បង​ប្រុស​ជន​រង​គ្រោះ​ឆេះ​ដុំ​ដាក់​ «ខេម» ដែល​ប្រកាស​ថា​ខ្លួន​ត្រូវ

បើតារាចម្រៀង នៅតែបន្តចោទថា ជនរងគ្រោះជាអ្នកខុសនោះ ការសម្របសម្រួល​ក្រៅប្រព័ន្ធតុលាការ នឹង​មិន​អាច​បន្ត​​ដំណើរ​​​ទៅ​មុខ​​បាន​ឡើយ។ នេះជាការខឹងច្រឡោតរបស់បងប្រុស ជនរងគ្រោះដល់ជីវិត នៅក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង រវាងប្អូនប្រុសលោក និងតារាចម្រៀង «ខេម» របស់ផលិតកម្មថោន កាលពីយប់រំលង​អាធ្រាត ថ្ងៃទី​១៧ ចូល​មក​ថ្ងៃទី​១៨ ខែ​ឧសភា​កន្លងមក។
បង​ប្រុស​ជន​រង​គ្រោះ​ឆេះ​ដុំ​ដាក់​ «ខេម» ដែល​ប្រកាស​ថា​ខ្លួន​ត្រូវ
លោក ប៊ុ​ន សុ​ណា​រិ​ន ហៅ ខេម តារាចម្រៀងសម្លេងស្អក របស់ផលិតកម្មថោន។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 19, 2016
  • ប្រធានបទ: តារា-គ្រោះចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះការឆ្លើយដ៏ខ្លី តែមានន័យវែង របស់តារាចម្រៀង ទៅនឹងសារព័ត៌មានក្នុងស្រុករួចមក នៅ​ពេល​នេះ​បងប្រុស របស់ជនរងគ្រោះ លោក លី ម៉ាត់លី បានជ្រើសរើស ការឆ្លើយតបទៅវិញ យ៉ាងជូរចត់។ ចម្លើយ​របស់​លោក  ប៊ុ​ន សុ​ណា​រិ​ន ហៅ ខេម បានធ្វើឡើងតាមទូរស័ព្ទ យ៉ាងដូច្នេះថា រថយន្ត​របស់ភាគីជនរងគ្រោះ បាន​​មក​​បុក​រថយន្ត​របស់​លោក ពេល​លោក​រក​កន្លែង​​ហូប​​បបរ មុន​នឹង​តារា​ចម្រៀង​សម្លេង​ស្អករូបនេះ បាន​ទម្លាក់​ទូរស័ព្ទ​ទៅវិញ។

ប៉ុន្តែចម្លើយនេះ បានដុតបញ្ឆេះលោក លី ម៉ាត់លី បងប្រុសរបស់ជនរងគ្រោះ លោក លី ការិន ដែលបាន​ស្លាប់​កៀបខ្លួន នៅក្នុងគ្រោះច្នាក់ចរាចរណ៍ កាលពីយប់ម៉ោងប្រមាណជា០០ និង៤០នាទី យប់រំលងអាធ្រាត ថ្ងៃ​ទី១៧ ចូលមកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះ នៅត្រង់ចំណុច​មុខឃ្លាំងស្ថានីយ៍ប្រេងសូគីម៉ិច តាម​បណ្តោយ​ផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់​ឬស្សីកែវ ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ។

សម្រាប់លោក លី ម៉ាត់លី និងគ្រួសារ វាជាការទទួលយកមិនបាន ដែលលោក ខេម ឆ្លើយយករួចខ្លួន ខណៈ​បង​ស្រី​របស់លោក ខេម បានចូលខ្លួនមកធ្វើការសម្រុះសម្រួល ក្រៅប្រព័ន្ធតុលាការ ជាមួយគ្រួសារ​ជន​រង​គ្រោះ កាល​ពីថ្ងៃទី១៨ ខែឧសភាម្សិលម៉ិញ។ នេះបើតាមសារព័ត៌មានក្នុងស្រុក «Post News» ដែលចេញ​ផ្សាយ​តាម​បណ្ដាញ​អ៊ិនធើណែត។

