សម រង្ស៊ី ហៅក្រុមក្លែងលិខិតលោក ថាជាជន«យ៉ាប់»
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 14, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងហោចណាស់ មានលិខិតចំនួនពីរ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ស្និតនឹងរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា យកមកផ្សាយ ដោយសុទ្ធតែអះអាងថា លិខិតទាំងនោះ ជាលិខិតផ្ទៃក្នុង របស់គណបក្សសង្គ្រោះជាតិ ដែលចុះហត្ថលេខា ដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សនេះ។ បន្ទាប់ពីត្រូវបានអ្នកនាំពាក្យគណបក្ស អះអាងជាផ្លូវការ ថាសុទ្ធសឹងជាលិខិតក្លែងក្លាយរួច លិខិតទាំងនោះ ក៏ត្រូវបានអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ខ្លួនលោកផ្ទាល់ ច្រានចោលដូចគ្នា និងថែមទាំងបានហៅ ក្រុមអ្នកនៅពីក្រោយ លិខិតក្លែងក្លាយទាំងនោះ ថាជាក្រុមជនថោកទាប គ្មានយុទ្ធសាស្ត្រ និងមានលក្ខណៈ«យ៉ាប់ណាស់»។
លោក សម រង្ស៊ី បានប្រតិកម្មដូច្នេះ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈកន្លងមក និងបានអំពាវនាវ ទៅឲ្យកាន់ពលរដ្ឋកម្ពុជា កុំឲ្យតម្លៃមនុស្ស ដែលប្រើ«ល្បិចថោកទាបបែបនេះ»។ លោក បានថ្លែងឡើងថា៖ «ល្បិចនេះ ល្បិចថោកទាប ល្បិចប្រឌិត ក្លែងបន្លំឯកសារ។ គឺថាម្ខាងទៀតនោះ គេទាល់ច្រក មិនដឹងប្រើយុទ្ធសាស្ត្រអ្វី គ្មានយុទ្ធសាស្ត្រអ្វីច្បាស់លាស់ គឺប្រើតែល្បិចថោកទាប ក្លែងបន្លំប្រឌិតឯកសារ យកឈ្មោះខ្ញុំ យកហត្ថលេខាខ្ញុំ យកទៅបិត យកទៅប៉ះ យកទៅកាត់ត។ យ៉ាបណាស់!»។
លិខិតក្លែងក្លាយទាំងនោះ ក៏ត្រូវបានមន្ត្រីរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រជាជកម្ពុជា យកមកបង្ហោះនៅលើបណ្ដាញសង្គម ដោយធ្វើមិនដឹងមិនឮ ពីការបដិសេធរបស់គណបក្សប្រឆាំង និងថែមទាំងអះអាង ម្ដងហើយម្ដងទៀត ថាជាឯកសារពិត។ លោក ហ៊ុន ម៉ានិត កូនប្រុសលោក ហ៊ុន សែន ក៏ជាមនុស្សម្នាក់ ដែលយកលិខិតទីមួយ មកបង្ហោះដែរ ហើយបានសរសេរធ្វើអាត្ថាធិប្បាយ ជាភាសាអង់គ្លេសថា លោកមានការភ្ជាក់ផ្អើលណាស់ នៅពេលឃើញលិខិតនេះ។
រីឯលោក ជុំ កុសល ទីប្រឹក្សានាយករដ្ឋមន្ត្រីវិញ បានសរសេរអម នឹងលិខិតក្លែងក្លាយនេះ តាមបែបអុចអាលថា៖ «ទៅណាឆ្ងាយ ? ប្តីលាលែង ស្នើសុំដាក់ប្រពន្ធអីចឹងទៅ ! សំខាន់ មិនដឹងថា តើលោកអនុប្រធានឈឺចិត្តយ៉ាងណាទេ?»។
ប្រព័ន្ធ«គ្រួសារនិយម»...
លិខិតមួយ ពីក្នុងចំណោមនោះ បានសរសេរចង់ឲ្យគេយល់ថា លោក សម រង្ស៊ី បានកំហិតទៅកាន់លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ដើម្បីដាក់ភរិយាលោក សម រង្ស៊ី គឺអ្នកស្រី ជូឡុង សូមូរ៉ា ឲ្យជំនួសតំណែងប្រធានគណបក្ស នៅបន្ទាប់ពីលោក បានលាលែងពីតំណែង។ រីឯលិខិតមួយទៀត ដែលសរសេរនៅខាងលើក្បាល ដាក់ថា «សំងាត់បំផុត» ក៏បានបញ្ជាក់ដែរថា លោក សម រង្ស៊ី បានស្នើឲ្យមានការវិលត្រឡប់ ទៅកាន់តំណែង ជាប្រធានគណបក្ស សម រង្ស៊ី វិញ។
ប៉ុន្តែលោក សម រង្ស៊ី បានបដិសេធថា លោកមិនដែល«នឹកគិត» ថាលោកចង់ឲ្យភរិយា ឬកូនចៅរបស់លោក ចូលទៅដណ្ដើមតំណែងអ្វីមួយ នៅក្នុងជួរថ្នាក់ដឹកនាំ របស់គណបក្សសង្គ្រោះជាតិនោះទេ ដែលខុសពីលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទើបនឹងតែងតាំងកូនប្រុសខ្លួន កាលពីប៉ុន្មានថ្ងៃមុន ឲ្យមានតំណែងធំ នៅក្នុងគណៈកម្មាធិការត្រួតពិនិត្យ ក្នុងគណបក្ស។
អតីតប្រធានគណបក្សប្រឆាំងធំជាងគេ បាននិយាយ «ផ្លែផ្កា» ដាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះថា៖ «ខ្ញុំគ្មានដែលមានបំណង គ្មានដែលនឹកឃើញ ថាត្រូវយកភរិយាខ្ញុំ ឬយកកូនខ្ញុំ មកជំនួសខ្ញុំ មិនដែលទាល់តែសោះ។ ខ្វះអីអ្នកចេះដឹង នៅស្រុកខ្មែរ បញ្ញាវ័ន្ដ គេស្រឡាញ់ជាតិ ដែលគេមានឧត្ដមគតិជាតិខ្ពង់ខ្ពស់ គេមានចំណេះវិជ្ជា គេមានបទពិសោធន៍ ខ្វះអី ច្រើនណាស់ មិនចាំបាច់យកកូនខ្លួន យកប្រពន្ធខ្លួន ក្រុមគ្រួសារខ្លួននោះទេ។ មិនមែនមានតែខ្លួន មានតែគ្រួសារខ្លួន ដែលគ្រាន់បើ ចុះខ្មែរជាង១៥លាននាក់ គេអត់កើតទេឬអី?»៕