កម្ពុជា៖ ការ​យាង​ចូល​ក្នុង​ឆាក​នយោបាយ​សារ​ជា​ថ្មី របស់​ទ្រង់​រណឫទ្ធិ?

ក្នុងនៅព្រឹកថ្ងៃច័ន្ទទី១១ខែមិនានេះ មានព័ត៌មានថាព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ នឹងយាងប្រឡូកក្នុងឆាកនយោបាយ សារជាថ្មី ជាមួយគណបក្សសង្រ្គោះជាតិ ក្នុងឆ្នាំ២០១៣ខាងមុខនេះ។ ព័ត៌មាននោះ ថែមទាំងបានបញ្ជាក់ថា ព្រះរាជបុត្រ របស់អតីតព្រះមហាក្សត្រ អង្គនេះ នឹងទទួលបានតំណែង ជា«ព្រះប្រធានកិត្តិយស» នៃគណបក្ស ដែលកើតឡើងពី ការ​ច្របាច់បញ្ចូលគ្នារវាង លោកសម រង្សី និងលោក កឹម សុខា។ ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ លោក យឹម សុវណ្ណ អ្នកតំណាងរាស្រ្តមកពីគណបក្សសម រង្សី បានទទួល​ស្គាល់ថា ពិតជា ...
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ នឹងក្លាយជា «ប្រធានកិត្តិយស» នៃគណបក្សសង្រោះជាតិ ជាព័ត៌មាន ដែលត្រូវបានធ្វើ​អោយលេចលឺឡើង ហើយបានធ្វើអោយមានមន្ទិល អំពីជីវិតនយោបាយ ដូចអំពិលអំពែករបស់ទ្រង់។


ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង នៃព្រះបុរមសពនរោត្ដម សីហនុ។ រូបថត wikimedia.org

ក្នុងនៅព្រឹកថ្ងៃច័ន្ទទី១១ខែមិនានេះ មានព័ត៌មានថាព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ នឹងយាងប្រឡូកក្នុងឆាកនយោបាយ សារជាថ្មី ជាមួយគណបក្សសង្រ្គោះជាតិ ក្នុងឆ្នាំ២០១៣ខាងមុខនេះ។ ព័ត៌មាននោះ ថែមទាំងបានបញ្ជាក់ថា ព្រះរាជបុត្រ របស់អតីតព្រះមហាក្សត្រ អង្គនេះ នឹងទទួលបានតំណែង ជា«ព្រះប្រធានកិត្តិយស» នៃគណបក្ស ដែលកើតឡើងពី ការ​ច្របាច់បញ្ចូលគ្នារវាង លោកសម រង្សី និងលោក កឹម សុខា។

ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ លោក យឹម សុវណ្ណ អ្នកតំណាងរាស្រ្តមកពីគណបក្សសម រង្សី បានទទួល​ស្គាល់ថា ពិតជាមានព័ត៌មានយ៉ាងនេះមែន។ តែមកទល់នឹងពេលនេះ លោកពុំទាន់បានទទួលការបញ្ជាក់ ឬលិខិត​ស្នាម​អ្វី​ជាផ្លូវការ ពីព្រះទ្រង់រណឫទ្ធិនោះទេ។

ការ«បង្ហោះប៉េតប៉ោង»សាកល្បងមើល?

អ្នកវិភាគសង្គម លោក ឡ៉ៅ ម៉ុងហៃ យល់ថា បើករណីនេះជាការពិត នោះជាការកែប្រែនូវចិត្តគំនិតរបស់ព្រះអង្គ ដែល​លើក​ឡើងថា «ឈប់ធ្វើនយោបាយហើយ»។ លោកបន្តថាបើមានការចូលរួមមែន ចំពោះគរណបក្សសង្គ្រោះជាតិ អាចនឹង​ត្រូវ​បាន«ជួយពង្រឹង» ដោយសារតែព្រះអង្គមានគេឯងស្គាល់ច្រើន។ តែអ្នកវិភាគរូបនេះ បានបញ្ជាក់មកដែរថា វាក៏អាចជា​«ផលវិបាក» សម្រាប់គណបក្សថ្មីដែរ។ ព្រះអង្គម្ចាស់ធ្លាប់តែ«ដឹកនាំគេ» ដល់ពេលចូលរួមជាមួយគេ ហើយត្រូវ​«គេដឹកនាំ»​វិញនោះ ជាការពិបាកបន្តិច។ «ជាពិសេសនោះ ទ្រង់ធ្លាប់មានការថ្នាំងថ្នាក់ ជាមួយលោកសមរង្សីទៀត អាចជាបញ្ហា​ប្រទាំង​ប្រទើសខ្លះ»។

សម្រាប់លោក ឡៅ ម៉ុងហៃ ព័ត៌មាននេះ ជាការ«បង្ហោះប៉េតប៉ោង»សាកល្បងមើល ថាតើមានប្រតិកម្មយ៉ាងណា? «នេះ​ជា​ការកេងចំណេញនយោបាយ ដែលជម្រុញឲ្យគណបក្សទាំងនោះឈ្លោះគ្នា»។