បងប្រុសជនរងគ្រោះ បានរំលឹកហេតុការណ៍ នៃគ្រោះថ្នាក់ចរាចរណ៍នោះមកវិញថា គឺរថយន្ដលោក ខេម បាន​បើក​លឿន និងជាអ្នកបង្កឲ្យប្អូនប្រុសលោកស្លាប់ តែមិនមែនប្អូនប្រុសរបស់លោក ជាអ្នកទៅ​បុក​រថយន្ដ​របស់​តារា​ចម្រៀង ទាំងតារាចម្រៀងគ្មានកំហុសអ្វីនោះឡើយ។ លោក លី ម៉ាត់លី បានបន្តទៀតថា បើលោក ខេម មិន​ប្រើ​សំដី​ឲ្យ​បានត្រឹមត្រូវទេនោះ គ្រួសាររបស់លោក នឹងធ្វើតាមច្បាប់ ហើយការសម្រុះសម្រួល ក្រៅ​ប្រព័ន្ធ​តុលាការ ក៏មិនអាចបន្ដដំណើរទៅមុខដែរ។ ផ្ទុយទៅវិញ លោក ខេម ត្រូវក្លាហានទទួលស្គាល់ ចំពោះ​កំហុស​ឆ្គង​នៅ​ថ្ងៃ​កើត​ហេតុ​នោះ មិនមែនខ្លួននិយាយផ្សេង ឯបងស្រីខ្លួននិយាយផ្សឹងនោះឡើយ។

របាយការណ៍នគរបាល ដែលបង្ហើបឲ្យបានដឹង បានអះអាងថា ភាគីលោក លី ការិន (ជនរងគ្រោះ) បានបើក​រថយន្ដវេពេញថ្នល់ ហាក់ដូចជាស្រវឹង និងបានបើកចូលមកក្នុងចំណែកផ្លូវគេ។ រីឯសាក្សីដែល​បាន​ឃើញ​ហេតុ​ការណ៍ ក៏បានអះអាងដែរថា រថយន្ដលោក ខេម ក៏បានបើកយ៉ាងលឿន ហួសល្បឿនកំណត់នោះដែរ។ ការអះអាងពីល្បឿននេះ អាចបង្ហាញបាន តាមរយៈសភាពប៉ះទង្គិច រវាងរថយន្ដទាំងពីរ ដែលរួញ​ផ្នែក​ខាង​មុខ​ចូល​គ្នា សឹងតែទាំងស្រុង។

បើតាមសារព័ត៌មានដដែល បានបញ្ជាក់ថា បងស្រីរបស់លោក ខេម បានចូលខ្លួនទៅជជែក ជាមួយគ្រួសារ​ជនរងគ្រោះ នៅដល់គេហដ្ឋានផ្ទាល់ ដើម្បីទទួលយកការទារសំណង និងបានចេញប្រាក់មួយចំនួន ដើម្បី​ធ្វើ​បុណ្យ​សព ធ្វើយ៉ាងណាកុំឲ្យគ្រួសារជនរងគ្រោះ ដាក់ពាក្យបណ្ដឹងផ្នែករដ្ឋប្បវេណី ទៅកាន់តុលាការ។ លោក លី ម៉ាត់លី បានបញ្ជាក់ថា ប្អូនលោកដែលស្លាប់នេះ ជាកូនពៅនៅក្នុងគ្រួសារ និងមិនទាន់មាន​ប្រពន្ធ​កូន​នៅ​ឡើយ។ ជាពិសេស លោកបានអះអាងទៀតថា នៅពេលគ្រោះថ្នាក់ ប្អូនលោកមិនបានទទួលទានស្រាទេ ព្រោះ​លោក​បាន​អោន​ទៅហិតមាត់លោក នៅក្រោយពេលប្អូនលោក បានផុតដង្ហើមបន្តិច។ លោកបាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​លោក ជាអ្នកកាន់សាសនាអ៊ីស្លាម ដូច្នេះលោក​មិននិយាយនូវពាក្យមិនពិតឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...