបច្ចេកទេស»?
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក. សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០៤ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 05, 2014
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅម៉ោងប្រមាណជា៧និង៣០នាទីយប់ កាលពីថ្ងៃទី០៣ខែធ្នូនេះ មានករណីគ្រោះថ្នាក់ចររាចរណ៍មួយ បានកើតឡើង នៅខាងកើតស្ពានស្ទឹងមានជ័យ ប្រមាណជា១០០ម៉ែត្រ ដោយរថយន្ត តូយូតាកូរ៉ូឡា មួយគ្រឿង បានរត់ទៅបុកជញ្ជាំងចែកផ្លូវ។ រថយន្ដពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 2J-6021 នេះ បើកបរដោយអ្នកស្រី ជៀប នី រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមួយកូនស្រីរបស់អ្នកស្រីពីរនាក់។ ករណីគ្រោះថ្នាក់នេះ មិនបានបង្កឲ្យមានមនុស្សស្លាប់ ឬរបួសទេ ប៉ុន្តែរថយន្តបានរងការខូចខាតទាំងស្រុងផ្នែកខាងមុខ។
អ្នកស្រី ជៀប នី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា គាត់បានបើកបរពីលិចទៅកើត មកដល់ចំណុចកើតហេតុបានឃើញម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បើកបរក្នុងល្បឿនយ៉ាងលឿន មកចំពីមុខឡានអ្នកស្រី ដោយខ្លាចបុកម៉ូតូនោះ អ្នកស្រីបានបើកគេចចូលមកកណ្តាលទ្រូងផ្លួវ ដោយមិនដឹងថា គេជួសជុលទ្រូងផ្លូវទើបបណ្តាលឲ្យរថយន្ដ បុកជាមួយនឹងទ្រូងផ្លូវនោះពេញទំហឹងតែម្ដង។ លោកស្រីបានបន្ទោស ទៅក្រសួងសាធារណៈការ និងដឹកជញ្ជូនថា បើជួសជុលផ្លូវ ហេតុអីមិនដាក់ផ្លាកសញ្ញាឲ្យអ្នកបើកបរឃើញ?
តែផ្ទុយទៅវិញ នគរបាលចររាចរណ៍ដែលប្រចាំការនៅទីនោះម្នាក់ បាននិយាយក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានចាត់ទុកការបើកបររបស់អ្នកស្រីថា ការបើកបរខុសបច្ចេកទេសទៅវិញ។ ហេតុការណ៍ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ គឺជាកំហុសអ្នកស្រីទាំងស្រុង។
សាក្សីដែលបានឃើញហេតុការណ៍នេះ បាននិយាយថា ប៉ូល៉ិសចររាចរណ៍និយាយបែបនេះ វាមិនត្រិមត្រូវទេ បញ្ហានេះ គឺមកពីអ្នកជួសជុលផ្លូវ ដែលមិនដាក់ផ្លាក់សញ្ញា ឲ្យអ្នកបើកបរគ្រប់រូបបានឃើញ។
រថយន្តគ្រោះថ្នាក់ខាងលើ ត្រូវបានក្រុមនគរបាល ស្ទូចយកទៅទុក នៅស្នងការដ្ឋាននគរបាលចររាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយទៅតាមច្បាប់។
នៅក្នុងហេតុការណ៍នេះដែរ ខណៈពេលដែលអ្នកសារព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កំពុងចុះយកការណ៍ ក្នុងករណីនេះ ស្រាប់តែបុរសចម្លែកម្នាក់ បានជិះម៉ូតូមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1AA-9410 មកឈប់នៅក្បែរនោះ ដោយពាក់មួកសុវត្ថិភាពជិត ហើយបាននិយាយខ្លាំងៗ ទៅកាន់អ្នកសាព័ត៍មានថា មានសិទ្ធអីមកថតរឿងនេះ។ បន្ទាប់ពីការឆ្លើយតបដោយសុភាពរាបសារ ពីសំណាក់អ្នកសាព័ត៌មាន ថាខ្លួនជាអ្នកសាព័ត៍មាននោះ បុរសចម្លែកខាងលើបានបើកម៉ូតូវចេញទៅយ៉ាងលឿន៕