រីឯអ្នកនាំពាក្យគណបក្សហ្វុនស៊ីនប៉ិច លោក ទុំ សម្បុរ បានអះអាងដោយមុតមាំថា សម្តេចក្រុមព្រះ នឺងមិនទៅរួមរស់​ជា​មួយ គណបក្សសង្រ្គោះជាតិនោះទេ។ តែបើទោះជាមានការសម្រេចចិត្ត របស់ទ្រង់បែបនេះពិតមែន ក៏«ចំពោះ​គណបក្ស​ហ្វុនស៊ីនប៉ិច មិនមានអ្វីជា«ការប្រទាំងប្រទើសនោះទេ»ដែរ។

គោលជំហរ និងការសន្យារបស់អ្នកនយោបាយខ្មែរ

មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋលេខាធិការ ទីស្ដីការគណរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានថ្លែងថា សម្តេចក្រុមព្រះ​គ្មាន​អ្វី ដែលជា«ទម្ងន់» សម្រាប់ធ្វើឲ្យមាន«ប្រជាប្រិយ» ក្នុងការទទួលបានសន្លឹកឆ្នោតទេ។ តែអ្វីដែលជាការ​សោកស្តាយ​នោះ សម្តេចក្រុមព្រះ ទ្រង់«ក្បត់នឹងសច្ចា»របស់លោក ដែលថាឈប់ធ្វើ«នយោបាយ» ទៅជួយគាំទ្រព្រះរាជបល្ល័ង្គ។ លោក​យល់ថាបើទ្រង់ធ្វើនយោបាយ នាំឲ្យមានភាពល្អក់កករ ក្នុងរាជបល្ល័ង្គង និងជាការប្រាសចាកពីអ្វី ដែលទ្រង់ធ្លាប់បានគិត «យើងត្រូវការពង្រឹងរាជបល្ល័ង្គ ច្រើនជាងអ្នកនយោបាយ ដើម្បីរក្សាឯកភាពជាតិ»។

ទាក់ទងនឹងផ្លាស់ប្ដូរ ពាក្សសច្ចារបស់អ្នកនយោបាយ លោកឡៅ ម៉ុងហៃយល់ថា មិនជាការល្អទេចំពោះសាធារណៈជន។ ម្យ៉ាងទៀត ព្រះរាជបុត្រពីរអង្គ ធ្វើនយោបាយក្នុងគណបក្សពីរផ្សេងគ្នា វានឹងរឹតតែបង្ហាញអោយឃើញ ពីការបែកបាក់​នោះ​ថែមទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងមន្ត្រីរដ្ឋាភិបាល មន្ត្រីគណក្សនយោបាយ និងទាំងអ្នកវិភាគផង សុទ្ធតែបានថ្លែងដូចគ្នា ថា​នោះជា«សិទ្ធនយោបាយបុគ្គល» ដែលព្រះអង្គម្ចាស់នរោត្តមរណឬទ្ធិ ចង់ជ្រើសរើសគណបក្សណាមួយ បើទោះជារាស្ត្រ ឬរាជវង្សនោះក៏ដោយ។

មនោរម្យព័ងអាំងហ្វូ មិនអាចសុំការបញ្ជាក់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទេ នៅរសៀលថ្ងៃច័ន្ទនេះ ពាក់ពន្ធ័នឹង​ការយាងចូល ក្នុងឆាកនយោបាយរបស់ព្រះអង្គសាជាថ្មីនេះ។ តែអ្នកនាំពាក្យរបស់ទ្រង់ លោក ប៉ែន សង្ហា ដែល​ស្រង់​សម្ដី​ដោយវិទ្យុបារាំងអន្តរជាតិ បាន​បដិសេធ​ នូវ​ព័ត៌មាន​ដែល​មាន​លេចឮ​ថា សម្តេច​ក្រុម​ព្រះ នរោត្តម រណប្ញទ្ធិ ​ទៅ​ចូលរួម​ជា​មួយ​គណបក្ស​សង្គ្រោះជាតិ​ខាងលើ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បច្ចុប្បន្នទ្រង់គង់ជាព្រះប្រធាន«ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ»។ ក្នុងខែសីហា ឆ្នាំ២០១២ កន្លងទៅនេះ ព្រះអង្គក៏បានលាឈប់ពីតំណែង ជាព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ ព្រមទាំងបានបដិសេធថា ព្រះអង្គ​នឹងមិនចូលរួមធ្វើនយោបាយទៀតនោះឡើយ។ ព្រះអង្គបានប្រកាសបន្ថែមថា ព្រះរាជវង្សានុវង្ស មិនគួរធ្វើនយោបាយទេ ហើយព្រះរាជវង្សានុវង្ស ត្រូវស្ថិតនៅជុំវិញព្រះបរមរាជវាំង តាមដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ៕

--------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១១ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...