ហ៊ីយ៉ានដាយ ប៉ះ តូយូតា ខូចខាតផ្នែកខាងមុខ
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៥ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 14, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រថយន្តដឹកដីធុន ហ៊ឺយ៉ានដាយ បានប៉ះជាមួយរថយន្ត តូយូតា កាលពីវេលាម៉ោង ១០និង ៤០ នាទីព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៥ លើដងផ្លូវមួយ ក្នុងភូមិប្រកា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គ្រោះថ្នាក់នេះ បានបណ្តាលឲ្យខូចខាតរថយន្ត តូយូតា ផ្នែកខាងមុខ និងដាច់កាឡេ ទៅមុខមិនរួច តែមិនបានប៉ះពាល់ ដល់អាយុជិវិតមនុស្សទេ។
រថយន្តបង្ក ធុន ហ៊ីយ៉ានដាយ គ្មានស្លាកលេខ បើកបរដោយលោក ឡុង សុខ អាយុ ២៥ឆ្នាំ។ យុវជនដែលមានមុខរបរ ជាអ្នកបើករថយន្តដឹកដីរូបនេះ មានស្រុកកំណើតនៅភូមិត្រពាំងលៀប ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នស្នាក់នៅ ក្នុងការដ្ឋានរណ្តៅដីតាហេង ក្នុងភូមិអន្លុងគង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែករថយន្តរងការខូចខាត ធុន តូយូតា ពាក់ស្លាកលេខ 2W 0610 ភ្នំពេញ បើកបរដោយលោក នៅ សានិត ភេទប្រុសអាយុ ៣៧ ឆ្នាំ។ លោក សានិត ត្រូវបានគេស្គាល់ថា មានមុខរបរ ជាអ្នកបើករថយន្ត ឲ្យព្រះសង្ឃនៅវត្តឬស្សីសាញ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តតូយូតា បើកបរក្នុងល្បឿនល្មម នៅតាមផ្លួវបេតុងមុខ វត្តឬស្សីសាញ ធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចផ្លូវកែង រថយន្ដនេះ បានបត់ឆ្វេងពីលិចទៅកើត ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿង បើកបរពីត្បូងទៅជើង ក្នុងល្បឿនលឿន មកដល់ផ្លូវកែងដូចគ្នា ហើយបានបត់ស្តាំ ក៏ជ្រុលចង្កួច ទៅបុករថយន្ត តូយូតា មួយទំហឹង បណ្តាលឲ្យខូចផ្នែកខាងមុខ និងដាច់កាឡេទៅមុខមិនរួច។
ក្រោយពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ព្រៃស បានមកចុះវាសវែង និងនាំយករថយន្តទាំងពីរគ្រឿង មកប៉ុស្តិ៍នគរបាល សង្កាត់ព្រៃស ដើម្បីធ្វើការដោះស្រាយ។ ប្រភពស្និតនឹងនគរបាល បានឲ្យដឹងថា ភាគីខាងរថយន្ត ហ៊ីយ៉ានដាយ បានសុខចិត្តយក រថយន្ត តូយូតា ទៅជួសជុលឲ្យ ដើម្បីបញ្ចាប់រឿងត្រឹមណ្នឹង៕