ស ខេង ថា តាម​ចាប់ សុខ ប៊ុន ព្រោះ​កុំឲ្យ​គេ​​ជេរ​«នាយក​រដ្ឋមន្រ្តី»

«យុត្តិធម៌សង្គមនៅឯណា អ្នកនេះធ្វើបាន អ្នកនោះធ្វើមិនបាន។ ដល់ទីបំផុតគេជេរ ជេរនរណា? ជេរនាយករដ្ឋមន្រ្តី ជេរប៉ូលីស ជេរទាំងអស់គ្នា។» នេះជាការលើកឡើង របស់លោក ស ខេង ដើម្បីយុត្តិធម៌សង្គម នៅកម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៥ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 15, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញនេះ បានស្នើទៅកាន់ អគ្គស្នងការនគបាលជាតិ ដែលពាក់ព័ន្ធ ឲ្យតាមចាប់ខ្លួនលោក សុខ ប៊ុន ដែលបានប្រើអំពើហិង្សា ទៅលើ​កញ្ញា ឯក សុជាតា ហៅកញ្ញា សាសា តាមដីកានាំខ្លួនរបស់តុលាការ មកផ្តន្ទាទោសតាមច្បាប់ បើទោះជា​ជន​នោះ រត់ដល់ទីណាក៏ដោយ ព្រោះវាមិនមែនជារឿង លេងសើចឡើយ។

ថ្លែងក្នុងសិក្ខាសាលា ស្តីពី បញ្ហាបច្ចុប្បន្នភាពកិច្ចការព្រំដែន នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលម៉ិញ រដ្ឋមន្រ្តីរូបនេះបានថ្លែងឡើងថា បើទោះពេលនេះ លោក សុខ ប៊ុន លាចេញពី«ឧកញ៉ា» លាចេញពីក្រុមហ៊ុន និងជួយចេញថ្ងៃព្យាបាលជំងឺដប់ម៉ឺនក៏ដោយ តែទាំងនេះ វាមិនគ្រប់គ្រាន់ នឹងទទួលយកបានឡើយ សម្រាប់​យុត្តិធម៌នៃសង្គមកម្ពុជា។ លោកបានស្នើ ទៅកាន់អគ្គស្នងការនគរបាលថា៖ «ស្នើឲ្យអគ្គនគរបាលម៉ឺងម៉ាត់ ក្នុង​រឿងនេះ អត់មានលេងសើចទេ។ (…) ទោះបីស្រ្តីនោះ គេខុសយ៉ាងណាក៏ដោយ តែយើងទៅវាយគេ វាខុស​ហើយ។ (…) យើងកុំឃុបឃិត នឹងរឿងដែលគេធ្វើខុស។ (…) ចឹងត្រូវតែដោះស្រាយ តាមតុលាការ រកមេធាវី​រៀង​ខ្លួន។»

បន្ទាប់ពីបានបញ្ជា ឲ្យអគ្គស្នងការនគរបាលជាតិ តាមស្វែងរកចាប់ខ្លួន លោក សុខ ប៊ុន នេះ លោក​រដ្ឋមន្រ្តី​បានបញ្ជាក់ថា វាជាសិទ្ធិអំណាចរបស់រដ្ឋាភិបាល និងក៏មិនបានរំលោភសិទ្ធិតុលាការដែរ។ ជាមួយគ្នានេះ លោក​បានទទួលស្គាល់ ភាព«ពិការ»ក្នុងការស្វែងរកចាប់ខ្លួន បុគ្គលមានលុយរូបនេះ ព្រោះតែមាន​មន្រ្តី​ក្រោម​ឱវាទ របស់លោកមួយចំនួន ក៏កំពុងធ្វើការរារាំងដែរ។ លោកបានញ្ជាក់ដូច្នេះថា៖ «ខ្ញុំដឹងដែរ មន្រ្តីយើងណា​ខ្លះ​លាក់ មែនមិនដឹងទេ រារាំង រារាំង។ កុំរារាំង សូមកុំរារាំង ទុកឲ្យគេធ្វើការតាមច្បាប់ទៅ។ (…) យើងចង់កំណែ​ទម្រង់ ប្រព័ន្ធយុត្តិធម៌។»

ការលើកឡើងរបស់លោក ស ខេង ខាងនោះនេះ បន្ទាប់ពីលិខិតមួយ របស់លោក សុខ ប៊ុន តាមរយៈមេធាវី យិន សុភ ចេញផ្សាយក្នុងព្រឹក ថ្ងៃទី១៤ ខែកក្កដា បានប្រកាសថា លោក សុខ ប៊ុន ស្ម័គ្រចិត្តលាឈប់ពី តំណែង​ឧកញ៉ា, លាឈប់ ពីប្រធានសមាគមវាយតម្លៃអចលនវត្ថុ, លាឈប់ពីនាយកក្រុមហ៊ុន TEHO-SBG Development Co., Ltd. និងបានចូលរួម ជាវិភាគទានព្យាបាលសុខភាព និងដោះស្រាយជីវភាព របស់​កញ្ញា​សាសា ចំនួន១០ម៉ឺនដុល្លារអាមេរិក ដោយសុំមិនឲ្យ មានការចោទប្រកាន់គ្នា សងសឹកគ្នា ដើម្បីខ្លួន​បានមក​រួម​រស់ ជាមួយក្រុមគ្រួសារវិញ។

លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព ថ្លែងស្វាគម ចំពោះការ​បញ្ជា ឲ្យស្វែងរកចាប់ខ្លួន លោក សុខ ប៊ុន ដែលប្រើហិង្សា នៅទីសាធារណៈយ៉ាងសាហាវបែបនោះ។ ប៉ុន្តែ​លោក សរ ខេង ត្រូវតែបញ្ជាឲ្យចាប់ខ្លួន ជនល្មើសផ្សេងទៀត មកផ្ដន្ទាសទោសដែរ។ ក្នុងកិច្ចសម្ភាស ជាមួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក គឹមអេង បានថ្លែងឡើងថា ស្វែងរកចាប់ខ្លួនលោក សុខ ប៊ុន តែម្នាក់នោះ នៅមិនគ្រប់គ្រាន់ទេ តែនៅមានមនុស្សជាច្រើនទៀត ដែលកំពុងរស់នៅ ក្រៅសំណាញ់ច្បាប់ ដូចជា​អតីត​អភិបាលក្រុងបាវិតជាដើម។ លោកបញ្ជាក់ដូច្នេះថា «ករណីដទៃផ្សេងទៀត ត្រូវមានចំណាត់ការ កុំឲ្យជន​ល្មើស​ទាំងនោះ នៅក្រៅសំណាញ់ច្បាប់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...