ចិន៖ ក្មេងស្រីអាយុ១០ឆ្នាំ បោះសម្លាប់ទារកពីជាន់ទី២៥ (vdo)
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: December 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជារឿងដែលមិនគួរឲ្យជឿបាន តែវាបានធ្វើឲ្យមានការរំជួលចិត្ត សម្រាប់បណ្ដាជនទូទៅ ដែលបានដឹងរឿងនេះ។ កុមារីម្នាក់ទើបនឹងមានអាយុ១០ឆ្នាំ ត្រូវបានចោទប្រកាន់ថា បានសម្លាប់ទារកអាយុ១ឆ្នាំកន្លះ ដោយបានបោះទារកតូចនេះ ពីជាន់ទី២៥នៃអាគារស្នាក់នៅមួយ ក្នុងក្រុងចុងគីង (Chongqing) ស្ថិតនៅផ្នែកនិរតីនៃប្រទេសចិន។
រូបភាព ដែលគេមើលឃើញនៅលើវីដេអូសុវត្ថិភាព ដែលដាក់ក្នុងទោងយន្ដ។ (រូបផ្ដិតពីវិដេអូ)
ជារឿងដ៏រន្ធត់ និងខ្លោចផ្សារជាទីបំផុតសម្រាប់គ្រួសារជនរងគ្រោះ។ គេហទំព័រព័ត៌មានមួយឈ្មោះ Shanghaiist បានរាយការណ៍ថា កុមារីអាយុ១០ឆ្នាំ ត្រូវបានចោទប្រកាន់ថា បានសម្លាប់ទារកមួយរូប អាយុទើបនឹង១ខួបកន្លះ ដោយបានបោះទារកនោះ ចេញពីតាមរាលហាននៃជាន់ទី២៥។ តើមានរឿងហេតុអ្វីបានកើតឡើងពិតប្រាកដ ?
គេហទំព័រដដែល ដែលបានប្រមូលបានភស្ដុតាងជារូបភាពនៃម៉ាស៊ីនថតសុវត្ថិភាព បានសរសេរឲ្យដឹងថា ទារក យ័នយ័ន បានធ្វើដំណើរជិះទោងយន្ដនៅក្នុងអាគារជាមួយម្ដាយរបស់ខ្លួន។ ប៉ុន្តែម្ដាយទារកបានទុកទារកប៉ុន្មានវិនាទីប៉ុណ្ណោះ ដើម្បីគាត់អាចយករទេះកង់ពណ៌បៃតងចេញពីខ្លួន។ រំពេចនោះ កុមារីបានប្រជ្រៀតចូលទៅក្នុងទោងយន្ដនោះ មុននឹងទ្វាទាំងគូររបស់ទោងយន្ដបានបិត ដែលធ្វើឲ្យទារកនិងម្ដាយ បានបែកផ្ដាច់ពីគ្នាទាំងស្រុង។
កុមារីបើកការវាយតប់លើទារក
នៅក្នុងទោងយន្ដ រូបភាពវីដេអូបានបង្ហាញថា កុមារីអាយុ១០ឆ្នាំរូបនេះ បានទទួលមក ពរ ទារកតូចប៉ុន្មានវិនាទីដេរ ចាប់ពីម្ដាយវាចេញពីផុតទៅបន្តិច ហើយបន្ទាប់មក បានបោះទារកទៅលើដី មុននឹងចាប់ផ្ដើម«ទាត់ធាក់»ទារកយ៉ាងខ្លាំងក្លា។ គេហទំព័រចិនបានបន្ថែមទៀតថា បន្ទាប់ពីទាត់ធាក់ទារក ចេញទៅក្រៅទោងយន្ដ ដែលស្ថិតនៅជាន់ទី២៥រូចហើយ គេបានជឿជាក់ថា កុមារីបានបោះទារកចេញពីអាគារ។
ហេតុការណ៍ដ៏រន្ធត់នេះ ក៏ត្រូវបានសារព័ត៌មានរបស់ប្រទេសអង់គ្លេស ឈ្មោះ ដែល្លីមែល (Daily Mail) យកមកចុះផ្សាយឲ្យដឹងដែរថា ការភ្ញាក់ផ្អើលបានកើតឡើងភ្លាមៗនោះ ហើយដានស្នាមប្រឡាក់ទៅដោយឈាម ត្រូវបានរកឃើញយ៉ាងច្រើន នៅក្បែររូបរាងស្ដូកស្ដឹងរបស់ទារក។ ដែល្លីមែល បានបញ្ចាក់ថា បើទោះជាគេបានបញ្ជូនទារកទៅកាន់មន្ទីរពេទ្យ ដែលនៅជិតនោះយ៉ាងឆាប់រហ័សក៏ដោយ តែ យ័នយ័ន បានលាចាកលោកទៅហើយ ដោយសារតែទារកមិនអាចទ្រាំទ្របាន នឹងមុខរបួសដែលមានលើខ្លួន យ៉ាងដំណំនោះ។ ផ្ទុយទៅវិញ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ បានរាយការណ៍ថា ទារកនោះបានដឹងខ្លួនមកវិញ ហើយមានស្ថានភាពនៅនឹងនៅឡើយ។
របាយការណ៍របស់ ស៊ីនហួរ បានឲ្យដឹងទៀតថា ឪពុកម្តាយកុមារី ដែលមានត្រកូល លី បានផ្តល់សំណងទៅក្រុមគ្រួសារទារក ចំនួន៥៨ពាន់យន់រួចហើយ តាមរយៈនគរបាល។
ឪពុកកុមារី បានបដិសេធថា កូនស្រីរបស់គាត់ មិនបានបោះទារកចេញពីរាលហាល នៃជាន់ទី ២៥ នោះទេ ហើយថាកូនស្រីរបស់គាត់ ជាអ្នកស្រឡាញ់កូនក្មេង និងសត្វមួយរូប។ ប៉ុន្តែបញ្ហាខាងលើ ទំនងអាចបណ្ដាលមកពី «បញ្ហទំនាក់ទំនង»។ នៅពេលលោកសួរកូនស្រីលោកថា តើហេតុអី បានជានាងវាយទារក កុមារីឆ្លើយថា មកពីទារកសម្លក់ និងដូចជាបានបង្ហាញការខឹងសម្បារដាក់នាង។
រីឯការស៊ើបអង្កេតរបស់នគរបាល បានបង្ហាញថា នាងប្រហែលជាបានទាត់ ទារកនោះមែន ប៉ុន្តែទំនងជា«មិនមានចេតនា បោះទារកនោះចេញពីរាលហាល»ឡើយ។ សូមបញ្ជាក់ដែរថា កុមារីមិនត្រូវបានគេឃុំខ្លួនទេ ដោយសារនាងជាអនិតិជន តែត្រូវបានគ្រួសារនាង ជម្លៀសនាងឲ្យទៅរស់ក្នុងខេត្តមួយផ្សេងទៀត ជាមួយម្ដាយរបស់នាង។
សូមទស្សនាវីដេអូនេះ (តែហាមកុមារអាយុក្រោម១៦ឆ្នាំ ឬអ្នកដែលមានអារម្មណ៍មិននឹងនរ ទស្សនា)៖
--------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