ច្បាប់ NGO នឹង​ត្រូវ​អនុម័ត​ដោយ​សម្លេង​បក្ស​កាន់​អំណាច​តែ​មួយ

ទោះតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ទាំង៥៥រូប មិនចូលរួម ឬមិនលើកដៃគាំទ្រក៏ដោយ ក៏សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​ឧបស័គ្គ​អ្វី​ឡើយ។ ព្រោះរដ្ឋសភា ត្រូវការសំឡេងអនុម័ត យ៉ាង​តិច​បំផុត ត្រឹម​តែ​៥០%​បូក​១​ប៉ុណ្ណោះ។ នេះ​ជា​ការ​ថ្លែងអះអាង របស់លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី៨ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 08, 2015
  • ប្រធានបទ: ច្បាប់ NGO
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហេង សំរិន ប្រធានរដ្ឋសភា ក្នុងពិធីថ្លែងបើកសិក្ខាសាលា នាព្រឹកថ្ងៃទី៨ ខែកក្កដានេះ ដោយបាន​ចាត់​ទុកថា អង្គការសង្គមស៊ីវិល ប្រៀបបានទៅនឹងផ្នែកមួយ របស់រដ្ឋាភិបាល ដែលបានរួមចំណែកការពារ និង​ជួយ​នូវភាពលំបាកនានា របស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមពង្រឹង និងលើកកំពស់ ការអនុវត្តច្បាប់ សិទ្ធិ​មនុស្ស លិទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា។ លោកថា យ៉ាងណាសម្រាប់លោកផ្ទាល់ ដែលជាប្រធានរដ្ឋសភា នៅតែចង់​បាន​ច្បាប់គ្រប់គ្រងអង្គការនេះ ជាចាំបាច់។

ប្រធានរដ្ឋសភារូបនេះ ក៏បានស្នើឲ្យអង្គសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ទទួលយកអនុសាសន៍របស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បី​មកពីគ្រោះដាក់បញ្ចូល ក្នុងសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

សូមបញ្ជាក់ថា ចំពោះសិក្ខាសាលា ដែលរៀបចំឡើងដោយរដ្ឋសភានេះ ឃើញមានវត្តមាន នៃតំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិដែរ តែត្រូវដើរចេញ ពីអង្គសិក្ខាសាលានោះវិញ។ លោក ហូរ វ៉ាន់ តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយថា ការដើរចេញនេះ ដើម្បីទុកឱកាស​ឲ្យ​សាធារណៈជន និងអង្គការសង្គមស៊ីវិលបានចូលរួម។ យ៉ាងណា ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភារូបនេះ នៅតែបង្ហាញជំហរថា៖ «យើងមើលឃើញថា ច្បាប់នេះ មាន​ភាព​ចម្រូងចម្រាសខ្លាំង ពីសង្គមស៊ីវិល ពីមហាជន ពីសមាគម ដែលកំពុងបម្រើការសង្គម នៅកម្ពុជា»។

ក្នុងថ្ងៃតែមួយ នៅទីស្តីការក្រសួងមហាផ្ទៃឯណោះវិញ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែង ក្នុង​ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់នាយកនគរបាលជាតិ ពាក់ព័ន្ថនឹងសេចក្តីព្រាងច្បាប់ ស្ដី​ពី​សមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះថា៖ «មតិទីមួយ គាំទ្រ ឲ្យមានច្បាប់អង្គការសង្គមស៊ីវិល។ មតិទី​ពីរ​ថា មិនទាន់ចាំបាច់ ឲ្យមានច្បាប់នេះទេ។ មតិទីបីថា មានច្បាប់ប៉ុន្តែសុំឲ្យមានការជជែក ឲ្យបានគ្រប់ជ្រុង​ជ្រោយ។ មតិទីបួន សុំផ្តល់អនុសាសន៍ គួរលុបចំណុចនេះ គួរកែចំណុចនោះ។ (…) ប៉ុន្តែតាំងពីខ្ញុំ (ស ខេង) ចេញធ្វើ​ច្បាប់​មកនោះ វាមិនដែលមានច្បាប់ណា បានជជែកគ្នារបៀបហ្នឹងទេ ព្រោះថាជជែកមហាជជែកហើយ អីចឹង​ថា ពាក្យ​ថា ជជែកនេះ ក្នុងន័យមិនឲ្យច្បាប់នេះវាចេញ។»

ឯសង្គមស៊ីវិលមួយចំនួនធំ ក៏បានធ្វើសន្និសិទ្ធសារព័ត៌មានបន្ទាន់ដែរ ក្រោយពីបញ្ចប់ កិច្ចប្រជុំនៅរដ្ឋសភា។ សង្គម​ស៊ីវិលទាំននោះ នៅតែបដិសេធ មិនចង់ឲ្យមានច្បាប់នេះ។ ប៉ុន្តែប្រសិនបើមានច្បាប់នេះ ក៏ត្រូវលប់​ចោល នូវមាត្រាមួយចំនួន ដែលបិទសិទ្ធិសេរីភាព ជាមួយនឹងការសុំពន្យាពេល ឬបន្តពេលកិច្ចពិភាក្សានេះ ឲ្យបានច្រើន ដូចទៅនឹងការអះអាង របស់លោក ហេង សំរិន។ នេះជាការអះអាងរបស់អ្នកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។

ទោះយ៉ាងណាក៏ដោយ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា និងជាអ្នកសម្របសម្រួល ក្នុងវេទិការសិក្ខា​សាលា​នេះ បានថ្លែងថា សិក្ខាសាលានេះ ជាសិក្ខាសាលាថ្នាក់ជាតិលើកទីមួយ ហើយជាលើកចុងក្រោយ របស់​រដ្ឋសភាដែរ។ ព្រោះច្បាប់នេះ ក៏នឹងត្រូវដាក់ឲ្យសភាពេញអង្គអនុម័ត ក្នុងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ខាង​មុខ​នេះ។

លោក ឈាង វុន ដែលជាប្រធាន គណៈកម្មការកិច្ចការ បរទេសរដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភា បាន​ថ្លែង​ឡើងថា៖ «នាថ្ងៃទី១០ ខែកក្កដា រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័ត លើសេចក្តី​ព្រាង​ច្បាប់នោះ។ (…) បើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង៥៥រូប មិនចូលរួម ឬមិនលើកដៃគាំទ្រ​ក៏​ដោយ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវរដ្ឋសភាអនុម័ត ដោយគ្មានឧបស័គ្គអ្វីទេ។ ព្រោះថារដ្ឋសភា ត្រូវការ​សំឡេង​អនុម័តយ៉ាងតិចបំផុត ត្រឹមតែ៥០%បូក១ប៉ុណ្ណោះ៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...