អ្នក​ភូមិ​បឹង​កក់​ដាក់​ញ្ញតិ​សុំ​តុលាការ​កំពូល និង​ក្រសួង​យុត្តិធម៌​ពន្លឿន​ករណី យ៉ោម បុបា្ផ

រហូតមកដល់ពេលនេះ តុលាការកំពូលមិនទាន់មានចំណាត់ការបន្តលើកករណី អ្នកស្រី យ៉ោម បុប្ផា នៅឡើយទេ។ ករណីនេះ បានជម្រុញឲ្យអ្នកភូមិបឹងកក់ ប្រមាណជាហាសិប(៥០)នាក់ កាលពីព្រឹកមិញបានយកញ្ញតិមកដាក់នៅតុលាការកំពូល និងក្រសួងយុត្តិធម៌ ក្នុងគោលបំណងជម្រុញស្ថាប័ន ទាំងពីរនេះពន្លឿននីតិវិធី។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: July 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រហូតមកដល់ពេលនេះ តុលាការកំពូលមិនទាន់មានចំណាត់ការបន្តលើកករណី អ្នកស្រី យ៉ោម បុប្ផា នៅឡើយទេ។ ករណីនេះ បានជម្រុញឲ្យអ្នកភូមិបឹងកក់ ប្រមាណជាហាសិប(៥០)នាក់ កាលពីព្រឹកមិញបានយកញ្ញតិមកដាក់​នៅ​តុលាការកំពូល និងក្រសួងយុត្តិធម៌ ក្នុងគោលបំណងជម្រុញស្ថាប័ន ទាំងពីរនេះពន្លឿននីតិវិធី។


កូនប្រុសអ្នកស្រី យោម បុប្ផា និងអ្នកភូមបឹងកក់ ដែលទាមទារឲ្យគេដោះលែងម្ដាយខ្លួន នៅមុខសាលារាជធានី។ (រូបថត MONOROOM.info/ U. Bory)

លោក លួស សាខន ជាស្វាមីរបស់អ្នកស្រី យ៉ោម បុប្ផា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា៖ «ការកាត់ក្តី​ភរិយារបស់លោក មានភាពមិនប្រក្រដីជាច្រើន តាំងពីសាលាតំបូងរាជធានីភ្នំពេញ រហូតដល់សាលាឧទ្ធរណ៍»។ លោក​បានសង្កត់ធ្ងន់ថា៖ «គ្នានភាពយុត្តិធម៌នោះទេ នៅក្នុងការកាត់ក្តីភរិយារបស់លោក»។

សូមរម្លឹកថា សំណុំរឿងអ្នកស្រី យ៉ោម បុប្ផា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់​ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់សរុប៦០ លានរៀល កាលពីខែធ្នូ ឆ្នាំ២០១២ ក្នុងបទចោទថាបានរួមដៃជាមួយប្អូន ព្រួតគ្នាវាយលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់ ឲ្យរបួសបែកក្បាល កាលពីដើមខែសីហា ឆ្នាំ២០១២ កន្លងមក។

ហើយសំណុំរឿងដដែលនេះ ក៏ត្រូវបានសាលាឧទ្ធរណ៍លើកយកមកជំនុំជម្រះកាលខែមិថុនា ឆ្នាំ២០១៣ ហើយសម្រេច​ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់២០លានរៀលដល់ជនរងគ្រោះ។

ក្នុងករណី អ្នកស្រី យ៉ោម បុប្ផា នេះ ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ លោក អំ សំអាត បាន​ពន្យល់​ថា៖ «ករណីនេះតុលាការបានសម្រេចក្តី ដោយមិនទាន់មានភស្តុតាងគ្រប់គ្រាន់ក្នុងការបន្ទុកលើជនសង្រ័យ»។ លោក បន្តថា តុលាការបានកាត់សេចក្តី ដោយមិនមានភាពស៊ីសង្វាក់ ទៅនឹងនីតិវិធីរបស់ច្បាប់។

