ទៀ បាញ់ និង​មន្ត្រី​យួន​រួម​គ្នា​ចង្អុល​បក្ស​ប្រឆាំង​ខ្មែរ ថា​បង្ក​អស្ថិរភាព

លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិខ្មែរ និងលោក ង្វៀង អាញ់យ៉ុង អនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា បាន​ថ្លែង​រួម​គ្នា​ថា គណបក្ស​ប្រឆាំង​នៅ​កម្ពុជា គឺជាក្រុម​«អមិត្ត» ដែលបានបង្កឲ្យមានអស្ថិរភាពជាច្រើន នៅក្នុងសង្គមកម្ពុជា ជាពិសេសនៅ​តាម​ព្រំដែន កម្ពុជា-វៀតណាម។
ទៀ បាញ់ និង​មន្ត្រី​យួន​រួម​គ្នា​ចង្អុល​បក្ស​ប្រឆាំង​ខ្មែរ ថា​បង្ក​អស្ថិរភាព
លោក ទៀ បាញ់ កំពុងឈរធ្វើសុន្ទរកថា និងលោក ង្វៀង អាញ់យ៉ុង កំពុងអង្គុយស្ដាប់។ (រូបថតក្រសួងការពារជាតិ)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២០ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 20, 2016
  • ប្រធានបទ: ព្រំដែន-នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើសិនជាបញ្ហាព្រំដែន កម្ពុជា-វៀតណាម នៅតែត្រូវបានក្រុមអ្នករិះគន់ លើកឡើងពីភាពមិនប្រក្រតីនោះ តែ​សម្រាប់​រដ្ឋមន្ត្រី​ការពារជាតិកម្ពុជា បានថ្លែងប្រហាក់ប្រហែលគ្នា ទៅនឹងការលើកឡើង របស់មន្ត្រី​អនុព័ន្ធ​យោធា​វៀតណាម ប្រចាំនៅប្រទេសកម្ពុជា ដូច្នេះថា បញ្ហាក្នុងពេលកន្លងមក ទាក់ទងនឹងបញ្ហាព្រំដែន គឺ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ជាអ្នកបង្កើតឡើង។

មន្ត្រីជាន់ខ្ពស់ កម្ពុជានិងវៀតណាមទាំងពីររូប បានថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធ​ដាក់ឲ្យប្រើប្រាស់​អគារ​​សាលប្រជុំ​ថ្មី សកល​វិទ្យាល័យ​ការពារ​ជាតិ ដែល​ជាអំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស នៃ​​សាធារ​ណ​រ​ដ្ឋ​​ស​ង្គ​ម​​និយម​​វៀត​ណាម កាលពីនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ។

លោក ង្វៀង អាញ់យ៉ុង (Nguyen Anh Dung) អនុព័ន្ធយោធានៃប្រទេសវៀតណាម ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​ថា ទង្វើ​របស់​គណបក្ស​ប្រឆាំង ដែលបានទៅបង្កបញ្ហារញ៉េរញ៉ៃ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ​នោះ គឺ​មាន​បំណង​ចង់​បំបែក​បំបាក់ នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ និងទំនាក់ទំន​ង​មិត្ត​ភាព សាម​គ្គីភាព​​រ​វាង​ប្រ​ទេស​​ទាំង​ពីរ ក​ម្ពុជា-វៀត​ណាម ដែល​មាន​តាំង​ពី«យូរ​លុង»​​ណាស់​ម​ក​ហើយ​។

ចំពោះលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិខ្មែរ ក៏បានលើកឡើង មិនខុសគ្នាប៉ុន្មានដែរ។ លោករដ្ឋមន្ត្រី​បាន​ថ្លែង​​ស្រដៀង​គ្នា​ថា គណបក្សប្រឆាំងនៅកម្ពុជា តែងតែងធ្វើសកម្មភាពញុះញង់ និងយកបញ្ហាមួយចំនួន មាន​បញ្ហា​ព្រំដែន​ជា​ដើម មក​បង្ក​បរិយាកាស​ឲ្យអ័ព្ទអួរ និងនាំឲ្យមានអរិភាព ជាមួយប្រទេសជិតខាង។ លោកថា ទង្វើ​នេះ ​មាន​បំណង​ផ្ដួល​រំលំ រដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញ​ពី​ការ​បោះ​ឆ្នោត។

លោកនាយឧត្ដមសេនីយ៍ ដែលមានថានៈជាឧបនាយករដ្ឋមន្ត្រីផង បានមាន​ប្រសាសន៍​ថា៖ «បក្ស​ប្រឆាំង នៅ​តែ​មាន​មហិច្ឆតា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ធ្វើការញុះញង់បង្កប់បរិយាកាស អរិភាព​ជាមួយ​ប្រទេស​ជិត​ខាង រឿង​បញ្ហា​ព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងការប្រមូលផ្តុំ ធ្វើបាតុកម្ម កូដកម្ម ឬ​ទាមទារ​តវ៉ា​នានា។»។

