រំឮកព័ត៌មាននានា ជុំវិញ«ដំណើរវិលចូលកម្ពុជាវិញ»របស់ សម រង្សី
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: July 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សភាពការនយោបាយក្នុងស្រុក និងក្រៅស្រុក ហាក់បីដូចជារំជើបជម្ជួលប្លែកពីធម្មតា នៅពេលមានលេចឮព័ត៌មានថា លោកសម រង្សីនឹងវិលត្រឡប់ចូលស្រុកវិញមុនថ្ងៃបោះឆ្នោតខាងមុខ។
លោក សម រង្សី នៅពេលជួបជាមួយបណ្ដាអ្នកគាំទ្ររបស់លោក។ (រូបថត facebook.com/rainsy.sam.5)
ដើម្បីជ្រាបច្បាស់ពីបញ្ហានេះ មនោរម្យព័ងអាំងហ្វូសូមរម្លឹកព្រឹត្តិការណ៍មួយចំនួន ក្នុងរយៈកាលកន្លងមក ទាក់ទងនឹងព្រឹត្តិការណ៍នេះដូចតទៅ៖
១-សន្ទស្សន៍នៃការគាំទ្ររបស់ប្រជាពលរដ្ឋ មានភាពខុសប្លែកពីឆ្នាំមុនៗ
ឆ្នាំនេះគេសង្កេតឃើញមានការចូលរួម ពីក្រុមយុវជនយ៉ាងច្រើនកុះករ ដែលជាចំណាប់អារម្មណ៍មួយថ្មី ធ្វើឲ្យលោកសម រង្សី មេដឹកនាំគណបក្សប្រឆាំង កំពុងនិរទេសខ្លួន និងជាទណ្ឌិតនៅក្រៅប្រទេសនោះ បានបង្ហាញនូវឆន្ទៈផ្ទាល់ចំពោះបញ្ហាប្រឈមនានា និងភាពមិនរួញរា ចំពោះការចាប់ខ្លួនរបស់លោកពីសំណាក់តុលាការនោះ។
២-ការរិះគន់រដ្ឋាភិបាលកម្ពុជា ពីសំណាក់ក្រសួងការបរទេសអាមេរិក
ប៉ុន្មានខែកន្លងមកនេះក្រសួងការបរទេសអាមេរិកបាន បានថ្លែងរិះគន់បន្តបន្ទាប់គ្នា ដល់រដ្ឋាភិបាលកម្ពុជាចំពោះអវត្តមានក្នុងការបោះឆ្នោត របស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងដ៏ធំនៅកម្ពុជា ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដើម្បីគេចពីការចាប់ខ្លួន ដែលគេចាត់ទុកជាថា«ជារឿងនយោបាយ» ព្រមទាំងការបណ្តេញសមាជិកសភានៃក្រុមគណបក្សប្រឆាំង ចេញពីរដ្ឋសភាកម្ពុជាផងដែរ។
៣-សភាអាមេរិកកាត់បន្ថយនឹងជំនួយ បើគ្មាន អវត្តមាន លោក សម រង្សី នៅថ្ងៃបោះឆ្នោត
អនុគណៈកម្មាធិការរបស់សភាអាមេរិកទទួលបន្ទុក តំបន់អាស៊ី និងប៉ាស៊ីហ្វិក បានបើកកិច្ចប្រជុំមួយក្រោយពីទទួលបានរបាយការណ៍ស្តីពី «កំរិតនៃតម្លាភាពក្នុងការបោះឆ្នោត»នាថ្ងៃទី២៨ខែ កក្កដា របស់ស្ថាប័នជំនាញសិក្សាស្រាវជ្រាវរបស់សភាអាមេរិក (U.S. Congressional Research Service) ព្រមទាំងសេចក្តីសម្រេចមួយរបស់ព្រឹទ្ធសភាអាមេរិក ដែលបានអំពាវនាវឲ្យមាន ការកាត់បន្ថយជំនួយប្រចាំឆ្នាំរបស់អាមេរិក មកកម្ពុជាព្រោះតែវិបត្តិសង្គម និងនយោបាយ។ ការលើកឡើងនេះ ព្រោះតែមានការពាក់ព័ន្ធនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រព័ន្ធតុលាការ ប្រព័ន្ធផ្សព្វផ្សាយ ការសម្លាប់ក្រៅច្បាប់ ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ការរីកសាយនៃអំពើពុករលួយ ការរឹបអូសដីធ្លីពលរដ្ឋ ការកាប់បំផ្លាញព្រៃឈើសហគមន៍។
លោក លីនស៊ី ហ្គ្រាហាំ (Lindsey Graham) និងលោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) សមាជិកព្រឹទ្ធសភាអាមេរិក បានចេញសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី៧ ខែមិថុនា ស្នើឲ្យមានការផ្តាច់ជំនួយផ្ទាល់ទាំងអស់ពីកម្ពុជា និងកាត់បន្ថយជំនួយអភិវឌ្ឍន៍ផ្សេងៗទៀត ប្រសិនបើក្រសួងការបរទេសអាមេរិក រកឃើញថាការបោះឆ្នោតនាពេលខាងមុខនេះ «គ្មានការប្រកួតប្រជែងដោយយុត្តិធម៌»នោះ។
ការកាត់បន្ថយនេះ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ថ្លែងមិនបានចាប់អារម្មណ៍នោះទេ។
៤-អ្នកគាំទ្របក្សសង្គ្រោះជាតិ ស្នើរឲ្យអាមេរិចអន្តរាគមន៍លោក សម រង្ស៊ី មកកម្ពុជា