ផ្ទុយទៅវិញ លោក អំ សំអាត បានលើកយកករណីលោក ឈូក បណ្ឌិត មកពន្យល់ថា លោក ឈូក បណ្ឌិត ជាជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដោយដកកាំភ្លើងបាញ់សំដៅលើ កម្មកររោងចក្រ មានសាក្សី មាន​សមត្ថកិច្ច និងភស្តុតាងគ្រប់គ្រាន់។ លោក បន្តថាតែតុលាការហាក់ដូចជាមានការស្ទាក់ស្ទើរ ក្នុងការចាត់វិធានការ ដោយ​គ្រាន់តែចោទប្រកាន់លោក ឈូក បណ្ឌិត ពីបទបង្ករបួសស្មាមដោយអចេតនា និងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ដប់ប្រាំបី(១៨)ខែប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ លោក ឈូក បណ្ឌិត មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ។

សំណុំរឿងលោក ឈូក បណ្ឌិត អ្នកច្បាប់ និងក្រុមអង្គការសង្គមស៊ីវិលបានពន្យល់ថា ជាបទល្មើសប៉ុនប៉ងមនុស្សឃាត ដែលត្រូវផ្តន្ទាទោសធ្ងន់ធ្ងរជាងនេះ។

នាពេលថ្មីៗនេះ អង្គការតម្លាភាពអន្តរជាតិ បានចេញផ្សាយនូវរបាយការណ៍មួយ រកឃើញថា កម្ពុជាមានស្ថាប័នសំខាន់ៗ​ចំនួនបួន(៤) ដែលមានការជាប់ពាក់ព័ន្ធ ទៅនឹងករណីអំពើពុករលួយធ្ងន់ធ្ងរជាងគេ ក្នុងនោះក៏មានស្ថាប័ន​តុលាការ​ផង​ដែរ។ ប៉ុន្តែរបាយរណ៍នេះ ត្រូវបានច្រានចោល ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្រតិកម្មតបរបស់លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ចំពោះការកាត់ទោសលោកស្រី យ៉ោម បុប្ផា នេះត្រូវបានមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការលើកលែងទោស​អន្តរជាតិ ចោទប្រកាន់តុលាការថា កាត់សេចក្តីមិនយុត្តិធម៌ និងស្មើរឲ្យមានការដោះលែងជាបន្ទាន់។

លោក ហម សុនរិទ្ធិ ជាមេធាវីរបស់អ្នកស្រី យ៉ោម បុប្ផា មិនបានអត្ថាធិប្បាយលំអិតអំពីសំណុំរឿងនេះទេ ដោយលោក​បញ្ជាក់ថាកំពុងជាប់រវល់។ អ្នកស្រី យ៉ោម បុប្ផា មានអាយុ២៩ឆ្នាំ និងមានកូនប្រុសម្នាក់អាយុ៩ឆ្នាំម្នាក់ ហើយបើគិត​មក​ដល់ថ្ងៃនេះ អ្នកស្រីបានជាប់ពន្ធនាគារចំនួន៣១១ថ្ងៃហើយ នេះបើយោងតាមមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា។

អង្គការសង្គមស៊ីវិលមួយចំនួន បានចាត់ទុកថាការចាប់ខ្លួន និងការសម្រេចឃុំខ្លួនអ្នកស្រី យ៉ោម បុប្ផា ពីសំណាក់អាជ្ញាធរ និងតុលាការនេះ ជាការគម្រាម ក្នុងគោលបំណងបំបាក់ស្មារតីអ្នកតវ៉ារឿងដីធ្លី។ ព្រោះកន្លងមកអ្នកស្រី យ៉ោម បុប្ផា ជា​សកម្មជនដីធ្លីម្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការតវ៉ាបញ្ហាដីធ្លីនៅតំបន់បឹងកក់ដ៏ចម្រូងចម្រាស៕

-------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...