លោក ទៀ បាញ់ បានបញ្ជាក់ទៀតថា បំណងចង់ផ្ដួលរំលំរដ្ឋាភិបាលសព្វថ្ងៃ ដែលដឹកនាំដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិនមែន​មាន​ត្រឹមតែ​គណបក្សប្រឆាំង​ប៉ុណ្ណោះទេ តែនៅមានបរទេសមួយចំនួន ក៏​បាន​ចិញ្ចឹម​ចិត្ត​ធ្វើ​ដូច្នេះ​ដូចគ្នា​ដែរ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើបរទេសនោះជាក្រុម ឬប្រទេសណា​មួយទេ។

លោករដ្ឋមន្ត្រី បានថ្លែងឡើងថា៖ «មហិច្ឆតាពពួកពីក្រៅមួយចំនួន យើងមិនបាច់និយាយថា​នរណា​ទេ ពី​ក្រៅ​មួយ​ចំនួន គឺកំពុងតែរងនូវភាពខកចិត្តមួយ ដែលគេបានធ្វើអ្វីៗ គ្រប់បែបយ៉ាង​ទាំង​អស់ តាំង​ពី​យូរយា​ណាស់​មក​ហើយ ក្នុង​ការ​ពូន​សម្ញំ​នៅ​តាម​អង្គការសង្គមស៊ីវិល ក៏ដូចជាតាមសមាគម។ ប៉ុន្តែធាតុពិត ធ្វើ​សកម្មភាព​គ្រប់​បែប​យ៉ាង​ទាំង​អស់ ដើម្បីបម្រើមហិច្ឆតារបស់អ្នកអគតិ។ គោលដៅដ៏ធំរបស់គេ ធ្វើយ៉ាងណា​គឺ​ផ្តួល​រំលំ​​រដ្ឋាភិបាល​ស្រប​ច្បាប់ ផ្តួលរំលំរាជរដ្ឋាភិបាល មកពី​គណបក្ស​ប្រជាជន​កម្ពុជា។»

បន្ទាប់មក លោក ទៀ បាញ់ បានថ្លែងក្នុងនាមក្រសួងការពារជាតិ ថានឹងអនុវត្តតួនាទីរបស់ខ្លួន ក្នុង​ការ​ថែរក្សា​សន្តិភាព និង​សន្តិសុខសង្គម។ លោកបានថ្លែងបន្តថា៖ «សកម្មភាព​ការ​ថ្មីៗនេះ មិនអាចឲ្យយើង​អង្គុយ​ស្ងៀម​ ធ្វេស​ប្រហែស​បានទេ ព្រោះមនុស្សអគតិមួយចំនួនមិនបង្អង់ដៃទេ នៅតែពឺត​សម្បើម​ណាស់ ប្រឹង​ប្រែង​ខ្លាំង​ណាស់ ធ្វើឲ្យ​មានភាព​ក្រឡាប់ចក្រ»។

ការថ្លែងដូច្នេះ ពីសំណាក់លោករដ្ឋមន្ត្រី ទៀ បាញ់ ឬពីសំណាក់មន្ត្រីរដ្ឋាភិបាលកម្ពុជាផ្សេង​ទៀត មិន​មែន​ជា​រឿង​ថ្មី​ឡើយ។ ប៉ុន្តែការថ្លែងរួមគ្នា ជាមួយនឹងមន្ត្រីជាន់ខ្ពស់វៀតណាម​បែប​នេះ ជា​រឿង​មួយ​ដ៏កម្រ។

យ៉ាងណាក៏ដោយ មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា តែង​បាន​បដិសេធ​ពី​ការ​លើក​ឡើង​ទាំង​​ឡាយ​ណា ដែលចោទថា គណបក្សខ្លួនចង់ធ្វើការរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​ចេញ​ពី​ការ​បោះ​ឆ្នោត។ ប៉ុន្តែគណបក្សនេះ បានអំពាវនាវឲ្យមានការផ្លាស់ប្ដូរ តាមរយៈ​ការ​បោះឆ្នោត តាម​បែប​ប្រជា​ធិបតេយ្យ។ រីឯបញ្ហា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រំដែន ក៏ធ្លាប់​ត្រូវបានមន្ត្រីគណបក្ស​សង្គ្រោះជាតិ​​អះអាង​ដែរ​ថា ជា​សិទ្ធិ​សេរីភាព របស់​ប្រជាជន​កម្ពុជា ក្នុងនាមជាម្ចាស់ប្រទេស ជាម្ចាស់ទឹកម្ចាស់ដី ដែល​ត្រូវ​ខ្វាយ​ខ្វល់ ពី​ការ​រំលោភ​ណា​មួយ បង្ក​ឡើង​ដោយ​បរទេស​ជិតខាង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...