ប្រធានមូលនិធិសង្គ្រោះជាតិកម្ពុជា(Cambodia National Rescue Foundation) លោក ទូច វិបុល ជាអង្គការមួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក សម្រាប់ផ្តល់ថវិកាដល់គណបក្សសង្គ្រោះជាតិនៅកម្ពុជា នឹងធ្វើការតវ៉ាមួយនៅព្រឹកថ្ងៃសុក្រ នៅមុខសេតវិមានដើម្បី អំពាវនាវឲ្យប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ដាក់ សម្ពាធមកលើគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចឲ្យធានាថាការ បោះឆ្នោតជាតិនៅថ្ងៃទី២៨ខែកក្កដានេះប្រព្រឹត្តទៅដោយសេរី និង យុត្តិធម៌ និងអនុញ្ញាតឲ្យមេដឹកនាំគណបក្សរបស់ខ្លួន លោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព។ ក្នុងការតវ៉ានេះស្នើឲ្យរដ្ឋាភិបាលកម្ពុជា គោរពច្បាប់ និងរៀបចំការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌។ ជាពិសេសស្នើឲ្យលោកសម រង្ស៊ី វិលមកកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។
៥-ការកំណត់ថ្ងៃលោក សម រង្សី ចូលមកកម្ពុជា
អ្នកពាក្យគណបក្សសង្គ្រោះជាតិលោកយឹម សុវណ្ណ បានបង្ហាញថា លោកសម រង្ស៊ី នឹងមកកម្ពុជាតាមការគ្រោងទុក ប៉ុន្តែនៅមិនទាន់កំណត់ពេលវេលាជាក់លាក់នោះទេ។ លោក ក៏បានបដិសេធចំពោះព័ត៌មានដែលថាលោកសម រង្ស៊ី នឹងត្រឡប់មកនៅថ្ងៃទី១៩ ឬ២០ ខែកក្កដាខាងនេះដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃពុធនេះបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើការផ្សព្វផ្សាយដោយដកស្រង់ ប្រភពពីមន្រ្តីគណបក្សសង្រ្គោះជាតិថា លោក សម រង្ស៊ី នឹងវិលត្រឡប់ចូលមកប្រទេសវិញនៅថ្ងៃទី១៩ ឬថ្ងៃទី២០ ខែកក្កដា ខាងមុខ ដោយមានក្រុមអ្នកគាំទ្រ រង់ចាំទទួលនៅព្រលានយន្តហោះ។ លោកសម រង្សី ត្រូវបានតុលាការកាត់ទោសកំបាំងមុខ ឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ជុំវិញបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
៦- ការប្រែប្រួលតាមច្រកព្រំដែន
ដោយមានព័ត៌មានថា លោក សម រស្សី នឹងមានវត្តមាននៅកម្ពុជា មុនថ្ងៃបោះឆ្នោតនោះ មន្រ្តីបន្តោប្រវេសណ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានធើ្វការរឹតបណ្តឹងសន្តិសុខ និងធ្វើការត្រួតពិនិត្យរាល់រថយន្តដឹកជញ្ជូន ធ្វើការឆែកឆេរនិងពិនិត្យ យ៉ាងម៉ត់ចត់មិនមានការលើកលែងឡើយ ចាប់តាំងពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ មក។ តែទោះជាយ៉ាងនេះក្តី មន្ត្រីនរគបាលអន្តោប្រវេសន៍បានបង្ហាញថាការរឹតបន្តឹងនេះ ជាករណីដើម្បីសន្តិសុខជាតិតែប៉ុណ្ណោះ។
៧- ប្រតិកម្ម របស់សភាអាមេរិក និងអន្តរសភារបស់អ៊ឺរ៉ុប
នៅថ្ងៃអង្គារ ទី៩ ខែកក្កដា នៅរដ្ឋធានីវ៉ាស៊ីនតុន គណៈកម្មាធិការសភាសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការបរទេស បានរៀបចំកិច្ចប្រជុំមួយ ស្តីពី«វិបត្តិនយោបាយ និងសង្គម នៅកម្ពុជា» ដោយមានការឆ្លើយបំភ្លឺរបស់ តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) តំណាងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងតំណាងអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ពីប្រទេសកម្ពុជានោះផង។
ក្នុងថ្ងៃអង្គារនេះដដែល អន្តរសភារបស់សហភាពអឺរ៉ុប ក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ទាមទារឲ្យលោក សម រង្ស៊ី ចូលប្រទេសវិញប្រកបដោយសេរីភាពពេញលេញនោះដែរ។
សេចក្ដីថ្លែងការណ៍ និងប្រតិកម្មរបស់ក្រុមប្រទេសទាំងនេះ ត្រូវបានច្រានចោលដោយមន្ត្រីអ្នកនាំពាក្យនៃរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ដោយចាត់ទុកថា នោះជាការលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជាប្រទេសមានអធិបតេយ្យភាពពេញលេញ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១១ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